ឈប់​ធ្វើការ​ពី​ក្រុមហ៊ុន​មក​បើក​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ពង​ដោយ​ខ្លួនឯង​ទទួល​ជោគជ័យ​ខ្លាំង


ខេត្តកំពង់ឆ្នាំង ៖ ពី​អតីត​អ្នកធ្វើការ​នៅ​ក្រុមហ៊ុន​មួយ​បាន​សម្រេចចិត្ត​ឈប់​ពី​ការងារ ហើយ​បាន​ងាក​មក​បើក កសិដ្ឋាន​ចិ​ញ្ជឹ​ម​មាន់​យក​ពង​ដោយ​ខ្លួនឯង​រហូត​ទទួល​បាន​ជោគជ័យ ដោយសារ​តែ​មាន​ជំនាញ​ស្រាប់ គួប​ផ្សំ​មានការ​ណែនាំ​បណ្តុះបណ្តាល​បន្ថែម​ពី​មន្ត្រី​ពេទ្យសត្វ​បន្ថែម​ទៀត ។ ទោះជា​យ៉ាងនេះ​ក្តី​ម្ចាស់​កសិដ្ឋាន​រូប​នេះ​នៅ​មិន​ទាន់​ហ៊ាន​អះអាង​ថា ជា​ជោគជ័យ​នោះ​ឡើយ ព្រោះ​ការ​ចិញ្ចឹម​មាន់​ដូច​គាត់​នៅ​មាន​ហានិភ័យ​ខ្ពស់ ។

លោក សី មក​រា អាយុ ៣៧​ឆ្នាំ ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​យក​ពង នៅ​ភូមិ​ចិន ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បានឱ្យ​ដឹង​ថា ៖ លោក​បាន​ចាប់ផ្តើម​ចិញ្ចឹម​មាន់​យក​ពង​នេះ​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ គឺ​ក្នុង​កំឡុង​ឆ្នាំ ២០១៧ ដោយ​កាល​ណោះ​មាន​មេមាន់​ត្រឹមតែ ២​ពាន់​ក្បាល​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​លោក​បាន​ពង្រីក​ការ​ចិញ្ចឹម​មេមាន់​រហូត​ដល់​ទៅ ៧​ពាន់​ក្បាល ដែល​អាច​ទទួល​បាន​ពងមាន់ ក្នុង​មួយ​ថ្ងៃ​ចំនួន ៧​ពាន់​គ្រាប់ ។

បច្ចុប្បន្ន​ដោយសារ​តែ​មេមាន់​មួយ​ចំនួន​ចាប់ផ្តើម​ជម្រុះ​ស្លាប ផ្អាក​ពង ទើប​ក្នុង​មួយ​ថ្ងៃ​ទទួល​បាន​ពង​តែ​ជាង ៥​ពាន់​គ្រាប់​ប៉ុណ្ណោះ ។ ចំណែក​តម្លៃ​ទីផ្សារ​បោះ​ដុំ​វិញ គឺ​ក្នុង ១​គ្រាប់​លក់​បាន​តម្លៃ​ពី ៣៣០​រៀល ទៅ​៣៥០​រៀល ។

លោក សី មក​រា បាន​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​នាំ​ឱ្យ​មុខរបរ​បាន​រីក​ចម្រើន​បែប​នេះ​មាន​កត្តា ២​យ៉ាង​សំខាន់​ដែល​ទី ១ ធ្លាប់​ធ្វើការ​នៅ​ក្រុមហ៊ុន​មួយ លុះ​ពេល​ឈប់​ពី​ក្រុមហ៊ុន​នោះ​ក៏​បាន​យកចំណេះ​ដឹង​ដែល​បាន​ចេះ​ខ្លះមក​បើក​កសិដ្ឋាន​ចិ​ញ្ជឹ​ម​មាន់​ដោយ​ខ្លួនឯង និង​កត្តា​ទី ២ គឺ​បាន​ទទួល​ការ​ណែនាំ និង​បណ្តុះបណ្តាល​បន្ថែម​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ផង​នោះ​ទើប​ធ្វើ​ឱ្យ​មុខរបរ​របស់​មានការ​រីក​ចម្រើន​បែប​នេះ ។ លោក​ក៏​បាន​សំណូមពរ​ដល់​មន្ត្រី​ជំនាញ​ឱ្យ​ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​ពងមាន់ ពង​ទា ពី​ក្រៅប្រទេស ដើម្បី​ឱ្យ​តម្លៃ​ទីផ្សារ​ក្នុងស្រុក​មាន​តម្លៃ​ថេរ​ដូច​សព្វ​ថ្ងៃនេះ គឺ​អាច​ទទួលយក​បាន ។

