ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​នៃ​ពិធី​បន់ស្រន់​បួងសួង​សុំ​ទឹក​ភ្លៀង

3 ឆ្នាំ មុន
  • ភ្នំពេញ

ព្រះរាជាណាចក្រ​កម្ពុជា​យើង ជា​ប្រទេស​អំណោយផល​ខាង​កសិកម្ម ។ តាំងពី​ដើម​រៀង​មក ប្រជា​កសិករ​ខ្មែរ​ប្រកប​របរ​ស្រែ​ចម្ការ ដោយ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅ​លើ​ទឹក ភ្លៀង ។ កាល​ណា​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​ទៀងទាត់​តាម​រដូវ​នោះ ការ​ភ្ជួរ​រាស់…

ព្រះរាជាណាចក្រ​កម្ពុជា​យើង ជា​ប្រទេស​អំណោយផល​ខាង​កសិកម្ម ។ តាំងពី​ដើម​រៀង​មក ប្រជា​កសិករ​ខ្មែរ​ប្រកប​របរ​ស្រែ​ចម្ការ ដោយ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ទៅ​លើ​ទឹក ភ្លៀង ។ កាល​ណា​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​ទៀងទាត់​តាម​រដូវ​នោះ ការ​ភ្ជួរ​រាស់ សាបព្រោះ ដក​ស្ទូង តែងតែ​ដំណើរ​ការ​បាន​ល្អ​ប្រពៃ ។

ផ្ទុយ​ទៅ​វិញ កាលបើ​ចូល​ក្នុង​រដូវវស្សា​ហើយ ព្រះ​ពិរុណ បែរជា​មិន​បង្អុរ​ចុះ​តាម​កាលកំណត់ ឬ​មាន​ភ្លៀង​ដែរ តែ​តិចតួច​ស្ទួ​ច​ស្តើង​ពេក ឬ​ក៏​យឺត​ពេក​នោះ ការងារ​ធ្វើស្រែ​ចម្ការ​ត្រូវ​រអាក់រអួល ឬ​រាំងស្ទះ ជា​ហេតុ​នាំ​ទៅ​ដល់​គ្រោះ​ទុរ្ភិក្ស អត់ឃ្លាន​ដែល​ជា​ទម្ងន់​មួយ​ដល់​សង្គម ។

ដោយហេតុ​នេះ កាលបើ​ដល់​ខែជេស្ឋ ឬ​អាសាឍ​ហើយ​នៅ​តែ​បន្ត​រាំងរឹះ​ស្ងួត​ហួតហែង​នោះ ប្រជា​​កសិករ​តែងតែ​ភិតភ័យ ហើយ​គេ​នាំ​គ្នា​ទៅ​ពិគ្រោះ​សុំ​យោបល់​ពី​ចាស់ព្រឹទ្ធាចារ្យ​ក្នុងស្រុក ។ មេបា​ចាស់​ស្រុក​ណែនាំ​ថា តាំងពី​យូរលង់​ណាស់​មក​ហើយ កាលណា​បាន​ជួបនឹង​គ្រោះ​រាំង​ស្ងួត ក្នុង​រដូវភ្លៀង​ដូច្នេះ គេ​នាំ​គ្នា​ប្រារព្ធ​ពិធីបួងសួង បន់ស្រន់​សុំ​ទឹកភ្លៀង ។ តែ​ទោះជា​ពិធី​បន់ស្រន់​បួងសួង​សុំ​ទឹកភ្លៀង​នេះ​មាន​ទម្រង់​ខុស​ប្លែក​គ្នា ខ្លះ​ៗ​ទៅ​តាម​និគម តំបន់ ជនបទ ស្រុក ខេត្ត យ៉ាងណា​ក្តី ក៏​គេ​តែងតែមាន​ពិធី​ដោយឡែក​របស់​គេ​ជា​ដរាប ។

យោង​តាម​សៀវភៅ «​កម្រង​ឯកសារ​ស្តី​ពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ​» រៀបរៀង​ដោយ​ព្រឹទ្ធា​ចារ្យ​មៀ​ច ប៉ុណ្ណោះ បង្ហាញ​ពី​ពិធី​បន់ស្រន់​បួងសួង​សុំ​ទឹកភ្លៀង នៅ​ភូមិ​ខ្វាវ ឃុំ​ព្រៃ​អំពក ស្រុក​គិរីវង់ ខេត្តតាកែវ ដើម្បី​បានដឹង​អំពី​ទិដ្ឋភាព​ខ្លះ​ៗ នៃ​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​យើង ។

