ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ អេស៊ីលីដា ប្រកាសពីកាលបរិច្ឆេទលក់ភាគហ៊ុនជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទីបំផុតធនាគារ អេស៊ីលីដា បានប្រកាសជាផ្លូវការនៃការចុះបញ្ជីមូលបត្រកម្មសិទ្ធិនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលវិនិយោគិន និងសាធារណជនជា ច្រើនទន្ទឹងរង់ចាំ ហើយការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា…

រាជធានីភ្នំពេញ ៖ ទីបំផុតធនាគារ អេស៊ីលីដា បានប្រកាសជាផ្លូវការនៃការចុះបញ្ជីមូលបត្រកម្មសិទ្ធិនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដែលវិនិយោគិន និងសាធារណជនជា ច្រើនទន្ទឹងរង់ចាំ ហើយការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា គឺ ជាការបើកទំព័រស័ករាជថ្មីនៃប្រវតិ្តជោគជ័យរបស់ធនាគារក្នុងនាមជាធនាគារ ពាណិជ្ជទី ១ នៅព្រះរាជាណាចក្រកម្ពុជា ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារ អេស៊ីលីដា ចេញផ្សាយថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា ធនាគារ អេស៊ីលីដា នឹងចុះបញ្ជីមូលបត្រកម្មសិទិ្ធ ជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០នេះ ហើយ ។ វិនិយោគិនអាចដាក់បញ្ជាទិញ/លក់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ពីម៉ោង ៨ព្រឹកនៅថ្ងៃចុះបញ្ជីនោះដែរ ។

សេចក្តីប្រកាសដដែលនេះបង្ហាញថា ទោះបីជាស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺរាតត្បាតជាសកលក៏ដោយ ក៏វិនិយោគិនចំនួន ២,៤៩៧នាក់ បានធ្វើបរិវិសកម្ម (ទិញ) មូលបត្រកម្មសិទ្ធិរបស់ធនាគារ ហើយចំនួននេះ គឺជាចំនួនវិនិយោគិនដែលចូលរួម ច្រើនបំផុតសម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅក្នុងព្រះរាជាណាចក្រកម្ពុជា កន្លងមក ហើយក៏បង្ហាញពីភាពជឿទុកចិត្ត និងការគាំទ្ររបស់អតិថិជន និងសាធារណជន ចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ផងដែរ ។

លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមជូនដំណឹងដល់ សាធារណជនទាំងអស់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងចុះបញ្ជីជាផ្លូវការនៅក្នុងក្រុម ហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃចន្ទ ទី ២៥ខែឧសភា ឆ្នាំ ២០២០ នេះ ។ តាមរយៈការចូល រួមក្នុងដំណាក់កាលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី វិនិយោគិនរូបវន្តបុគ្គល និងនីតិបុគ្គល មានឱកាសវិនិយោគជាលើក ដំបូងនៅក្នុងធនាគារពាណិជ្ជដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ភាគហ៊ុនិកសាធារណៈថ្មីរបស់ធនាគារនឹងទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនរបស់ធនាគារ តាមរយៈភាគលាភ និងចំណេញមូលធន ។ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទាក់ទាញវិនិយោគិនរូបវន្តបុគ្គល សញ្ជាតិខ្មែរជាច្រើនចូលរួមវិនិយោគនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានឹងបន្តរួម ចំណែកអភិវឌ្ឍផ្សារមូលធនកម្ពុជា ។

លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា ជាមួយនឹងការចុះបញ្ជីភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មូលធនូបនីយកម្មទីផ្សារសរុបរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានឹងកើនឡើង ៣ដង ។ យើងខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយដែលបានចូលរួមនៅក្នុងគម្រោងដ៏សំខាន់មួយនេះក្នុងនាមជាទីប្រឹក្សាហិរញ្ញវត្ថុតែមួយគត់របស់ធនាគារ និងដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា ។

យើងខ្ញុំជឿជាក់ថាធនាគារ អេស៊ីលីដា ភីអិលស៊ី បានបោះជំហានដំបូងដ៏សំខាន់ ដើម្បីក្លាយជាប្រជាធនាគារដ៏ពិតប្រាកដ តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈនេះ ។ ក្នុងនាមជាក្រុមហ៊ុនដឹកនាំគម្រោងដ៏សំខាន់នេះ ក្រុមហ៊ុន យាន់តា នឹងបន្តជួយដល់ក្រុមហ៊ុនបោះផ្សាយ និងវិនិយោគិនសាធារណៈទាំងអស់ តាមរយៈការបង្កើនសន្ទនីយភាពភាគហ៊ុនធនាគារនៅក្នុងទីផ្សារបន្ទាប់ ។

យើងខ្ញុំជឿជាក់ថា ការជួយដល់ក្រុមហ៊ុនបោះផ្សាយក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាបន្តបន្ទាប់ និងការប្រើប្រាស់វិធីសាស្រ្តជួញដូរតាមការចរចារនាពេលអនាគត នឹងជួយបង្កើនសន្ទនីយភាព និងទាក់ទាញវិនិយោគិនបរទេសបានកាន់តែច្រើន មិនត្រឹមតែសម្រាប់ភាគហ៊ុនរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទីផ្សារមូលធននៅកម្ពុជាផងដែរ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