ជាមួយ​គ្នា​នេះ​ដែរ​លោក ហ៊ុន លី អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា ដោយ​បានការ​ណែនាំ​ពី​មន្ទីរ​កសិកម្ម ក៏​ដូច​ជា​ប្រធាន​ការិយាល័យ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​ពេទ្យសត្វ​តែង​ចុះ​ជា​ប្រចាំ ដើម្បី​ជំរុញ​ដល់​ប្រជា​កសិករ​ឱ្យ​គាត់​ចិញ្ចឹម និង​ផលិត​ឱ្យ​បាន​ច្រើន និង​ត្រូវ​ចេះ​ជ្រើសរើស​ពូជ ចេះ​ឱ្យ​ចំណី​សត្វ​បាន​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដារ ។

សព្វថ្ងៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​ដូច​ជា​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ចិ​ញ្ជឹ​ម​សត្វ បាន​និង​កំពុង​រិ​ត​បន្តឹង​ការ​នាំ​ចូល​សត្វ​ចូល​ក្នុង​ប្រទេស ដែល​នេះ​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​កសិករ​ចិញ្ចឹមសត្វ​ក្នុងស្រុក​ទទួល​បាន​ជោគជ័យ​ផង​ដែរ ។ ក្រៅពី​នោះ​មន្ត្រី​ជំនាញ​នៅ​បាន​ចុះ​អប់រំ​ដល់​កសិករ​ចិញ្ចឹមសត្វ​ត្រូវធ្វើ​អនាម័យ​សម្អាត​ទ្រង់​រាល់ថ្ងៃ និង​ការ​ប្រើ​ថ្នាំ​បាញ់​សម្លាប់​មេរោគ​ជា​ប្រចាំ ។

កសិករ​ចិ​ញ្ជឹ​ម​សត្វ​ទាំងអស់ មិន​ថា ចិញ្ចឹម​មាន់ ជ្រូក ទា គោ ក្របី​នោះ​ទេ នៅ​ពេល​មន្ត្រី​ជំនាញ​ចុះ​ដល់ទី​តាំងរបស់​ពួក​គាត់​ម្តង​ៗ ពួក​គាត់​សប្បាយចិត្ត​ណាស់ ព្រោះ​មន្ត្រី​ជំនាញ​បាន​ផ្តល់​ជា​គំនិត ជា​បទ​ពិសោធន៍ បច្ចេកទេស ទៅ​ឱ្យ​ពួក​គាត់ ហើយ​ពេល​ពួក​គាត់​យក​ទៅ​អនុវត្ត​តែង​ទទួល​បាន​ជោគជ័យ ។

តាម​ការ​បញ្ជាក់​ពី​លោក ហ៊ុន លី បានឱ្យ​ដឹង​ទៀត​ថា ពូជ​មាន់​ដែល​ម្ចាស់​កសិដ្ឋាន​យក​មក​ចិញ្ចឹម​សម្រាប់​យក​ពង​ខាងលើ គឺ​បាន​នាំ​ចូល​ពី​ក្រៅប្រទេស ដែល​សំបក​ពង​របស់​វា​មាន​សភាព​ក្រាស់ ងាយ​ដឹក​ជញ្ជូន​ជិត​ឆ្ងាយ​មិន​ងាយ​បែក ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