ម្តងម្កាល លោកមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett) តែងតែធ្វើការចែករំលែកដំបូន្មានមួយចំនួនទាក់ទិនពីការវិនិយោគ និងគោលការណ៍ក្នុងជីវិតដែលជួយឲ្យលោកជោគជ័យដូចសព្វថ្ងៃនេះ ។ កាលពីឆ្នាំ ១៩៩៤ លោក ឆាលី ម៉ាងហ្គឺ (Charlie Munger) ដែលជាអនុប្រធាន Berkshire Hathaway បានប្រាប់ពីមេរៀនសំខាន់មួយដែលលោក បាហ្វេត ចូលចិត្តបង្រៀនដល់និស្សិតអាជីវកម្ម ។
លោកបានហ្វេតបានប្រាប់ដល់សិស្សរបស់លោកថា «ខ្ញុំអាចធ្វើឲ្យស្ថានការហិរញ្ញវត្ថុរបស់អ្នកល្អប្រសើរឡើងដោយឲ្យសំបុត្រមួយដែលមានចន្លោះទំនេរចំនួន ២០ ដូច្នេះរាល់ពេលដែលអ្នកបំពេញវា២០ដងតំណាងរាល់ការវិនិយោគទាំងអស់ដែលត្រូវតែវិនិយោគក្នុងជីវិតរបស់អ្នក ។ ហើយពេលដែលអ្នកបំពេញចន្លោះអស់ហើយ អ្នកមិនអាចវិនិយោគបន្ថែមទៀតទេ» ។
លោកបានបន្តថា អ្នកត្រូវតែគិតដោយប្រុងប្រយ័ត្នពីអ្វីដែលអ្នកបានធ្វើ ហើយអ្នកនឹងត្រូវបានបង្ខំឲ្យស្រាវជ្រាវពីវាផងដែរ ។ មានន័យថាអ្នកត្រូវជ្រើសរើសឱកាសឲ្យបានប្រុងប្រយ័ត្ន ។
នៅឆ្នាំ ១៩៩៨ លោកបាហ្វេតបានប្រាប់ដល់និស្សិតនៅ University of Florida ដែរថា ពួកគេមិនគួរសន្មត់ថាពួកគេនឹងអាចមានគំនិតល្អៗសម្រាប់អាជីវកម្មទាំង ២០ដងទេក្នុងជីវិតនោះ ។ ក្នុងចំណោមគំនិតទាំង ២០ នោះ មានតែពី ៣ ទៅ ៧ប៉ុណ្ណោះដែលនឹងជួយឲ្យពួកគេក្លាយជាអ្នកមាន ។ ហើយអ្នកមិនអាចក្លាយជាអ្នកមានដោយសាកល្បងគំនិតថ្មីមួយជារៀងរាល់ថ្ងៃទេ ។
មេរៀនរបស់លោកបាហ្វេតនេះមិនត្រឹមតែមានសារៈសំខាន់ក្នុងអាជីវកម្មទេ តែអ្នកអាចប្រើវាក្នុងផ្នែកផ្សេងនៃជីវិតផងដែរ ។ នៅពេលដែលលោក បាហ្វេត និងមិត្តជិតស្និទ្ធរបស់លោកគឺលោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) ត្រូវបានប្រាប់ឲ្យសរសេរពីគុណសម្បត្តិរបស់មិត្តខ្លួនដែលជួយឲ្យគេជោគជ័យ អ្នកទាំងពីរបានសរសេរថា ការផ្តោតស្មារតី ។
បច្ចុប្បន្ននេះ មនុស្សរស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយការរំខានបង្កឲ្យមានការបោះបង់គម្រោង គំនិត និងការប្តេជ្ញាពាក់កណ្តាលផ្លូវជាច្រើន ។ ប៉ុន្តែឱកាសក្នុងការជោគជ័យរបស់អ្នកនឹងកើនឡើងយ៉ាងខ្លាំងពេលដែលអ្នកប្រមូលស្មារតី និងកម្លាំងលើកិច្ចការមួយចំនួនតូចដែលសំខាន់សម្រាប់អ្នក ។
ដូច្នេះកុំខ្ជះខ្ជាយចន្លោះក្នុងសំបុត្ររបស់អ្នក និងចំណាយពេលក្នុងការគិតថាតើអ្វីដែលអ្នកកំពុងតែព្យាយាមសម្រេចពិតជាសំខាន់សម្រាប់អ្នកទេ? តើវាជំរុញទឹកចិត្តអ្នកទេ ? តើវានឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកនៅថ្ងៃមុខទេ? ៕
ចែករំលែកព័តមាននេះ