អ្នក​រត់​ម៉ូតូ​កង់​បី​គួរ​ប្រយ័ត្ន​…2​នាក់​ហើយ​ត្រូវ​ថ្នាំ​សណ្ដំ​ស្រី​ស្អាត


រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់ ត្រូវ​ស្ត្រី​ម្នាក់​ហៅ​ដឹក​រួច​ហើយ​ទិញ​ទឹកក្រឡុក​មួយ​កែវ​ដាក់​ថ្នាំ​សណ្ដំ យក​ទ្រព្យសម្បត្តិ​អស់ពី​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន ចុះមក​ជួយ​អន្តរាគមន៍​នៅ​វេលា​ម៉ោង​១១​និង​៤០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ត្រង់​ចំណុច​ទល់មុខ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ពី​បុរស​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ ដែល​ជា​អ្នកលក់​ទឹកក្រឡុក​នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​បុរស​រង​គ្រោះ​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយ​គ្រឿង ម៉ាក ATUL ពណ៌​លឿង​លាយ​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​១HL-៧៩៤៩ ដឹក​ស្ត្រី​ម្នាក់​នៅ​ខាងក្រោយ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​មក​ដល់​កន្លែង​គាត់​លក់​ទឹកក្រឡុក​បាន​ឈប់​កង់​បី ហើយ​ស្ត្រី​ដែល​រួម​ដំណើរ​ជាមួយ បាន​ចុះ​មក​ទិញ​ទឹកក្រឡុក​ចំនួន​ពីរ​កែវ ដោយ​ប្រពន្ធ​របស់​គាត់​បាន​រៀបចំ​ធ្វើ​ទឹកក្រឡុក រួចរាល់​ហើយ​ក៏​ប្រគល់​ទៅ​ឲ្យ​ស្ត្រី​ដែល​ជា​ជនសង្ស័យ​នោះ ។

អ្នកលក់​ទឹកក្រឡុក​រៀបរាប់​ទៀត​ថា ខណៈនោះ​ស្ត្រី​ដែល​ជា​ជនសង្ស័យ ក៏​បាន​ទាញ​យក​ទឹកក្រឡុក​ទៅ​ផឹក​មួយ​កែវ និង​បាន​ហុច​ទឹកក្រឡុក​មួយ​កែវ​អោយ​ប្រពន្ធ​របស់​គាត់​វិញ​រួម​ជាមួយនឹង​ម្សៅ​ស​មួយ​កញ្ចប់​ឲ្យ​ក្រឡុក​ម្តងទៀត ដាក់​ក្នុង​ទឹកក្រឡុក ទុក​សម្រាប់​ឲ្យ​ទៅ​ជន​រង​គ្រោះ ដោយ​ស្ត្រី​ជា​ជនសង្ស័យ​បញ្ជាក់​ថា ជា​ស្ករស​តែ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​ស្ត្រី​ជា​ជនសង្ស័យ បាន​យក​ទឹកក្រឡុក​មួយ​កែវ​នោះ យក​ទៅ​ឱ្យ​ជន​រង​គ្រោះ​ផឹក រួច​ក៏​បន្តដំណើរ​ទៅ​មុខជា​បន្ត​ទៀត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ហួស​កន្លែង​គាត់​លក់​ទឹក​ក្រឡុក​បន្តិច ជន​រង​គ្រោះ​ក៏​បាន​ឈប់​ម៉ូតូ​កង់​បី​នៅ​លើ​ចិញ្ចើម​ផ្លូវ មិនយូរ​ប៉ុន្មាន ស្រាប់តែ​ឃើញ​បើក​ម៉ូតូ​កង់​បី ឡើង​ទៅ​ឈប់​ចត​នៅ​លើ​ខឿន​ចិញ្ចើម​ផ្លូវ ដែល​មាន​សភាព​ស្ងប់ស្ងាត់​ចំ​ពេល​កណ្ដាលអធ្រាត្រ​។ ពេល​នោះ​ពួក​គេ​ទាំង​២​នាក់ ក៏​បាន​អង្គុយ​និយាយ​គ្នា​នៅ​ក្នុង​ម៉ូតូ​កង់​បី​ខាងលើ មួយសន្ទុះ​ក្រោយមក បានឃើញ​ស្ត្រី​ជា​ជនសង្ស័យ​ដើរ​ចេញពី​ម៉ូតូ​កង់​បី គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​ភ្លាម​ៗ​ទៅ។

