បុរស​គូ​ឡុំ​ប៊ី​មួយ​រូប​រស់នៅ ​និង​ជួយ​យុវជន​កម្ពុជា​ជាង​២០​ឆ្នាំ​មក​ហើយ​ទទូច​ចង់បាន​សញ្ជាតិ​ខ្មែ


រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​គូ​ឡុំ​ប៊ី​ម្នាក់​បាន​មក​ដល់​ប្រទេស​កម្ពុជា ជាង​២០​ឆ្នាំ​មក​ហើយ ដើម្បី​ជួយ​ដល់​យុវជន​កម្ពុជា តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ដល់​យុវជន​ក្រីក្រ និង​មិន​មាន​លទ្ធភាព​សិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ ឱ្យ​ចូល​សិក្សា​ជំនាញ​បច្ចេកទេស និង​បាន​ធ្វើ​អោយ​យុវជន​រាប់​ម៉ឺន​នាក់​ហើយ​ទទួល​បាន​ពន្លឺជីវិត​ថ្មី ។

បុរស​រូប​នេះ បាន​ចូល​មក​កម្ពុជា ក្នុង​នាម​ជា​បព្វជិត​ក្នុង​សាសនា​កាតូលិក ( គ្រី​ស្ទេ​ន ) និង​ជា​គណៈ​គ្រប់គ្រង​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ លោក​មានឈ្មោះ​ថា Abeiro Rodas និង​មានឈ្មោះ​ជា​ខ្មែរ​ថា លី សំណាង ក៏​ប៉ុន្តែ​លោក​មិន​ទាន់​មាន​សញ្ជាតិ​ខ្មែរ​នៅឡើយ ហើយ​លោក​ក៏​ស្រលាញ់​ពេញចិត្ត​ទឹកដី​កម្ពុជា ប្រជាជន​កម្ពុជា ជា​ពិសេស​យុវជន​កម្ពុជា និង​ចង់បាន​សញ្ជាតិ​កម្ពុជា​ខ្លាំង​ណាស់​ក្នុង​ជីវិត​របស់​លោក ។

បច្ចុប្បន្ន​លោក លី សំណាង​ឬ​យុវជន​ក្នុង​សាលា​បច្ចេកទេស​ហៅ​ថា​លោកឪពុក​សំណាង ជា​អធិការ​គ្រប់គ្រង​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ​ខេត្ត​កែប​ផង​ដែរ ។ លោក​បាន​ចូល​មក​ប្រទេស​កម្ពុជា តាំងពី​ចុងឆ្នាំ​១៩៩៩ និង​បាន​ជួយ​អប់រំ​បណ្ដុះបណ្ដាល​យុវជន​កម្ពុជា រាប់​ម៉ឺន​នាក់​គិត​មក​ដល់​បច្ចុប្បន្ន​នេះ តាម​រយៈ​ការ​អប់រំ សីលធម៌ និង​ជំនាញ​បច្ចេកទេស ។

លោក​សំណាង ពិតជា​ចង់បាន​សញ្ជាតិ​ខ្មែរ ដើម្បី​មាន​សិទ្ធិ​ពេញលេញ​ដូច​ពលរដ្ឋ​ខ្មែរ ព្រោះតែ​លោក​ស្រលាញ់​និង​ពេញចិត្ត​ប្រជាជន​កម្ពុជា និង​ទឹកដី​កម្ពុជា ។ ក្នុង​ឆ្នាំ ២០១៦​កន្លង​ទៅ​នេះ សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ចូល​ទស្សនា​សកម្មភាព​នៅ​ក្នុង​សាលា​បច្ចេកទេស​ដុន​បូ​ស្កូ​ខេត្ត​កែប​និង​បាន​ជួប​ជាមួយ​លោក​លី សំណាង​ដែរ ។ អ្វី​ដែល​ជា​ការ​កត់សម្គាល់​សម្ដេច​បាន​សួរ​ទៅ​លោក​លី​សំណាង​ថា ប្រពន្ធ​កូន​នៅឯណា ។​

