កូរ៉េ​ទទួលស្គាល់​ភាព​យឺត​យ៉ាវ​នៃ​ការ​សាងសង់​ផ្លូវជាតិ​លេខ​២ និង​លេខ​២២


រាជធានី​ភ្នំពេញ ៖ កូរ៉េ​បាន​ទទួលស្គាល់​ពី​ភាពយឺត​យ៉ាវ​នៃ​ការ​សាងសង់​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ និង​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា នឹង​ជួយ​ជ្រោមជ្រែង​ធ្វើ​យ៉ាងណា​ឲ្យ​គម្រោង​នេះ​បាន​អនុវត្ត​ទាន់​ពេលវេលា តាម​ការ​គ្រោង និង​មានគុណ​ភាព​ដែល​អាច​ទទួលយក​បាន ។

ការ​ទទួល​នេះ ធ្វើ​នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក Park Heung-Kyeong ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ​ជាមួយ​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណៈ និង​ដឹក​ជញ្ជូន កាលពី​ថ្ងៃ​ទី​២៦ ឧសភា នៅ​ទីស្តីការក្រសួង ។

ជំនួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​នេះ​បាន​ផ្ដោត​ជា​សំខាន់​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​លើ គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន និង​ប្រកបដោយ​គុណភាព រឹង​មាំ ប្រើប្រាស់​ជាប់​បាន​យូរ និង​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ថវិកាជាតិ​ក្នុង​ការ​ថែទាំ​ជួសជុល ។

លោក ស៊ុន ចាន់​ថុ​ល បាន​ជម្រាប​ជូន​លោក​ឯកអគ្គរដ្ឋទូត​អំពី​វឌ្ឍនភាព​នៃ​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ ២២ ។ ក្នុង​ជំនួប​ជាមួយ​គ្នា​នោះ​ដែរ លោក​ឯកអគ្គរដ្ឋទូត​បាន​ទទួលស្គាល់​នូវ​ភាពយឺត​យ៉ាវ​នៃ​ការ​សាងសង់​ផ្លូវជាតិ​លេខ​២ និង​លេខ​២២ និង​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា នឹង​ជួយ​ជ្រោមជ្រែង​ធ្វើ​យ៉ាងណា​ឲ្យ​គម្រោង​នេះ​បាន​អនុវត្ត​ទាន់​ពេលវេលា​តាម​ការ​គ្រោងទុក​ប្រកបដោយ​គុណ​ភាពរឹងមាំ និង​អាច​ប្រើប្រាស់​ជាប់​បាន​យូរអង្វែង​។

លោក​ទេស​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​បាន​ជម្រាប​ជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​អំពី​ការ​បំពេញការងារ​ប្រកបដោយ​ការ​ទទួលខុសត្រូវ ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ប្រកបដោយ​គុណភាព រឹង​មាំ និង​វិស័យ​អាទិភាព​សំខាន់​ៗ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

លោក​ទេស​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ក៏​ដូច​ជា​ប្រជាជន​កូរ៉េ​ដែល​បាន​ផ្ដល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​ការ អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​មានការ​រីក​ចម្រើន​នា​ពេល​កន្លង​មក ។

ក្នុង​ជំនួប​នោះ​ដែរ លោក​ឯកអគ្គរដ្ឋទូត កូរ៉េ​ក៏​បាន​ស្នើ​សុំ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ផ្តល់​ការ​គាំទ្រ និង​កិច្ចសហការ​លើ​គម្រោង អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា និង​បាន​សម្តែង​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​បន្ត​ជួយ​ដល់​កម្ពុជា​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណ​ភាពរឹងមាំ ប្រើប្រាស់​បាន​យូរអង្វែង ។

ជា​ការ​ឆ្លើយ​តប លោក​ទេស​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល កូរ៉េ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​នៅ​ក្នុង​តំបន់ ដោយ​ស្មារតី​យកចិត្តទុកដាក់​ខ្ពស់ ។

គួរ​ឮ​កថា កាលពី​ពេល​ថ្មី​កន្លង​មកនេះ​លោក ស៊ុន ចាន់​ថុ​ល បាន​ព្រមាន​លុ​ច​ក្រុមហ៊ុន​សាងសង់​ខាងលើ​របស់​កូរ៉េ ដោយសារ​ក្រុម​នេះ​មិន​ព្រម​ធ្វើ​បន្ទាប់​ចុះ​កុងត្រា​រួច ។ ជាង​នេះ​ក្រសួង​ក៏​បានឲ្យ​ក្រុមហ៊ុន​ធ្វើ​យ៉ាងណា​សាង​សង់​ផ្លូវ​តាម​ស្តង់​​ឆាប់ បើ​មិន​ដូច្នេះ​ទេ ក្រសួង​នឹង​ប្រកាស​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ដេញថ្លៃ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