ភ្លាម​ៗ​នោះ​ដោយ​មានការ​សង្ស័យ គាត់​ក៏​បាន​ដើរទៅ​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​កំពុង​ដេក​ស្តូក​ស្តឹក​នៅ​ក្នុង​ម៉ូតូ​កង់​បី ។ គាត់​ក៏​បាន​ដាស់​ជន​រង​គ្រោះ ប៉ុន្តែ​ដាស់​មិន​ភ្ញាក់ ទើប​គាត់​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន អោយ​ចុះ​មក​អន្តរាគមន៍ ។ បន្ទាប់​មក​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់ និង​បាន​ដាស់​បុរស​រង​គ្រោះ​ធ្វើការ​សួរនាំ ប៉ុន្តែ​បុរស​រង​គ្រោះ​បាន​បាត់បង់​ស្មារតី សួរនាំ​អ្វី​ក៏​មិនដឹង​រឿង​ដែរ ទើប​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ​ទៅ​លើ​ខ្លួន​ជន​រង​គ្រោះ រក​អត្តសញ្ញាណ​ដើម្បី​ទាក់ទង​ទៅ​សាច់ញាតិ ប៉ុន្តែ​រក​មិនឃើញ​មាន​អ្វី​ជាប់​នឹង​ខ្លួន​ជន​រង​គ្រោះ​ទល់​តែ​សោះ ហើយ​ក៏​មិនដឹង​ថា ជន​រង​គ្រោះ​បាន​បាត់បង់​ទ្រព្យសម្បត្តិ​អ្វីខ្លះ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ ក៏​បាន​នាំ​គ្នា​ជួយ​បើក​ម៉ូតូ​កង់​បី​ឥណ្ឌា ដឹក​យក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ រង់ចាំ​ស្វែងរក​សាច់ញាតិ​ជន​រង​គ្រោះ ឲ្យ​មក​ទទួលយក​បុរស​រង​គ្រោះ​ត្រលប់​ទៅ​វិញ និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ ។ នេះ​ជា​អ្នក​រត់​ម៉ូតូ​កង់​៣​ម្នាក់​ទៀត​ហើយ ដែល​ត្រូវ​ថ្នាំ​សណ្ដំ​តាម​រយៈ​ស្ត្រីភេទ ខណៈ​​រត់​ម៉ូតូ​កង់​៣​នៅ​ពេល​យប់ ។ សម្រាប់​បងប្អូន​អ្នក​រត់​ម៉ូតូ​កង់​៣​មានការ​ប្រុង​ប្រយ័ត្ន​ផង បើ​មាន​ម៉ូយ​ស្រី​ៗ​ហៅ​ជិះ​នៅ​ពេល​យប់ ។

ស្គាល់​អត្តសញ្ញាណ​អ្នក​រត់​ម៉ូតូ​កង់​៣ សង្ស័យ​ត្រូវ​ថ្នាំ​សណ្ដំ​ម្នាក់​ទៀត

បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ ដែល​គេ​ប្រទះ​ឃើញ​ដេក​សន្លប់​នៅ​លើ​ម៉ូតូ​កង់​៣ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ១៨​ឧសភា កន្លង​មកនេះ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង នៅ​ចំណុច​រង្វង់​មូល​កាំ​កូ​សុ​ី​ធី ស្ថិត​ក្នុងភូមិ​ទួ​ក​គោក សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​កោះ​សន្តិភាព​ចេញផ្សាយ​មួយ​ឈុត​ម្សិលមិញ​នេះ ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ហើយ ក្រោយ​ពី​បុរស​រូប​នោះ​បាន​ចេញពី​មន្ទីរពេទ្យ កាលពី​យប់​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឯ​ខណ្ឌ​សែន​សុខ ។

