រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានសម្រេចឲ្យអ្នកធ្វើដំណើរតាមយន្តហោះមកពីប្រទេសក្រៅចំនួន១០០នាក់ យកសំណាក់ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ។

ការសម្រេចរបស់លោករដ្ឋមន្ត្រីនេះ ដើម្បីបន្ថែមទៅលើការការពារទប់ស្កាត់ ការរាតត្បាតពីការចម្លង វីរុសផ្លូវដង្ហើមកូវីដ១៩ ដែលកំពុងផ្ទុះឡើង និងវិវត្តយ៉ាងឆាប់រហ័សនៅ លើសកលលោក ។

លោកសាស្ត្រា ចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនារាត្រីថ្ងៃទី២៤ ឧសភា ២០២០ បានចុះពិនិត្យម៉ាស៊ីនស្កេនកម្តៅ តាមច្រកចេញ ចូល និងទទួលភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិចេញពីក្រៅប្រទេសចូលមកកាន់ប្រទេសកម្ពុជាទាំងជនជាតិខ្មែរ និងជនជាតិបរទេស តាមជើងយន្តហោះ Korea air មកដល់កម្ពុជានៅម៉ោង២២និង១០ ចំនួន២៨នាក់ និងតាមជើងយន្តហោះ Asiana airlines មកដល់កម្ពុជា នៅម៉ោង២២និង៥៥ ចំនួន៧២នាក់ ពួកគាត់ទាំងអស់ (សរុបចំនួន១០០នាក់) ត្រូវយកទៅធ្វើតេស្តយកសំណាកទាំងយប់រហូតទាល់តែអស់ចំនួន និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមូលដ្ឋានទ័ពអាកាស និងមណ្ឌលសុខភាពចាក់អង្រែ ។

លោករដ្ឋមន្ត្រីបន្តថា ដោយកន្លងមកយើងសង្កេតឃើញហើយថា រាល់អ្នកជំងឺកូវីដ១៩នៅកម្ពុជាសុទ្ធសឹងជាករណីនាំចូល ដូច្នេះយើងមិនបន្ធូរដៃឡើយនៅតែបន្ដរឹងបន្ដឹងវិធានការការងារដល់មន្ដ្រីរបស់យើងគ្រប់លំដាប់ថ្នាក់ បន្ដយកចិត្ដទុកដាក់ខ្ពស់ក្នុងសកម្មភាពបង្ការជំងឺកូវីដ១៩នេះ ។

លោកបន្ថែមនៅយប់នេះមានជើងហោះហើរចំនួនពីរជើង ពីសាធារណរដ្ឋកូរ៉េ សរុបមានអ្នកដំណើរ១០០នាក់ មានជាជនជាតិខ្មែរ កូរ៉េ បារាំង អាមេរិក អ៊ីរ៉ាក់ ក្នុងនោះ មន្ដ្រីរបស់យើងមិនអនុញ្ញាតឱ្យអ្នកដំណើរទាំងអស់នោះត្រលប់ទៅផ្ទះនោះទេ គឺត្រូវយករថយន្ដដឹកពួកគាត់ ទៅដាក់មណ្ឌលត្រួតពិនិត្យសុខភាព ស្ថិតនៅក្នុងទីតាំងទ័ព អាកាសកងយោធពលខេមរភូមិន្ទ និងមណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីយកសំណាកធ្វើតេស្ដរកកូវីដ១៩ ទាំងយប់ ។

រដ្ឋមន្ដ្រីថ្លែងបន្ដថា«មិនថា សម្រាប់តែជើងហោះហើរពីកូរ៉េនោះទេ គឺរាល់អ្នកដំណើរទាំងអស់ត្រលប់មកកម្ពុជា គឺត្រូវតែធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ និងធ្វើតេស្តកូវីដ១៩ ដើម្បីចៀសផុតពីហានិភ័យខ្ពស់នៃការរីករាលដាលនៃជំងឺ កូវីដ១៩ចូលមកកម្ពុជាយើង ។ ទោះលទ្ធផលចេញមកអវិជ្ជមានក៏ដោយ ក៏តម្រូវឱ្យអ្នកដំណើរនោះ បន្ដទៅធ្វើចត្ដាឡីស័កដោយខ្លួនឯងនៅផ្ទះចំនួន១៤ថ្ងៃទៀតបន្ថែមផងដែរ ។
ជាមួយគ្នានោះដែររដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែបន្តការពារ និងប្រុងប្រយ័ត្នខ្ពស់ ទៅតាមការវិធានការការពារ របស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនទោះក្នុងកាលៈទេសៈណាក៏ដោយ៕
ចែករំលែកព័តមាននេះ