ព្រះអង្គដងកើមានវត្តមានស្ថិតនៅខាងមុខព្រះបរមរាជវាំងជាប់ដងទន្លេចតុមុខ លោកអ្នកខ្លះក៏ធ្លាប់ចូលទៅអុជធូបបួងសួង បន់ស្រន់ ខ្លះក៏បានសម្រេច ខ្លះក៏មិនបានសម្រេចដូចបំណង ប៉ុន្តែលោកអ្នកជាច្រើនប្រហែលជាពុំបានដឹងពីប្រវត្តិនៃទីសក្ការៈនោះទេក៏មិនដឹង ។
លោកតាព្រឹទ្ធាចារ្យដែលប្រចាំការនៅទីនោះមួយរូបបានឱ្យដឹងថា បើតាមចាស់ៗពីជំនាន់មុនបាននិយាយតៗគ្នាថា ក្នុងសម័យសម្តេចព្រះនរោត្តម សីហនុ នៅពេលព្រះអង្គមិនបានគង់នៅក្នុងព្រះបរមរាជវាំង គេក៏លើកទង់ជាតិឡើងដើម្បីជាសញ្ញាសម្គាល់ថា ព្រះអង្គមិនបានគង់នៅក្នុងព្រះបរមរាជវាំងទេ ។ លុះក្រោយមកពលរដ្ឋខ្មែរយើងនាំគ្នាហៅដងទង់ជាតិនេះថា ដងកើ ។
ក្រោយមកឮថាមានអ្នកតាចូលសណ្ឋិតនៅដងទង់ជាតិ ឬដងកើ ហើយក៏នាំគ្នាសាងសង់ព្រះវិហារមានខ្នាតតូចមួយ និងមានរូបសំណាកជាតំណាងដងកើ ដោយនាំគ្នាហៅថា ព្រះអង្គដងកើ ។
ព្រឹទ្ធាចារ្យបន្តថា ចាប់តាំងពីពេលនោះមកមហាជនតែងតែទៅបែបន់សុំលាភសក្ការៈ ខ្លះសុំកូន សុំចៅ និងបួងសួងសុំពរជ័យផ្សេងៗទៀតតាមជំនឿរបស់ខ្លួន ដោយអ្នកខ្លះធូរធារក៏មានលេងភ្លេងពិណពាទ្យ និងជាវផ្កាឈូក ស្លាធម៌ ដាក់ថ្វាយព្រះអង្គដងកើ ។ មានអ្នកខ្លះបែបន់សុំបានសម្រេច ឯអ្នកខ្លះក៏សុំមិនបានសម្រេច ដែលជំនឿនេះរហូតមកដល់សព្វថ្ងៃ ។
បើទោះជាសម័យបច្ចុប្បន្នមានបច្ចេកវិទ្យារីកចម្រើនយ៉ាងណា ក៏ព្រះអង្គដងកើត្រូវបានគេចាត់ទុកថាជាអ្នកតាដ៏ស័ក្តិសិទ្ធិដែលមិនអាចចោលបាន ។
ជារៀងរាល់ថ្ងៃសីលមានមនុស្សទៅបែបន់ជាច្រើន ពិសេសចាប់ពីម៉ោង១រសៀលនាំគ្នាទៅទីនោះស្ទើររកកន្លែងអុជធូបមិនបាន ។ អ្នកទៅបន់ស្រន់ពីគ្រប់ទិសទី មិនថាតែអ្នកភ្នំពេញទេ គឺមានទាំងអ្នកមកពីតាមបណ្ដាខេត្តនានាផងដែរ ។
អ្នកទៅអុជធូបបែបន់ បួងសួងទាំងនោះ អ្នកខ្លះទិញស្លាធម៌ ផ្កាឈូក ចេក និងតង្វាយផ្សេងៗដើម្បីថ្វាយដល់ព្រះអង្គដងកើ និងមានលែងសត្វដូចជា អណ្តើក បក្សី ឬត្រី ឱ្យរួចផុតពីសេចក្តីស្លាប់នៅខាងមុខព្រះអង្គដងកើទៀតផង ។
លោកយាយអ្នកលក់ផ្កា និងស្លាធម៌ម្នាក់កំពុងតែមមាញឹកណាស់ព្រោះមានអ្នកចូលទិញច្រើនបានរៀបរាប់ថា ឱ្យតែដល់ថ្ងៃសីល ឬថ្ងៃពេញបូណ៌មីម្តងៗគាត់លក់ដាច់ណាស់ ហើយអ្នកផ្សេងទៀតក៏ដូចគ្នាដែរ ។ នេះជារបរជាប់លាប់ប្រចាំថ្ងៃដែលពួកគាត់អាចរកដោះស្រាយជីវភាពគ្រួសារបាន ថ្វីបើមិនធូរធារក្ដី ក៏បានគ្រប់គ្រាន់ ។ សាន សារិន
ចែករំលែកព័តមាននេះ