អ្នកស្រី យិ​ន ស្រី​កែវ អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ជើងស្រុក សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ ដែល​ត្រូវជា​ប្រពន្ធ​បុរស​រត់​ម៉ូតូ​កង់​បី ដែល​គេ​សង្ស័យ​ត្រូវ​ថ្នាំ​សណ្តំ​នៅ​ចំណុច​ខាងលើ បាន​រៀបរាប់​ឲ្យ​ដឹង​ថា បុរស​ដែល​ដេក​សន្លប់​ស្តូកស្តឹង​ក្នុង​ម៉ូតូ​កង់​បី​នោះ គឺជា​ប្តី​របស់​គាត់​មានឈ្មោះ ចេ​ង សោ​ភ័ណ អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ។ គាត់​និយាយ​ថា នៅ​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ប្តី​គាត់​(​ចេ​ង សោភ័ណ​)​បាន​ទូរស័ព្ទ​មក​គាត់​ថា ឲ្យ​យក​គាត់​ចេញពី​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ផង តែ​ពេល​ប្តី​និយាយ​មក​គាត់​ហាក់ដូចជា​មនុស្ស​មិន​គ្រប់ទឹក​ខុស​ប្លែក​ពី​សព្វដង ។ ដោយ​មានការ​សង្ស័យ​ផង ព្រោះ​បាត់​ប្តី​មួយ​យប់ បែរជា​លោក​ប្តី​ទូរស័ព្ទ​ចេញពី​មន្ទីរពេទ្យ​ទៅ​វិញ ។ ដើម្បី​ចង់​ដឹង​ការ​ពិត គាត់​ក៏​បាន​នាំ​សាច់ញាតិ​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ភ្លាម​ៗ ។

អ្នកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ពេល​ទៅ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត នៅ​អគារ​សង្គ្រោះ​បន្ទាន់ ស្រាប់តែ​ឃើញ​ប្តី​របស់​គាត់​កំពុង​តែ​ដេក​នៅ​លើ​គ្រែ​ទាំង​មាន​ដាក់​សេរ៉ូម​ផង​ដែរ ។ តាម​ការ​ឲ្យ​ដឹង​ពី​គ្រូពេទ្យ​ប្រាប់​គាត់​ថា ប្តី​គាត់​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​មក​ដល់​អគារ​សង្គ្រោះ​បន្ទាន់ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែឧសភា រួច​ក្រុម​គ្រូពេទ្យ​បាន​រៀបចំ​ដាក់​សេរ៉ូម ។ គាត់​មាន​ស្មារតី​រវើរវាយ តែងតែ​បោច​សេរ៉ូម​ចេញ ។ ដោយ​មិន​ចង់​ឲ្យ​ក្រុម​គ្រូពេទ្យ​ពិបាក ក៏​ដូច​ជា​ការ​សំណូមព​របស់​ប្តី​ឲ្យ​យក​ទៅ​ផ្ទះ​វិញ រូប​គាត់​បាន​សុំ​ដល់​អ្នក​ទទួលខុស​មន្ទីរពេទ្យ ក៏​ឯកភាព​ឲ្យ​នាំ​ប្តី​ទៅ​ផ្ទះ​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ។

អ្នកស្រី យិ​ន ស្រី​កែវ បាន​រំលឹក​ថា ប្តី​គាត់​ទើបតែ​រត់​ម៉ូតូ​កង់​បី ដែល​មាន​ពាក់​ស្លាក​លេខ​១HU៥៤៤០ ពណ៌​ស បាន​ប្រហែល​៧​ខែ​ប៉ុណ្ណោះ គាត់​បាន​ខ្ចី​លុយ​ពី​ធនាគារ ដែល​ក្នុង​មួយ​ខែ​ត្រូវ​បង់​ឲ្យ​ធនាគារ​១៥០​ដុល្លារ ។ ជា​រៀងរាល់ថ្ងៃ ប្តី​គាត់​តែងតែ​ចូល​ផ្ទះ​នៅ​ម៉ោង​១២​យប់ មាន​ថ្ងៃ​ខ្លះ​ម៉ោង​មួយ​យប់​ក៏​មាន ប៉ុន្តែ​នៅ​ថ្ងៃ​ទី​១៨ ឧសភា ប្តី​គាត់​បាន​ចេញពីផ្ទះ​វេលា​ម៉ោង​៨​ព្រឹក ។ លុះដល់​ពាក់កណ្តាល​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៩ ឧសភា អត់​ឃើញ​ប្តី​ត្រឡប់​មក​ផ្ទះ គាត់​បាន​ទូរស័ព្ទ​ទៅ​ប្តី​តែ​ខ​ល​មិន​ចូល​សោះ ។

