រាជធានីភ្នំពេញ ៖ បើតាមការឲ្យដឹងរបស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលបានឲ្យដឹងថាស្ត្រីខ្មែរមួយរូបដែលធ្វើដំណើរមកពីសហរដ្ឋអាមេរិកដែលត្រូវបានរកឃើញថាកើតកូវីដ-១៩នោះ គឺបានរៀបចំជាមុនក្នុងការការពារសមាជិកគ្រួសារដោយគាត់បានបញ្ជូនកូនៗនិងក្មួយៗឲ្យខេត្តរួចរាល់ហើយ ។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា ស្ត្រីខ្មែរអាយុ៣៩ ឆ្នាំ មុនមកដល់កម្ពុជានាថ្ងៃទី ៨ ឧសភា ឆ្នាំ២០២០នោះ គឺ «គាត់បានបញ្ជូនកូន២នាក់ និងក្មួយម្នាក់ ទៅស្រុកកំណើតនៅខេត្តកំពង់ចាម ដើម្បីកុំឲ្យមានការចម្លងព្រោះគាត់បានដឹងថា ពេលមកដល់កម្ពុជា គាត់ត្រូវដាក់ឲ្យនៅដាច់ដោយឡែក និងត្រូវការពារក្រុមគ្រួសារពីការចម្លងជាយថាហេតុ» ។
ប្រភពដដែលបានបន្តថា ដូច្នេះ គិតត្រឹមថ្ងៃទី ២៤ ឧសភានេះក្រសួងសុខាភិបាលបានរកឃើញមនុស្សសរុប ៦៧ នាក់បានប៉ះពាល់ជាមួយនឹងស្ត្រីខ្មែរវិលត្រឡប់មកពីអាមេរិកដែលមានវិជ្ជមានកូវីដ១៩ តែក្នុងនោះគឺមានស្វាមីរបស់ស្ត្រីវ័យ ៣៩ ឆ្នាំរូបនេះទេដែលត្រូវបានចាត់ទុកជាអ្នកមានហានិភ័យខ្ពស់ និងប៉ះពាល់ផ្ទាល់តែស្វាមីរូបនេះត្រូវបានធ្វើតេស្តរកឃើញថាអវិជ្ជមានកូវីដ១៩ ។ សម្រាប់អ្នកប៉ះពាល់ផ្សេងទៀត ដែលក្រុមការងារបានស្រាវជ្រាវនោះគឺរកឃើញថាស្ថិតក្នុងហានិភ័យទាបមានចំនួន ៥២ នាក់និងហានិភ័យមធ្យមមានចំនួន១៤នាក់ ។
លោកជំទាវ ឱ វណ្ណឌីនបានបន្តថា «ដោយសារស្វាមីគាត់ជាអ្នកប៉ះពាល់ផ្ទាល់ ស្វាមីគាត់បានត្រូវធ្វើតេស្តរួចហើយ ដោយទទួលលទ្ធផលអវិជ្ជមាន តែតម្រូវឲ្យធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃជាបន្តបន្ទាប់ដោយមានការតាមដានពីក្រុមការងារ ៕
ចែករំលែកព័តមាននេះ