ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​បុរស​ស្បែក​ខ្មៅ​ម្នាក់ ប៉ូ​លី​ស​៤​នាក់​ត្រូវ​បណ្តេញ​ចេញពី​ការងារ ផ្ទុះ​ការ​តវ៉ា​ រើសអើង​ជាតិ​សាសន៍

3 ឆ្នាំ មុន

រដ្ឋ​មី​នី​សូ​តា​,​សហរដ្ឋអាមេរិក ៖ មន្ត្រី​ប៉ូ​លី​ស Minneapolis ចំនួន​៤​នាក់ ត្រូវ​បាន​បណ្តេញ​ចេញពី​ការងារ​ហើយ កាលពី​ថ្ងៃ​អង្គារ ទី​២៦ ឧសភា (​ម៉ោង​ក្នុង​តំបន់​)…

រដ្ឋ​មី​នី​សូ​តា​,​សហរដ្ឋអាមេរិក ៖ មន្ត្រី​ប៉ូ​លី​ស Minneapolis ចំនួន​៤​នាក់ ត្រូវ​បាន​បណ្តេញ​ចេញពី​ការងារ​ហើយ កាលពី​ថ្ងៃ​អង្គារ ទី​២៦ ឧសភា (​ម៉ោង​ក្នុង​តំបន់​) ចំពោះ​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ម្នាក់ ដែល​បានឃើញ​នៅ​លើ​វី​ដេ​អូ​របស់​សាក្សី​ដែល​បាន​ឈរ​ថត​នៅ​លើ​ចិញ្ចើម​ផ្លូវ ដោយ​ជន​រង​គ្រោះ​ដង្ហក់​ខ្យល់​និង​ស្រែកថ្ងូរ​ថា “​ខ្ញុំ​មិន​អាច​ដកដង្ហើម​បាន​ទេ​” ខណៈ​ដែល​មន្ត្រី​ប៉ូលិស​ស្បែក​សម្នាក់ លុតជង្គង់​សង្កត់​លើ​កញ្ចឹងក​របស់​គាត់ អស់​រយៈពេល​ជា​ច្រើន​នាទី រហូត​ដល់​បាត់បង់​ស្មារតី ក្រោយមក​ក៏​បាន​ស្លាប់ ។

មរណភាព​របស់​លោក George Floyd អាយុ​ជាង​៤០​ឆ្នាំ បាន​ជំរុញ​ឲ្យ​ផ្ទុះ​ការ​តវ៉ា​ទូ​ទាំង​ប្រទេស ពិសេស​នៅ​កន្លែង​ដែល​បុរស​ស្បែក​ខ្មៅ​ត្រូវ​ចាប់ខ្លួន ក្រុមបាតុករ​ប្រមូលផ្តុំ​គ្នា​តវ៉ាប្រឆាំង​នឹង​ភាព​ឃោរឃៅ​របស់​ប៉ូ​លី​ស ។ ក្រុម​បាតុករ​ស្រែក​ អម​ដោយ​ពាក្យស្លោក​របស់​បុរស​ស្បែក​ខ្មៅ​ថា “​ខ្ញុំ​មិន​អាច​ដកដង្ហើម​បាន​” វា​បាន​ក្លាយជា​សម្រែក​យំ សម្រាប់​ចលនា Black Lives Matter ដែល​អំពាវនាវ​ឲ្យ​មានការ​ចាប់អារម្មណ៍​ចំពោះ​រលក​នៃ​ការ​រើសអើង​ជាតិ​សាសន៍ ជនជាតិ​អា​មេ​រិ​ក ដើម​កំណើត​អាហ្វ្រិក និង​ជនជាតិភាគតិច​ដទៃ​ទៀត ដែល​បាន​ស្លាប់​នៅ​ចំពោះ​មុខ​ប៉ូ​លី​ស ដោយ​ប្រើ​កម្លាំង​ដ៍​សាហាវ ដែល​មិន​សម​ហេតុផល ។

ករណី​ដូច​គ្នា​នេះ ត្រូវ​បាន​ក្រុម​អ្នក​តវ៉ា រម្លឹក​ដល់​ការ​សម្លាប់​លោក Eric Garner កាលពី​ឆ្នាំ​២០១៤ ជា​បុរស​ស្បែក​ខ្មៅ​គ្មាន​អាវុធ ដែល​បាន​ស្លាប់ បន្ទាប់​ពី​ប៉ូ​លី​ស​នៅ​ទីក្រុង​ញូ​វ​យ៉​ក ចាប់​ដាក់​នៅ​ក្នុង​ប៉ុស្តិ៍ ហើយ​បុរស​នោះ​ប្រាប់​ទៅ​មន្ត្រី ដូច​គ្នា​ថា “​ខ្ញុំ​មិន​អាច​ដកដង្ហើម​បាន​ទេ​” ។

មេ​ប៉ូ​លី​ស​ទីក្រុង Minneapolis គឺ​លោក Medaria Arradondo បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ថា ការិយាល័យ​ស៊ើបអង្កេត​របស់​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​បើក​ការ​ស៊ើបអង្កេត​លើ​ឧប្បត្តិ​ហេតុនេះ​ហើយ​តាម​ការ​ស្នើ​សុំ​របស់​គាត់ ។

ខ្សែ​វី​ដេ​អូ​គួរ​ឱ្យ​តក់ស្លុត ដែល​ថត​ដោយ​អ្នក​ឈរ​មើល​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ទី​២៥ ឧសភា បាន​បង្ហាញ​ពី​មន្ត្រី​ប៉ូ​លី​ស​នៅ​ទីក្រុង Minneapolis ក្នុង​រដ្ឋ​មី​នី​សូ​តា ស្បែក​ស បាន​ចាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់ ដាក់​ខ្នោះ​ឲ្យ​ក្រាប​លើ​ថ្នល់ ដោយ​យក​ជង្គង់​សង្កត់ក​ជាប់ រហូត​ដល់​សន្លប់​បាត់បង់​ស្មារតី ទោះបី​ខំ​អង្វរ​ថា “​ខ្ញុំ​មិន​អាច​ដកដង្ហើម​បាន​” វី​ដេ​អូ​ បង្ក​ការ​ខឹងសម្បារ​ ដោយសារប៉ូលិស​​ចាប់​សង្កត់ក​ជាប់ ​រហូត​ដាច់ដង្ហើម

មេធាវី Benjamin Crump របស់​ក្រុម​គ្រួសារ​លោក Floyd បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការ​ប្រើ​កម្លាំង​រំលោភ​បំពាន​ហួសប្រមាណ និង​អមនុស្សធម៌​នេះ ធ្វើ​ឱ្យ​ជីវិត​បុរសស្បែកខ្មៅ​ម្នាក់ ត្រូវ​បាត់បង់​” ។

តើ​មាន​មនុស្ស​ស្លាប់​ប៉ុន្មាន​នាក់​ទៀត ខណៈ​ពេល​ដែល​ជនជាតិ​ស្បែក​ខ្មៅ ត្រូវ​ទទួល​រង​រហូត​ដល់​ការ​រើសអើង​ជាតិ​សាសន៍ និង​ការ​វាយតម្លៃ​ទៅ​លើ​ជីវិត​ស្បែក​ខ្មៅ ​របស់​ក្រុមមន្ត្រីប៉ូ​លី​ស? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