គាត់​ក៏​កើត​មានការ​សង្ស័យ តែ​មិនដឹង​ធ្វើ​ម្តេច​នាំ​គ្នា​រង់ចាំ​ទល់​ភ្លឺ ម្យ៉ាងវិញទៀត ប្តី​គាត់​រត់​ម៉ូតូ​កង់​បី​នេះ​ចល័ត​រហូត មិន​នៅ​មួយ​កន្លែង​ឲ្យ​ច្បាស់លាស់​នោះ​ទេ ។ លុះដល់​ថ្ងៃ​ទី​១៩ ខែឧសភា វេលា​ម៉ោងជាង​៩​យប់ ទើប​មាន​គេ​ទូរស័ព្ទ​មក​ប្រាប់​ថា ប្តី​គាត់​កំពុង​ដេក​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត អគារ​សង្គ្រោះ​បន្ទាន់ ។ អ្នកស្រី​បាន​បញ្ជាក់​ថា គ្រូពេទ្យ​មិន​ប្រាប់​ថា ប្តី​គាត់​កើត​ជំងឺ​អ្វី​នោះ​ទេ ពេល​មក​ដល់​ផ្ទះ ស្ថានភាព​ប្តី​របស់​គាត់​និយាយ​មិនដឹង​ខុស​ត្រូវ​នោះ​ឡើយ ហើយ​សាច់ញាតិ​កំពុង​តែ​ឲ្យ​ផឹកទឹក​ក្រូចឆ្មារ ក្រែង​បាន​ធូ​ស្បើយ ។

នៅ​ក្នុង​ហេតុការណ៍​ខាងលើ ប្តី​គាត់​បាន​បាត់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​OPPO តម្លៃ​ជាង​២០០​ដុល្លារ ទូរ​ស័ព្ទ​នេះ​ក៏​បង់​រំ​លួស​ដែរ រីឯ​លុយកាក់​គាត់​មិន​បានដឹង​នោះ​ទេ ។អ្នកស្រី យិ​ន ស្រី​កែវ ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សារព័ត៌មាន​កោះសន្តិភាព ដែល​បាន​ផ្តល់​ដំណឹង​ដល់​ក្រុម​គ្រួសារ​គាត់​ថា ម៉ូតូ​កង់​បី​របស់​ប្តី​គាត់ បាន​សមត្ថកិច្ច​យក​ទៅ​ថែរក្សា​ទុក នៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ដែល​ដំបូង​ពួក​គាត់​គិត​ថា ម៉ូតូ​កង់​បី​នោះ​បាន​បាត់​ទៅ​ហើយ ប៉ុន្តែ​បាន​កោះសន្តិភាព​ជួយ​ផ្ដល់​ដំណឹង ធ្វើ​ឱ្យ​គាត់​រក​ម៉ូតូ​កង់​៣​ឥណ្ឌា​នេះ​ឃើញ​វិញ ។

ដូច្នេះ​អាច​សន្និដ្ឋាន​ថា អ្នក​រង​គ្រោះ​២​នាក់ ទំនងជា​ស្នាដៃ​ស្រី​ជើងឆើត​តែ​ម្នាក់ ដែល​បាន​ដាក់​ថ្នាំ​សណ្ដំ​ប្លន់​យក​ទ្រព្យ​អ្នក​រត់​ម៉ូតូ​កង់​៣​ពេល​យប់ ដែល​គួរតែ​ប្រុង​ប្រយ័ត្ន​ឱ្យ​ខ្ពស់​ជាមួយ​ស្រី​ស្អាត​រាត្រីចរ និង​គួរ​រួម​គ្នា​រក​ឱ្យ​ឃើញ ទើប​បាត់​គ្រោះថ្នាក់​ទៅ​ថ្ងៃក្រោយ ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