លោក​សំណាង​បាន​ឆ្លើយ​តប​វិញ​ថា សិស្ស​ក្នុង​សាលា​នេះ​សុទ្ធតែ​ជា​កូន​គាត់​តែ​គាត់​មិន​មាន​ប្រពន្ធ​ទេ មាន​ន័យ​ថា​លោក​មិន​អាច​រៀប​ការ​យកប្រពន្ធ​បាន​ទេ ក៏​ប៉ុន្តែ​តាម​ទំលាប់​អ្នក​កាន់សាសនា​កាតូលិក​គេ​ហៅ​លោក​ថា លោកឪពុក គឺ​មាន​អ្នក​ន​ន័យ​ថា​អ្នកបួស​ក្នុង​សាសនា​កាតូលិក​។

លោក​សំណាង​ឬ​លោក Albeiro Rodas ធ្លាប់​បាន​បង្ហើប​អោយ​ដឹង​ថា ក្នុង​មួយ​ជីវិត​របស់​លោក បើសិនជា​លោក​ទទួល​បាន​សញ្ជាតិ​ខ្មែរ លោក​ពិតជា​សប្បាយចិត្ត និង​កាន់តែ​មាន​ទឹកចិត្ត​ក្នុង​ការ​បណ្ដុះបណ្ដាល​និង​ជួយ​យុវជន​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា ក៏​ប៉ុន្តែ​ទោះបីជា​ពេល​នេះ លោក​មិន​មាន​សញ្ជាតិ​ក្ដី តែ​លោក​នៅ​តែ​ខិតខំ​អប់រំ​យុវជន​កម្ពុជា​អោយ​មាន​ជំនាញ​សម្រាប់​ចិញ្ចឹមជីវិត គ្រួសារ និង​អភិវឌ្ឍន៍​ប្រទេស​ក​ម្ព​ជា​ដដែល ។

គួរ​បញ្ជាក់​លោក លី សំណាង​ក៏​ធ្លាប់​បាន​សរសេរ​លិខិត​និង​ស្វែងរក​ការ​អន្តរាគមន៍​ទៅ​កាន់​សម្ដេច​តេ​ជោ ដើម្បី​ទទួល​សញ្ជាតិ​ខ្មែរ​នេះ​ដែរ ដោយ​ក្នុង​លិខិត​នោះ បាន​បញ្ជាក់​ថា​ក្នុង​នាម​លោក​ជា​អ្នកបួស​ក្នុង​គ្រឹ​ស្ត​សាសនា លោក​មិន​មានទ្រព្យ​សម្បត្តិ ឬ​លុយកាក់​ផ្ទាល់ខ្លួន​ទេ ប៉ុន្តែ​លោក​បាន​ផ្ដល់​អ្វី​ៗ​ជា​ច្រើន​ដល់​កុមារ និង​យុវជន​ជា​ច្រើន​តាំងពី​លោក​បាន​មក​ដល់​ប្រទេស​កម្ពុជា ។ ក្នុង​ខែតុលា ឆ្នាំ ២០២០​នេះ លោក​មាន​អាយុ​៥០​ឆ្នាំ​គត់ ហើយ​លោក​មាន​អារម្មណ៍​ថា​កាន់តែ​ស្រលាញ់​កម្ពុជា សប្បាយ​រីករាយ​នឹង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​បាន​ស្នើ​សុំ​សម្ដេច​នាយក​រដ្ឋមន្ត្រី មេត្តា ប្រណី សណ្ដោស​ដល់​លោក ដើម្បី​អោយ​លោក​បាន​ចូលរួម​ជាមួយ​ប្រជាជន​ខ្មែរ ដើម្បី​ប្រទេស​កម្ពុជា ជាទី​ស្រលាញ់​មួយ​នេះ​ដែល​ជា​ការ​រូ​ម​ចំណែក​ដល់​សង្គម​កម្ពុជា​ដ៏​ល្អ​មួយ​នេះ ៕ កែសម្រួលដោយ ៖ សុឃាក់

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