១-​ពិធីបុណ្យ​សុំ​ទឹកភ្លៀង​នៅ​ទួល​អ្នកតា​ត្រពាំង​ក្រពើ ៖
តាំងពី​បុរាណ​រៀង​មក ចាស់ទុំ​ក្នុងស្រុក​បាន​កំណត់​យក​ថ្ងៃ​ណាមួយ​នៃ​ខែជេស្ឋ ដើម្បី​ប្រារព្ធ​ពិធី​សុំ​ទឹកភ្លៀង ។ លុះដល់​ថ្ងៃ​កំណត់​ហើយ ប្រជា​កសិករ​ចំនួន​ន​ពីរ ឬ​បី​ភូមិ​ដែល​នៅ​ជិតខាង​ទួល​អ្នកតា​នោះ បាន​ស្រុះស្រួល​មូលមតិ​គ្នា​ធ្វើបុណ្យ​បន់ស្រន់ បួងសួង សុំ​ទឹកភ្លៀង​នៅ​ទួល​អ្នកតា​ត្រពាំង​ក្រពើ ។ នៅ​ទីនោះ​ក្រោម​កិច្ច​ចាត់ចែង​របស់​ចាស់​ស្រុក​ម្នាក់ គេ​បាន​សង់រោង​បុណ្យ រាជ​វ័តិ​នៅ​ទិស​ខាងកើត​ចំ​ពីមុខ​រោង​បុណ្យ ។

រាន​ទេព្តា​ប្រាំបី​ទិស បាន​សង់​ឡើង​តាម​ជ្រុង ឬ​មុំ​នៃ​រាជវ័តិ ដែល​ក្នុង​នោះ គេ​បាន​រៀបចំ​ជា​ស្លាធម៌ ទៀន​ប្រាំ ធូប​ប្រាំ បូជា​ទេព្តា​រក្សា​ទឹកដី ។ នៅ​ក្នុង​បរិវេណ​រាជវ័តិ គេ​ពូន​ភ្នំខ្សាច់​ចំនួន​ប្រាំបី ដែល​នៅ​ពីលើ​នោះ​គេ​ដោត​ទង់ជ្វាលា ចម្រុះ​ពណ៌​មាន​ដោត​ទៀន ធូប អុជ​ឆេះ​បញ្ចេញ​ផ្សែងហុយ​ទ្រលោម ។ នៅ​ចន្លោះ​ភ្នំខ្សាច់​ទាំងនោះ គេ​ជីក​ស្រះ​ប្រាំបី (​កាលណា​ពិធីបុណ្យ​នេះ​ធ្វើ​ឡើង ដើម្បី​​បន់ស្រន់​បួងសួង​សុំ​ទឹកភ្លៀង ទើប​គេ​ជីក​ស្រះ​ដាក់​ត្រី​ក្រាញ់​) ក្នុង​នោះ​គេ​គេ​ដាក់​ត្រី​ក្រាញ់​ឱ្យ​ហែល​ទឹក រវិច​ៗ​។

នៅ​រាត្រី​ចូល​ពិធី មាន​ចាត់ចែង​កម្មវិធី​ចម្រើន​ព្រះ​បរិត្ត​សម្តែងធម៌​ទេសនា​គ្រែ​បី ហើយ​នៅ​ចុង​បញ្ចប់ មាន​លេង​សិល្បៈ​យីកេ​កំដរ​បុណ្យ​រហូត​ទល់​ភ្លឺ ។

ចង្ហាន់ ដែល​ប្រគេន​ព្រះសង្ឃ​ក្នុង​ពិធីបុណ្យ​នោះ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​ពុំ​មាន​រៀបចំ​ចាត់ចែង​ជា​សម្ល ឬ​ម្ហូបអាហារ​ដូច​ធម្មតា​ឡើយ គឺ​មាន​សុទ្ធតែ​សម្ល​បួស បាយ​បួស (​បាយ​បួស គឺ​បាយដំណើប​លាយ​ដូងទុំ ឯ​សម្ល​បួស គឺ​សម្ល​ធម្មតា​បង់​តែ​ខ្ទិះ​ដូងទុំ​ឥត​មាន​ត្រី​សាច់​ទេ​) ។ ព្រះសង្ឃ​និង​ឧបា​សក ឧបាសិកា ដែល​ចូលរួម​ក្នុង​ពិធីបុណ្យ​បួងសួង​សុំ​ទឹកភ្លៀង​នេះ​ត្រូវ​ឆាន់ និង​បរិភោគ​បាយ​សម្ល របៀប​នេះ​ទាំងអស់​គ្នា តាម​ប្រពៃណី​ទំនៀមទម្លាប់​ដែល​ធ្លាប់​ធ្វើ​យ៉ាងនេះ តាំងពី​យូរលង់​ណាស់​មក​ហើយ ។

