រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្រោយពីតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បើកស៊ើបសួរលើសំណុំរឿងអតីតតារាកប្លែងនាង ឃ្មឹប និងបក្ខពួកពាក់ព័ន្ធគ្រឿងញៀនចប់សព្វគ្រប់ហើយ កាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យទាំង៧នាក់ ១-ឈ្មោះ រ៉េន សុធារី ហៅ ឃ្មឹប ភេទស្រី អាយុ៤៦ឆ្នាំ អតីតតារាកំប្លែង, ២-ឈ្មោះ ឈួន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ, ៣-ឈ្មោះ ឈួន រ៉ាទី ភេទស្រី អាយុ១៦ឆ្នាំ, ៤-ឈ្មោះ វណ្ណា វណ្ណី ភេទប្រុស អាយុ៣០ឆ្នាំ, ៥-ឈ្មោះ ប្រាក់ បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ, ៦.ឈ្មោះ មុត បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ និង៧-ឈ្មោះ ម៉ៅ ម៉ាប់ ភេទស្រី អាយុ៣៥ឆ្នាំ ។
ពាក់ព័ន្ធនឹងករណីខាងលើ ព្រះរាជអាជ្ញារងកាន់សំណុំរឿងនេះ បានសម្រេច ៖ ១-នាង ឃ្មឹប និងកូកន៤នាក់ពាក់ព័ន្ធគ្រឿងញៀន បានបញ្ជូនឲ្យទៅដេកនៅមណ្ឌលបន្សាបគ្រឿងញៀន (ឱកាសខ្ញុំ) ២-ម្នាក់ឈ្មោះ ឈួន សំណាង ស្នាក់នៅកន្លែងចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវបញ្ជូនទៅដាក់ពន្ធនាគារព្រៃ.សជាបណ្តោះអាសន្ន។
៣-ក្នុងនោះមានម្នាក់ត្រូវបានអនុញ្ញាតិឲ្យទៅផ្ទះវិញ ដែលតាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា ម្នាក់នោះមិនជាប់ពាក់ព័ន្ធគ្រឿងញៀនទេ គឺចាប់ក្នុងរង្វង់ប្រតិបត្តិការ ។ សរុបឲ្យខ្លី គឺមនុស្ស៧នាក់ ៥នាក់ដាក់ទៅមណ្ឌលបន្សាបគ្រឿងញៀន និងម្នាក់ទៅព្រៃស ចុងក្រោយម្នាក់ទៀតឲ្យត្រឡប់ទៅផ្ទះវិញ ។
សូមរំលឹកថា កាលពីម៉ោង៥ល្ងាច ថ្ងៃទី១៦ ខែឧសភាកន្លងទៅកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានធ្វើការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយករណី ស្ថិតនៅចំណុចក្បែរបារតុមុខ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ក្នុងនោះគេបានសង្កេតឃើញថា នាងឃ្មឹបក៏នៅក្នុងក្រុមនោះដែរ រួមទាំងបក្សពួកប្រុស-ស្រីទាំង៦នាក់ រួមទាំងដកហូតថ្នាំញៀនចំនួន១៥កញ្ចប់ជាវត្ថុតាងផងដែរ ។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ សមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ។
សូមរំលឹកបន្តថា លុះដល់ថ្ងៃទី១៩ ខែឧសភា សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ ក៏បានបញ្ជូនជនសង្ស័យ៧នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនផងដែរ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