ខេត្តបាត់ដំបង៖ ឆ្អឹងសត្វដំរីមួយផ្នែកនៃក្បាល ត្រូវគេប្រទះឃើញកប់ដីនៅក្នុងបឹងបុរាណមួយកន្លែង ក្បែរ «ប្រាសាទឯកភ្នំ» នៅពេលដែលអាជ្ញាធរបានអនុញាតឲ្យគ្រឿងចក្រកាយស្ដារដីបឹងនេះ ដើម្បីរៀបចំដាំដើមឈើ ធ្វើសួនសម្រាប់កំសាន្ត (កន្លែងទេសចរណ៍) ដែលគេសន្និដ្ឋានជំហានដំបូងថា ឆ្អឹងដំរីដែលកប់ក្នុងបឹងបុរាណនោះ អាចមានអាយុកាលរាប់រយឆ្នាំកន្លងមកហើយ ។

លោកម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានប្រាប់កោះសន្តិភាពថា ពិតជាមានការប្រទះឃើញឆ្អឹងដំរីនោះមែន។ ឆ្អឹងដំរីនោះ ត្រូវបានគ្រឿងចក្រកាយរកឃើញនៅក្នុង«បឹងតាគម» ស្ថិតក្នុងភូមិតាគម ឃុំពាមឯក ស្រុកឯកភ្នំ កាលពីល្ងាចថ្ងៃទី៣១ ឧសភា នៅប៉ែកខាងជើងចម្ងាយប្រហែល៥០ម៉ែត្រពី«ប្រាសាទឯកភ្នំ»។ ឆ្អឹងដំរីដែលមានស្ថានភាព នៃផ្នែកខ្លះពុកផុយទៅហើយនោះ ទំនងមានអាយុកាលរាប់រយឆ្នាំកន្លងមកហើយ ។ លោកអភិបាលស្រុក បានប្រាប់ថា បឹងតាគម គឺជាបឹងប្រវត្តិសាស្ត្រ (បឹងបុរាណ) ហើយស្ថិតក្នុង«គម្រោងស្ដារ ដើម្បីរៀបចំដាំដើមឈើរជុំវិញបឹងធ្វើសួនកំសាន្តឬជាកន្លែងទេសចរណ៍» របស់រដ្ឋបាលស្រុកឯកភ្នំ។ នៅពេលគ្រឿងចក្រចុះស្ដារដីបាតបឹង ក៏ស្រាប់តែប្រទះឃើញផ្នែកខ្លះ នៃឆ្អឹងសត្វដំរីតែម្ដង។

អ្នកភូមិតាគមបាននិយាយថា អ្នកបើកគ្រឿងចក្រកាយដីទំនងមិនបានដឹងថា កាយឃើញឆ្អឹងដំរីទេ តែគេឃើញពួកក្មេងៗ ដែលទៅហែលទឹកលេងនៅទីនោះ ជាអ្នកប្រទះឃើញបំណែកឆ្អឹងខ្លះៗ ទើបមានការភ្ញាក់ផ្អើល។ អ្នកភូមិនិយាយថា ឆ្អឹងដំរីដែលគេប្រទះឃើញនោះគឺឆ្អឹងផ្នែកខាងក្បាល ដែលមានដូចជា « ឆ្អឹងភ្លុក ឆ្អឹងថ្គាម និងធ្មេញ»។ បំណែកឆ្អឹងខ្លះ ត្រូវបានក្មេងៗរើសយកទៅផ្ទះ និ ខ្លះទៀតកាន់ដើរបង្ហាញអ្នកភូមិមើល។ ប្រភពបានបញ្ជាក់ថា ក្រោយពីប្រទះឃើញឆ្អឹងដំរីកប់នៅបឹងបុរាណបង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ ទើបគេរាយការណ៍ប្រាប់ទៅអាជ្ញាធរមូលដ្ឋាន ហើយលោកអភិបាលស្រុក ក៏បានចុះទៅពិនិត្យភ្លាមៗដែរ។

ជុំវិញការចុះទៅពិនិត្យឆ្អឹងដំរីនោះ បើតាមប្រភពព័ត៏មានថា ពេលចុះទៅដល់លោកម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានបញ្ជាឲ្យមន្ត្រី ស្វែងរកប្រមូលយកមកវិញនូវបំណែកឆ្អឹងដំរី ដែលពួកក្មេងៗបានយកទៅ ដើម្បីយកទៅទុកកន្លែងដើមរួចកាយដីកប់វិញ។ ប៉ុន្តែក្រោយមក នៅយប់បន្តិចមានសាក្សីខ្លះអះអាងថា គេបានឃើញអាជ្ញាធរស្រុក បានប្រមូលបំណែកឆ្អឹងខ្លះដឹកតាមរថយន្តចេញពីទីនោះ ដែលគេសង្ស័យថា ទំនងគេយកទៅចែកគ្នា។ ប៉ុន្តែលោកម៉ិល សុផល អភិបាលស្រុកឯកភ្នំ បានបដិសេធចំពោះការសន្នដ្ឋានបែបព្រាវៗនោះ។