លុះ​លោក​ឆាន់​រួច​ហើយ លោក​ព្រឹទ្ធាចារ្យ​ចាស់​ស្រុក បាន​ហៅ​គ្នីគ្នា​ទៅ​សែន​សង្ឃឹក ។ នៅ​ក្នុង​សង្ឃឹក​នោះ គេ​យក​ស្រទាប់​ចេក​ឆ្លាក់​ធ្វើ​ជា​រូប​គោ ក្របី សេះ ជ្រូក មាន់ ទា ហើយ​​មាន​ទាំង​សំណែន បង្អែម ចំអាប បា​យស ក្រហម មាន​អុជ​ទៀន ធូប​ព្រោងព្រាត។

គេ​សែនព្រេន គម្រប់​បី​ដង​ថា «​ថ្ងៃនេះ ថ្ងៃជា ពេលា​ល្អ យើងខ្ញុំ​ទាំងឡាយ​បាន​មូលមតិ​គ្នា ធ្វើ​បុណ្យ​នៅ​ទួល​អ្នកតា​ត្រពាំង​ក្រពើ ឬ​អ្នកតា​ស៊ី​ស្លឹក ដើម្បី​បួងសួង​សូម​ទេវតា​ទាំង​ប្រាំបី​ទិស ពិសេស​ទេវតា​រក្សា​ទឹកដី ទី​ភូមិឋាន​នេះ ព្រមទាំង​អា​រុក្ខ​អារក្សអ្នកតា​ក្នុង​តំបន់​នេះ​ទាំង​ប៉ុន្មាន មេត្តា​បង្អុរ​ភ្លៀង​ឱ្យ​បាន​បរិបូណ៌ ដើម្បី​ប្រកប​កិច្ចការ​ភ្ជួរ​រាស់​ដក​ស្ទូង​បាន​ស្រួល និង​សូម​ឱ្យ​ដំណាំ​ផង​ទាំងពួង លូតលាស់​ដើមដង ផ្លែផ្កា​ល្អ​បរិបូណ៌ ។

ម្យ៉ាងវិញទៀត សូម​ឱ្យ​កូនចៅ​អ្នកស្រុក អ្នក​ភូមិ បាន​សុខ​សប្បាយ​កុំឱ្យ​មាន​ជំងឺ​តម្កាត់​អ្វី មក​បៀត​បៀន​បានឱ្យ​សោះ សូម​រោគាព្យាធិ​ទាំងឡាយ វិនាស​ខ្ចាត់ខ្ចាយ​រលាយ​ចេញ​ទៅ ។ រីឯ​សត្វ​ធាតុ​ទាំងឡាយ​មាន​គោ ក្របី ជ្រូក ក្តាន់ មាន់ ទា សូម​ឱ្យ​បាន​សុខ​សប្បាយ​ប្រាសចាក​ជំងឺ​តម្កាត់​ផង​នានា ឱ្យ​បាន​សុខដុមរមនា​តរៀង​ទៅ » ។ លុះ​សែន​ចប់​ហើយ លោកតា​អាចារ្យ​បង្គាប់​ឱ្យ ក្មេង​ៗ​សែង​សង្ឃឹក​ឆ្ពោះទៅ​ទិសឦសាន ទួល​អ្នកតា​យក​ទៅ​ទុក​ក្បែរ​ដំបូក​ជា​ការ​ស្រេច ។

នៅ​ពេល​ថ្ងៃត្រង់ ជាក់ (​គឺ​ព្រះអាទិត្យ​នៅ​ចំ​ពីលើ​ក្បាល​) លោក​អាចារ្យ​និមន្ត​ព្រះសង្ឃ ប្រាំបី​អង្គ​គង់​ព័ទ្ធ​ជុំវិញ​រាជវ័តិ ហើយ​នមស្ការ​ព្រះ​អង្គ​សូត្រធម៌ ប្រទាក់​ស្មា​ព្រហ្ម​ចំនួន​មួយ​រយ​ចប់​ក្នុង មួយ​អង្គ​ៗ ។ ចំពោះ​ធម៌​ដែល​ព្រះសង្ឃ​ត្រូវ​សូត្រ​មួយ​រយ​ចប់​នេះ ពុំ​មាន​កំណត់​ថា ត្រូវ​សូត្រធម៌​អ្វី​នោះ​ឡើយ ។ ព្រះសង្ឃ​ណា​ចង់​សូត្រធម៌​ណា​ក៏​បានឱ្យ​តែ​បាន​គ្រប់​មួយ​រយ​មេ ។

