ខេត្តព្រះសីហនុ ៖ ឆ្នេរថ្មីប្រវែងជាង២០០០ម៉ែត្រ ដែលមានទីតាំងស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ដែលបានឈ្មោះថា «ឆ្នេរលោកយាយជំទាវម៉ៅ» នឹងក្លាយជាតំបន់ទេសចរណ៍ថ្មីក្នុងក្រសែភ្នែកភ្ញៀវទេសចរណ៍ នាពេលដ៏ខ្លីខាងមុខនេះហើយ។

យោងតាមប្រភពមន្ត្រីសាលាខេត្តព្រះសីហនុ បានឱ្យដឹងថា ការរៀបចំឆ្នេរសមុទ្រថ្មីមួយទៀត នាទឹកដីស្រុកព្រៃនប់ គឺ «ឆ្នេរលោកយាយជំទាវម៉ៅ» ដែលមានប្រវែងប្រមាណជាង ២,០០០ម៉ែត្រ បានចាប់ផ្តើមជាបណ្តើៗហើយ ដែលអាចនឹងទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្ត និងប្រទេសកម្ពុជាកាន់តែប្រសើរឡើងថែមទៀតផង។

ទាក់ទិនទៅនឹងការរៀបចំឆ្នេរ ថ្មីនេះផងដែរ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ បានអបអរសាទរ និងស្វាគមន៍ ឆ្នេរសមុទ្រថ្មី «ឆ្នេរលោកយាយជំទាវម៉ៅ» ពួកគាត់ពិតជាសប្បាយរីករាយ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ដែលបានចាត់តាំងលោក គួច ចំរើន មកជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក គួច ចំរើន ប្រជាជនទាំងអស់ ពិតជាសប្បាយរីករាយជាខ្លាំង ដោយបានរស់នៅប្រកបដោយសេចក្ដីសុខ សុវត្ថិភាព សន្ដិភាព ការយល់ពីសុខទុក្ខរបស់ប្រជាជន ចុះជួបផ្ទាល់ ស្ដាប់ពីបញ្ហា ការដោះស្រាយផ្សេងៗជាច្រើនទាន់សភាពការណ៍ តម្រូវការប្រជាជន និងរីករាយ អបអរជាមួយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្ត ៕ (កែសម្រួលដោយ ៖ បុប្ផា)





ចែករំលែកព័តមាននេះ