ដំបូងលោកអភិបាលស្រុករូបនេះ បានបដិសេធថា គាត់មិនបានយកឆ្អឹងដំរីនោះទេ ដោយលោកប្រាប់ថា លោកបានឲ្យមន្ត្រីប្រមូលឆ្អឹងដែលរកឃើញទាំងអស់ មានទាំងឆ្អឹងធ្មេញផង ដាក់នៅកន្លែងដើម រួចឲ្យគ្រឿងចក្រកាយដីកប់វិញ។ ប៉ុន្តែបន្តិចក្រោយមក លោកបែរជាទទួលស្គាល់ថា លោកពិតជាបានយកឆ្អឺងដំរីនោះ មួយដុំទៅរក្សាទុកមែន។ លោកម៉ិល សុផល បានបញ្ជាក់អំពីឆ្អឹងមួយដុំនោះយ៉ាងដូច្នេះថា «ខ្ញុំបានយកឆ្អឹងមួយដុំនោះ មកទុកដើម្បីឲ្យដឹងថា ពិតជាឆ្អឹងសត្វដំរីដែលគេប្រទះឃើញកប់ដីនៅក្នុងបឹងបុរាណនោះមែន»។

ពាក់ព័ន្ធនឹងប្រវត្តិខ្លះៗនៃ«ឆ្អឹងសត្វដំរីកប់ដីនៅក្នុងបឹងតាគម» ដែលជាបឹងបុរាណនេះ បើតាមចាស់ៗ នៅក្នុងភូមិតាគម បាននិយាយប្រហាក់ប្រហែលគ្នាថា កាលពីសម័យបុរាណ (សម័យលោកម្ចាស់ ឬ សម័យកសាងប្រាសាទឯកភ្នំ) ទីនោះជាតំបន់ព្រៃក្រាស ដែលសំបូរទៅដោយសត្វខ្លា ដំរី និង សត្វព្រៃគ្រប់ប្រភេទ។ ពួកគាត់បានពន្យល់ថា ទីនោះជាផ្លូវសត្វដំរីឆ្លងកាត់ពីតំបន់ព្រៃរនាមបឹងទន្លេសាប ទៅកាន់តំបន់ភ្នំ នៃស្រុកសង្កែ ឬ ស្រុកបាណន់ បច្ចុប្បន្ន ឬ ទីនោះជាតំណាក់ហ្វូងសត្វដំរីនាសម័យនោះតែម្ដង ព្រោះបឹងតាគម កាលពីដើមមានទំហំធំ ហើយជ្រៅទៀតផង។ រីឯឆ្អឹងដំរីដែលគ្រឿងចក្រកាយរកឃើញនៅក្នុងបឹងនេះ គឺកប់ដីក្នុងជម្រៅប្រហែលជាង១ម៉ែត្រ មានស្ថានភាពពុកផុយខ្លះៗ តែគេមិនអាចសន្និដ្ឋានឲ្យជាក់លាក់ថា វាកប់នៅក្នុងដីប៉ុន្មានឆ្នាំមកហើយនោះទេ។ ប៉ុន្តែគេអាចប្រហាក់ប្រហែលបានខ្លះថា សត្វដំរីនោះទំនងងាប់តាំងពីសម័យបុរាណ ដែលមានអាយុរាប់រយឆ្នាំមកហើយ។

កោះសន្តិភាពបានចុះទៅកាន់ទីតាំង«បឹងតាគម» នៅព្រឹកថ្ងៃទី០២ មិថុនា ដែលជាកន្លែងប្រទះឃើញឆ្អឹងសត្វដំរី។ នៅទីនោះមានគ្រឿងចក្រអេស្កាទ័រចំនួន២គ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន កំពុងធ្វើសកម្មភាពកាយស្ដារបឹង។ ដោយឡែកនៅចំណុចដែលគេប្រទះឃើញឆ្អឹងដំរី ត្រូវបានគេបោះបង្គោល និង បាញ់ថ្នាំពណ៌ខៀវដើម្បីចំណាំ តែមិនឃើញមានវត្ថុតាងទេ មានតែស្លាកស្នាមនៃកំណាយរណ្ដៅ និងមានស្នាមកាយដីលប់ ដែលអាជ្ញាធរអះអាងថា ឆ្អឹងដំរីបានប្រមូលកប់ក្នុងដីវិញទាំងអស់នៅទីនោះ ។ លោក
ម៉ិល សុផល បានប្រាប់ឲ្យដឹងថា លោកបានឲ្យមន្ត្រីប្រមូលឆ្អឹងដំរីដែលរកឃើញទាំងអស់កប់ដីវិញហើយ សល់តែមួយដុំទេ ដែលលោកយកទៅរក្សាទុកសម្រាប់ឲ្យថ្នាក់លើបានឃើញ ។

មិនតែប៉ុណ្ណោះ លោកបានបញ្ជាក់ថា លោកបានឲ្យមន្ត្រីបោះតម្រុយ និងបាញ់ថ្នាំពណ៌សម្គាល់ លើទំហំដី២៥ម៉ែត្រ៤ជ្រុង នៅចំណុចដែលប្រទះឃើញឆ្អឹងដំរីនោះ ដោយមិនអនុញាតឲ្យប៉ះពាល់ឡើយ ។ បន្ថែមលើនេះលោកថា លោកនឹងស្នើសុំយោបល់ថ្នាក់លើ ដើម្បីរៀបចំពូនដីធ្វើជា«ផ្នូរដំរី» ដែលមានទម្រង់ដូចកូនកោះតូចមួយនៅកណ្ដាលបឹង និងមានដាំលំអរទៅដោយដើមឈើ និងដើមផ្កា សម្រាប់ធ្វើជាទីសក្ការៈបូជាទៀតផង។ លោកបានរាយការណ៍ទៅលោកអភិបាលខេត្ត និង មន្ត្រីជំនាញរួចរាល់ហើយ ដើម្បីចុះពិនិត្យផ្ទាល់ លើទីតាំង«បឹងតាគម» ដែលជាបឹងប្រវត្តិសាស្ត្រដ៏ធំ មានផ្ទៃដីទំហំជិត១០ហិចតា បន្សល់ទុកពីសម័យបុរាណ ៕







ចែករំលែកព័តមាននេះ