ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស ! ផ្សិតនេះ​លក់​បាន​ថ្លៃ ហើយ​រសជាតិ​ឆ្ងាញ់ប្លែក​ខុស​ពី​ផ្សិត​ធម្មតាទៅទៀត

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ ផ្សិត​ប៉ក់ ឫ​ផ្សិត​ផូង​ផាំង គឺជា​ប្រភេទ​ផ្សិត​ភ្នំ​ម្យ៉ាង ដែល​សំបូរ​នៅ​ស្រុក​ពីរ​ប៉ុណ្ណោះ គឺ​ស្រុក​ភ្នំក្រវាញ និង​ស្រុក​វាល​វែង ហើយ​ជា​ប្រភេទ​ផ្សិត​ដែល​លក់​បាន​ថ្លៃ និង​មាន​រសជាតិ​ឆ្ងាញ់…

ខេត្តពោធិ៍សាត់​ ៖ ផ្សិត​ប៉ក់ ឫ​ផ្សិត​ផូង​ផាំង គឺជា​ប្រភេទ​ផ្សិត​ភ្នំ​ម្យ៉ាង ដែល​សំបូរ​នៅ​ស្រុក​ពីរ​ប៉ុណ្ណោះ គឺ​ស្រុក​ភ្នំក្រវាញ និង​ស្រុក​វាល​វែង ហើយ​ជា​ប្រភេទ​ផ្សិត​ដែល​លក់​បាន​ថ្លៃ និង​មាន​រសជាតិ​ឆ្ងាញ់ ប្លែក​ខុស​ពី​ផ្សិត​ធម្មតា ។

បើ​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​មូលដ្ឋាន ផ្សិត​ប្រភេទ​នេះ កើត​ចេញពី​ផេះ​ផង់ នៃ​ភ្លើង​ឆេះ​ព្រៃ​កន្លង​មក លុះ​ត្រូវ​បានការ​ស្រោចស្រព ដោយ​ដំណក់ទឹកភ្លៀង ក៏​កើត​ចេញ​ជា​ផ្សិត​នេះ​ឡើង ហើយ​ផ្សិត​ប្រភេទ​នេះ គឺ​ខុស​ពី​ផ្សិត​ធម្មតា ត្រង់​វា​ដុះ​នៅ​ក្នុង​ដី ដែល​មាន​រាង​មូល​ដូច​ពង​ក្រួច ហើយ​គេ​អាច​សម្គាល់​បាន ដោយ​ឃើញ​មាន​ដី ពើង​ប្រះ​ឡើង​លើ នៅ​តំបន់​ដែល​ធ្លាប់​មាន​ភ្លើង​ឆេះ​ព្រៃ​កន្លង​មក ហើយ​បើ​យើង​មិន​ត្រូវ​បាន​បង្ហាញ​ពី​អ្នក​ធ្លាប់​រក​ផ្សិត​នេះ​ទេ នោះ​យើង​មិន​អាច​រក​វា​ឃើញ​ទេ ។

យោង​តាម​មន្ទីរ​ព័ត៌មាន​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​មក​រក​ផ្សិត​ប៉ក់ ឫ​ផ្សិត​ផូង​ផាំង​នេះ បាន​ធ្វើ​ដំណើរ​មក​ពី​ទី​ជិត​ឆ្ងាយ រួម​មាន​បងប្អូន ក្នុង​មូលដ្ឋាន​ផ្ទាល់ មក​ពី​ស្រុក​ភ្នំក្រវាញ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ព្រំប្រទល់ នៃ​ស្រុក​វាល​វែង ។ ពួក​គាត់​បាន​វេចបាយ​ម្ហូប ចេញ​ទៅ​រក​ផ្សិត​នេះ តាំងពី​ព្រលឹម រហូត​ដល់​ម៉ោង​៣ ទៅ​ម៉ោង​៤ រសៀល ទើប​ពួក​គាត់​ត្រលប់​ទៅ​ផ្ទះ​វិញ ។

អ្នករក​ផ្សិត​ប៉ក់​ម្នាក់ បាន​ប្រាប់​ថា គាត់​អាច​រក​ចំណូល​ពី​ផ្សិត​ប៉ក់​នេះ ក្នុង​មួយ​ថ្ងៃ ចាប់ពី​១៥ ទៅ​៣៥​ម៉ឺន​រៀល ហើយ​ថ្ងៃ​ខ្លះ លើស​នេះ​ក៏​មាន ចំណែក​តម្លៃ​លក់​ឲ្យ​ឈ្មួញកណ្តាល គឺ​ចាប់ពី​៣៥,០០០​រៀល ឡើង​ទៅ ក្នុង​១​គីឡូក្រាម ។ ប៉ុន្តែ​តម្លៃ​នេះ ទាប​ជាង​ឆ្នាំ​មុន ដោយ​ឆ្នាំ​មុន​ៗ លក់​បាន​រហូត​ដល់​៥​ម៉ឺន​រៀល​ឡើង ក្នុង​១​គីឡូក្រាម ។

