រាជធានីភ្នំពេញ៖ គ្រឿងសមុទ្រមានភាពមិនប្រក្រតី សរុបជាង ១១ តោនត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ចាប់ដកហូតដោយការណែនាំពីលោក ផាន អូន អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ បានស្ទាក់ឃាត់រថយន្តដឹកគ្រឿងសមុទ្រចំនួន ០៣ គ្រឿង នៅលើផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល រាជធានីភ្នំពេញ។ នេះបើយោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ចេញគផ្សាយកាលពីថ្ងៃទី២៩ ខែឧសភានេះ ។

បន្ទាប់ពីបានត្រួតពិនិត្យមន្ត្រីជំនាញបានរកឃើញបង្គាមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយ ចំនួន ៤៤៩ កេស ស្មើនឹង ១១,២២៥ គីឡូក្រាម ។ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រថយន្ត និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តអនុវត្តតាមនីតិវិធី។

អគ្គនាយកដ្ឋាន ក.ប.ប. សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការផ្តល់ព័ត៌មានក្នុងករណីមានការសង្ស័យពាក់ព័ន្ធការក្លែងបន្លំគុណភាព សុវត្ថិភាពទំនិញ និងសេវា ដើម្បីអគ្គនាយកដ្ឋានចាត់វិធានការបានទាន់ពេលវេលា ៕






ចែករំលែកព័តមាននេះ