ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋកំពុងតែប្រមូលអនុផលព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នខេត្តឧត្តរមានជ័យ នារដូវវស្សានេះប្រជាពលរដ្ឋរស់នៅជុំវិញតំបន់ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន កំពុងនាំគ្នាប្រមូលផល ផ្សិតប៉ក់ ផ្សិតក្ងោក ផ្សិតធ្យូង និងផ្សិតផ្សេងៗមួយចំនួនទៀត បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំដែលធ្វើឱ្យផ្សិតទាំងនោះដុះពាសពេញព្រៃ ។ នេះបើយោងតាមផេកក្រសួងបរិស្ថានចេញផ្សាយនាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ។
តាមសម្ដីប្រជាពលរដ្ឋដែលចូលទៅរកផ្សិតបានអោយដឹងថា ផ្សិតទាំងនោះដុះនៅក្នុងព្រៃ តំបន់ដីខ្សាច់ និងក្រោមដើមឈើធំៗ ឬក្រោមឈើងាប់ពុកផុយ ដែលដុះចាប់ពីខែឧសភា រហូតដល់ខែសីហា នៅក្នុងរដូវវស្សា ។
ការប្រមូលផលផ្សិតប៉ក់ យើងគ្រាន់តែយកស្លាបព្រាបាយ ឬឧបករណ៍ផ្សេងៗ កាយដី ឬឆូតដី ដើម្បីរកវា ។ ក្នុងមួយថ្ងៃប្រជាពលរដ្ឋម្នាក់ អាចរកផ្សិតប៉ក់បានជាមធ្យមចាប់ពី ១,៥គីឡូក្រាម ទៅ ៤គីឡូក្រាម ហើយអាចលក់បានក្នុងតម្លៃចាប់ពី ២៥ ០០០៛ ទៅ ៣០ ០០០៛ ក្នុង១គីឡូក្រាម ។
ផ្សិតប៉ក់មិនត្រឹមតែអាចធ្វើជាម្ហូប ឆា ស្ងោរ ស្ល សម្រាប់បរិភោគប្រកបដោយឱជារសនោះទេ យោងតាមការផ្សាយ(Natural resources at my Village, 2015) វាក៏បានដើរតួនាទីជួយ ទ្រទ្រង់រាងកាយរបស់យើង ជំនួយកម្លាំង ជួយឃាត់ឈាម ផ្សះស្នាមរបួស បន្ថយអាការៈហើមជាំ កាត់បន្ថយការមានរោគរមាស់ដៃជើង និងជួយបន្ថយគ្រុនក្ដៅក្នុងខ្លួន ។ ដោយកន្លងមក ប្រជាជនបានក៏បានប្រមូលផលពីផ្សិតនេះបានជាហូរហែផងដែរ ៕
ចែករំលែកព័តមាននេះ