ចំណែក​ក្រុម​ឈ្មួញកណ្តាល បាន​អះអាង​ថា ពួក​គាត់​ម្នាក់​ៗ បាន​ចំណាយ​លុយ​ទិញ​ផ្សិត​ប្រភេទ​នេះ ចាប់ពី​២០​លាន​រៀល ទៅ​៣០​លាន​រៀល ក្នុង​មួយ​ថ្ងៃ អ្នកខ្លះ​ទិញ​យក​ទៅ​លក់​បន្ត ឲ្យ​ម៉ូយ មក​ពី​ស្រុក​ភ្នំក្រវាញ អ្នកខ្លះ​ទៀត​ទិញ​យក​ទៅ​លក់​ផ្ទាល់​នៅ​ច្រក​ព្រំប្រទល់​ខ្មែរ​-​ថៃ ក្នុង​ខេត្ត​ប៉ៃលិន បន្ទាយ​មាន​ជ័យ ព្រះ​វិហារ​ជាដើម ។

ក្រុម​ឈ្មួញ ដែល​តែងតែ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ថៃ បាន​លើក​ឡើង​ថា ផ្សិត​ប៉ក់ លក់​បាន​តម្លៃ​ខ្ពស់ មាន​តែ​លក់​ឲ្យ​ប្រទេស​ថៃ​ទេ មាន​ប៉ុន្មាន គេ​ទទួល​ទិញ​យក​ទាំងអស់ ប៉ុន្តែ​ពួក​គាត់​មិន​បានដឹង​ថា គេ​យក​ទៅ​ធ្វើ​ជា​អ្វី​បន្ត​ទៀត​ទេ ។

ជា​ធម្មតា បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និយម​យក​ផ្សិត​ប៉ក់ ឫ​ផ្ស​តិ​ផូង​ផាំង​នេះ មក​ស្ងោ រឺ​ឆា ក៏​បាន ដោយ​វា​មាន​រសជាតិ​ឆ្ងាញ់​ខុស​ប្លែក​ពី​ផ្សិត​ទូទៅ ។

សូម​បញ្ជាក់​ថា​ផ្សិត​ប៉ក់​នេះ នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ផ្សិត​នេះ​នឹង​ដុះ រហូត​ដល់​ពេល​ដែល​ភ្លៀង​ធ្លាក់​ជោគ​ជាំ ទើប​ផ្សិត​នេះ​ឈប់​ដុះ ហើយ​កសិករ​អាច​ដើរ​ជីក​ផ្សិត​នេះ​បាន​យក​មក​លក់ ចាប់ពី​ពាក់កណ្តាល​ខែមេសា រហូត​ដល់​ខែកក្កដា ទើប​ផ្សិត​នេះ​ផុត​រដូវ​កាល​សម្រាប់​ប្រមូល​ផល ។

កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០១៩ អ្នកស្រី ថន ស្រី​មុំ បាន​ប្រាប់​ថា ក្នុង​មួយ​ថ្ងៃ​ៗ អាជីវករ នៅ​ក្នុង​ផ្សារ​ច្រក​ទ្វារ​អានសេះ អាច​លក់​បាន​ចន្លោះ​ពី​២០​គីឡូក្រាម ទៅ​៥០​គីឡូក្រាម ដោយ​ក្នុង​មួយ​គីឡូក្រាម ទទួល​បាន​តម្លៃ ចាប់ពី​៤៥០​បាត ទៅ​៥០០​បាត (​ប្រមាណ​ជា ៥៧,០០០ ទៅ ៦៣,០០០​រៀល​) ទៅ​តាម​គុណភាព​ផ្សិត ហើយ​អាច​ឲ្យ​អាជីវករ​រក​ប្រាក់​ចំណូល​បាន​ក្នុង​មួយ​ថ្ងៃ ចន្លោះ​ពី ២,០០០ បាត ទៅ ៥,០០០ ពាន់​បាត ដែរ (​ប្រមាណ​ពី ២៥​ម៉ឺន​រៀល ដល់​ជាង ៦៣​ម៉ឺន​រៀល​) ។ ក្នុង​រដូវ​កាល​នេះ ផ្សិត​ប៉ក់ ដែល​ដុះ​ដោយ​ធម្មជាតិ​នោះ ជា​អាហារ​ដ៏​ពេញ​និយម​បំផុត​របស់​ជនជាតិ​ថៃ ។

ជាមួយ​គ្នា​នេះ​ជនជាតិ​ថៃ​ម្នាក់​ដែល​បាន​ចូល​មក​ទិញ​បន្លែ និង​ទំនិញ​ផ្សេង​ៗ​នៅ​ទឹកដី​កម្ពុជា​ក្នុង​ផ្សារ​ច្រក​ទ្វា​អានសេះ​នេះ បាន​លើក​ឡើង​ថា​មូលហេតុ​ដែល​ពួក​គេ​បាន​នាំ​គ្នា​មក​ទិញ​ផ្សិត​ប៉ក់ ក៏​ដូច​ជា​បន្លែ​ព្រៃ​ផ្សេង​ៗ​នេះ​ពី​អាជីវករ​ខ្មែរ​ដោយសារ​តែ​នៅ​ក្នុង​ទឹកដី​ថៃ ពុំ​សូវ​មាន បន្លែ​ប្រភេទ​ទាំង​អស់នេះ​ទេ ម្យ៉ាងវិញទៀត​នៅ​ក្នុង​ព្រៃ​ទឹកដី​របស់​ពួក​គេ​សម្បូរ​គ្រាប់​មីន ដូច្នេះ​ហើយ​ទើប​ពុំ​មាន​នរណា​ម្នាក់ ចូល​ទៅ​រក​បន្លែ ទាំងនេះ​យក​មក​លក់ ៕