រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាមិនត្រូវបណ្ដោយគេចូលមកប្រើប្រាស់តំបន់ដែលមិនទាន់ឯកភាពគ្នាបង្កើតបានជាភាពជាក់ស្ដែងនោះយើងនឹងពិបាកនិយាយជាមួយគេណាស់ ។ នេះ បើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៤ មិថុនា ឆ្នាំ២០២០ នៅគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផានបានបញ្ជាក់ថា «ចំពោះសមត្ថកិច្ចមិនអនុញ្ញាតឲ្យមានសកម្មភាពណាមួយនៅលើតំបន់ដែលមិនទាន់ឯកភាពគ្នា ពីព្រោះគេបង្កើតនូវអ្វីទៅដែលគេហៅថា ភាពជាក់ស្ដែងដែលគេប្រើប្រាស់ កាលណាយើងបណ្ដោយឲ្យគេប្រើប្រាស់បង្កើតបានភាពជាក់ស្ដែង យើងនឹងពិបាកនិយាយជាមួយគេណាស់ ដូច្នេះសូមឲ្យប្រជាពលរដ្ឋចូលរួមក្នុងកិច្ចការពារថែរក្សាទឹកដី» ។
លោកលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលចង់បញ្ចប់ឲ្យមានព្រំដែនមួយដ៏ត្រឹមត្រូវដែលជាខ្សែព្រំដែនប្រកបដោយកិច្ចសហប្រតិបត្តិការ ព្រំដែនសន្តិភាព ព្រំដែនប្រកបដោយវិបុលភាព ។
រាជរដ្ឋាភិបាល មិនចង់បានព្រំដែនមួយដែលមានជម្លោះ ហើយដើម្បីកុំឲ្យមានជម្លោះ គឺយើងទាំងអស់គ្នាត្រូវយកចិត្តទុកខ្ពស់ចំពោះបូរណភាពទឹកដីយើងជាជំនាន់មួយដែលបញ្ចប់នូវអ្វីដែលជាប្រវត្តិសាស្ត្រអាក្រក់សម្រាប់កម្ពុជា ។
ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ បន្ទាប់ពីភាគីវៀតណាមបានបោះតង់ចំនួន ៣១កន្លែង នៅជាព្រំដែនស្រុកលើកដែក និងស្រុកកោះធំ ខេត្តកណ្ដាល ដែលនេះជាតំបន់មិនទាន់ឯកភាពគ្នាលើខ្សែបន្ទាត់ព្រំដែននៅឡើយទេ ។
ហើយការបោះតង់របស់ភាគីវៀតណាមនេះ គឺធ្វើឡើងក្រោមហេតុផលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។ កាលពីថ្ងៃទី១ មិថុនា ក្រសួងការបរទេសខ្មែរបានកោះហៅលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា មកប្រាប់ពីរឿងរ៉ាវ ដែលយោធាវៀតណាម បោះតង់ជាច្រើនកន្លែង នៅតំបន់ព្រំដែនមិនទាន់ឯកភាពគ្នា និងបានស្នើឲ្យភាគីវៀតណាម រុះរើតង់ទាំងនោះចេញជាបន្ទាន់ ហើយបន្តរក្សាស្ថានភាពដើមមិនកែប្រែក្នុងតំបន់នោះ រហូតដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរដោះស្រាយកំណត់ខ្សែព្រំដែនជាក់លាក់ ជាស្ថាពរនៅតំបន់នោះ ដើម្បីប្រែក្លាយតំបន់ព្រំដែន ប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ៕
ចែករំលែកព័តមាននេះ