រាជធានីភ្នំពេញ ៖ បុរសចំណាស់ម្នាក់បានសន្លប់បាត់ស្មារតីដេកស្តូកផ្កាប់មុខនៅកណ្តាលផ្លូវគ្មានរើកំរើកដៃជើងអ្វីបន្តិច លុះប្រហែលកន្លះម៉ោងក្រោយមក ទំនងជាស្វាងស្រវឹង ទើបដឹងខ្លួន និងងើបឈរទៅចុចទូរស័ព្ទធ្វើមិនដឹង បន្ទាប់ពីបុរសចំណាស់ម្នាក់នេះទើបតែចេញមកពីផឹកស៊ីនៅផ្ទះបងប្អូន រួចជិះម៉ូតូទៅបុកគូទរថយន្តកូរ៉េធុនតូចដឹកកម្ទេចថ្មមួយគ្រឿង និងធ្វើឱ្យប្រជាពលរដ្ឋជាច្រើននាក់ដែលឃើញហេតុការណ៍នាំគ្នាភ័យប្រហោងពោះធ្លុងគ្រប់ៗគ្នា ស្មានតែគាត់រងគ្រោះថ្នាក់ធ្ងន់ធ្ងរទៅហើយនោះ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២០ នៅចំណុចមុខផ្ទះលេខ១៧៨ ផ្លូវលេខ៤៣០ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។
ភាគីខាងរថយន្តកូរ៉េមួយគ្រឿងមានដឹកកំទេចថ្ម ម៉ាកហ៊ីយន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ច៧២៣៤-ភព២ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ព្រមទាំងអ្នករួមដំណើរជាប្រពន្ធនិងកូនតូចម្នាក់ក៏មិនស្គាល់អត្តសញ្ញាណផងដែរ ។ ចំណែកបុរសចំណាស់ម្នាក់ដែលគេប្រទះឃើញសន្លប់កណ្តាលផ្លូវខាងលើ មិនស្គាល់អត្តសញ្ញាណ ជាអ្នកបើកបរម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ស្លែ ពាក់ស្លាកលេខ ធ ០១៧៥ -ភព១ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រថយន្តកូរ៉េមួយគ្រឿងមានដឹកកំទេចថ្មបើកបរដោយបុរសម្នាក់ រួមទាំងប្រពន្ធនិងកូនតូចម្នាក់ជិះជាមួយផង បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៣០ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ដែលបើកបរដោយបុរសវ័យចំណាស់ម្នាក់ជិះចេញពីផ្លូវតូចមួយក្បែរនោះក្នុងទិសដៅពីកើតទៅលិច ហើយបត់ឆ្វេងមកបុកគូទរថយន្តកូរ៉េដឹកកំទេចថ្ម បណ្តាលឱ្យបុរសចំណាស់ដែលជាអ្នកបើកបរម៉ូតូដួលសន្លប់ដេកស្តូកស្តឹងផ្កាប់មុខនៅកណ្តាលផ្លូវតែម្តង។
តាមប្រភពដដែលបានប្រាប់បន្តថា ភ្លាមៗនោះកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ដោយបានឃើញបុរសចំណាស់ដេកសន្លប់បាត់ស្មារតី និងគ្មានកំរើកដៃជើងអ្វីបន្តិច ដោយនឹកស្មានថា គាត់រងគ្រោះថ្នាក់ធ្ងន់ធ្ងរទៅហើយនោះ ទើបសមត្ថកិច្ចបានហៅរថយន្តសាមុយអោយមកដឹកយកទៅសង្គ្រោះ និងហៅកម្លាំងជំនាញចរាចរណ៍ខណ្ឌចំការមនឱ្យមកធ្វើការវាស់វែងផងដែរ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា នៅពេលដែលកម្លាំងជំនាញកំពុងតែធ្វើការវាស់វែង ហើយរថយន្តសាមុយមិនទាន់មកដល់នោះ លុះប្រហែលជាកន្លះម៉ោងក្រោយមក ទំនងជាបុរសចំណាស់ម្នាក់ខាងលើស្វាងស្រវឹង ស្រាប់តែបានដឹងខ្លួនវិញ រួចងើបទៅឈរចុចទូរស័ព្ទធ្វើមិនដឹង ហើយនៅពេលសមត្ថកិច្ចសួរនាំ ទើបដឹងថា គាត់ទើបតែចេញមកពីផឹកស៊ីនៅផ្ទះបងប្អូនដែលនៅក្បែរនោះ និងប្រាប់អោយរថយន្តសាមុយត្រឡប់ទៅវិញ ព្រោះបុរសចំណាស់មិនមានរងរបួសអ្វីបន្តិចឡើយ ។
ក្រោយពីកម្លាំងមានសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងរកខុសត្រូវ ហើយបុរសចំណាស់បានស្វាងស្រវឹង និងដឹងខ្លួនវិញដោយមិនមានរងរបួសអ្វីនោះ សមត្ថកិច្ចបានទូរស័ព្ទហៅក្រុមគ្រួសារអោយមកទទួលយកបុរសវ័យចំណាស់ម្នាក់ខាងលើត្រឡប់ទៅផ្ទះវិញ រួចអនុញ្ញាតឱ្យបុរសជាបើកបររថយន្តកូរ៉េដឹកកំទេចថ្មបន្តដំណើរទៅមុខទៀតផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)