ពេល​សូត្រធម៌​ព្រះ​សង្ឃ​ត្រូវ​គង់​ឈរ ហើយ​តាំងធម៌ ផ្សេង​ៗ រៀង​ៗ​ព្រះ​អង្គ ។ គេ​ស្តាប់​ទៅ​ឮ​សូរ​ទ្រហឹង​អឺងអាប់​រ៉ែរ៉ ង៉ោកង៉ាក លាន់​រំពង​ពេញ​ទាំង​ទួល ។ ព្រះសង្ឃ​ប្រឹង​ឈរ​សូត្រ​ទម្រាំ​បាន​មួយ​រយ​ចប់ ត្រូវ​ចំណាយ​​ពេលវេលា​មិន​តិច​ប៉ុន្មាន​ទេ ។ ដោយ​ត្រូវ​កម្តៅ​ព្រះអាទិត្យ​ផង ព្រះ​កេស​របស់​ព្រះ​អង្គ​ត្រូវ​បែកញើស​ទទឹក​ទាំង​ចីវរ​ស្បង់ ជោរ​ជោក​ទាំងអស់ ។

លុះ​ព្រះសង្ឃ​ស្វាធ្យាយ​ធម៌​ចប់​ហើយ លោកតា​ចាស់​ស្រុក ក៏​សម្បូងសង្រូង សូម​ទេពនិករ​ទាំង​មួយ​ម៉ឺន​លោកធាតុ អា​រុក្ខ​អារក្ស អ្នកតា សូម​បង្អុរ​ភ្លៀង​ឱ្យ​មនុស្សលោក​បាន​ធ្វើស្រែ​ចម្ការ បង្ក​បង្កើន​ផល​គ្រាន់​ចិញ្ចឹមជីវិត ព្រមទាំង​ប្រសិទ្ធពរ​ឱ្យ​អ្នកស្រុក ទាំង​សត្វពាហនៈ​បាន​សុខ​ជា គ្រប់​ៗ​គ្នា ។

ញើស​ដែល​ហូរ​ស្រោច​រាង​កាយ​ព្រះសង្ឃ ដោយសារ​កម្តៅ​ព្រះអាទិត្យ ពេល​ថ្ងៃត្រង់ និង​ដោយ​សារ​ខំប្រឹង​ស្វាធ្យាយ​ធម៌​នេះ​ជា​និមិត្តរូប​មួយ ។ ត្រី​ក្រាញ់​ដែល​ហែល រវិច​ៗ​ក្នុង​កូន​អណ្តូង តូច​ៗ​ដែល​មានទឹក​តិច​ៗ នេះ​ជា​និមិត្តរូប​មួយទៀត ។ បន្ទាប់​ពី​ព្រះសង្ឃ​សូត្រធម៌​ប្រទាក់​ស្មា​ព្រហ្ម​គ្រប់​មួយ​រយ​ចប់​ហើយ គេ​ក៏​ប្រារព្ធ​ពិធី​ចាប់ ចាស់​ៗ​ស្រោច​ទឹក ដែល​នេះ​ជា​និមិត្តរូប​មួយទៀត​មាន​អត្ថ​ន័យ​អង្វរក​សុំ​ទឹកភ្លៀង ដើម្បី​ការ​រស់រាន​នៃ​មនុស្ស សត្វ រុក្ខជាតិ និង​ផលដំណាំ​ផ្សេង​ៗ ។

នៅ​ពេល​រសៀល​បន្តិច ក្រោយ​ដែល​ព្រះសង្ឃ​និមន្ត​ទៅ​វត្ត​វិញ លោកតា​ឈុ​ន (​ជា​អ្នកដឹកនាំ​ចាត់ចែង​ពិធីបុណ្យ​នេះ ស្លាប់​ទៅ​ជាង​៧០​ឆ្នាំ​ហើយ​) ជា​ចាស់​ស្រុក​បាន​ប្រារព្ធ​ពិធី​មួយទៀត គឺ​ការ​លៀងអារក្ស​បញ្ចូល​រូប​ខ្មោច ព្រាយ​ព្រ័​ក្ស​ល្បាក់សា ផ្សេង​ៗ ដើម្បី​លន់តួ​សុំ​ទឹកភ្លៀង ជា​កិច្ចបញ្ចប់​ពិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