ស្នងការ​ខេត្ត​ដាក់​បញ្ជា​​ដល់កង​កម្លាំង​ត្រូវ​ពង្រឹង​ច្បាប់​ចរាចរ​ណ៍គ្រប់​គោលដៅ​


ខេត្តមណ្ឌលគិរី​ ៖​ ស្នងការ​ខេត្តមណ្ឌលគិរី​បាន​ដាក់​បញ្ជា​ដាច់ខាតដល់​​គ្រប់​កង​កម្លាំង​ដែល​ចុះ​ប្រតិបត្តិការ​ពង្រឹង​ច្បាប់​ចរាចរ​ណ៍​គ្រប់​គោលដៅ​ក្នុង​ខេត្ត មិន​ត្រូវធ្វើ​លើស​ពី​ច្បាប់​កំណត់​ឡើយ​។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២០ លោក​ជាក់ ម៉េ​ង​ហ៊ា​ង អភិបាលរង​ខេត្ត និង​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​តាម​គោលដៅ​កម្លាំង នគរបាល​ចរាចរណ៍ និង​កម្លាំង​អន្តរាគមន៍ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត ដែល​កំពុង​ចុះ​អនុវត្តន​៍ច្បាប់​ចរាចរណ៍​ថ្មី​នៅ​តាម​គោលដៅ​ក្នុង​ខេត្តមណ្ឌលគិរី តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ​។

ក្នុង​នោះ​ដែរ​ចំពោះ ទោចក្រយានយន្ត ត្រីចក្រយានយន្ត​សណ្តោង​រ៉ឺ​ម៉ក់ និង​ម៉ូតូ​កង់​បួន តម្រូវ​ឲ្យ​ធ្វើការ​ផាកពិន័យ​មាន​ចំនួន៧​ចំណុច និង​ចំពោះ​រថយន្ត​ធុន​ស្រាល និង​រថយន្ត​ធុន​ធ្ងន់ តម្រូវ​ឲ្យ​ធ្វើការ​ផាកពិន័យ​មាន​ចំនួន៩​ចំណុច​, ហាម​ដាច់ខាត​អនុវត្ត​លើស​ពី​ការ​ណែនាំ​នេះ​។

លោកស្នងការ​បាន​ធ្វើការ​ណែនាំ​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​ទាំងអស់​ដែល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍ ត្រូវ​ប្រកាន់​ឥរិយាបថ ក្រមសីលធម៌​ល្អ ចំពោះ​អ្នកបើកបរ​ដែល​កំពុង​បាន​ប្រើប្រាស់​ផ្លូវ​គ្រប់​ប្រភេទ​។ នៅ​ក្នុង​នោះ​ផង​ដែរ ​ដោយ​ពិនិត្យ​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​មិន​មាន​ពាក់មួក​សុវត្ថិភាព ហើយ​ត្រូវ​មន្ត្រី​អនុវត្ត​ច្បាប់​កំពុង​នឹង​ធ្វើការ​ផាកពិន័យ តែ​មិន​មាន​ថវិកា​បង់ លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ចេញថ្លៃ​ផាកពិន័យ​ជំនួស​ពួក​គាត់​ចំនួន​១១​មួក និង​បាន​ទិញ​មួក​សុវត្ថិភាព​ជូន​ពួកគាត់​ចំនួន​២៤​មួក​ផង​ដែរ​​ ហើយ​ការ​បង់ប្រាក់​ផាកពិន័យ​នេះ​ដែរ​មាន​បង្កាន់ដៃ​ផាកពិន័យ​ត្រឹមត្រូវ​ជូន​ពួក​គាត់​។

លោក​ជាក់ ម៉េ​ង​ហ៊ា​ង អភិបាលរង​ខេត្ត និង​លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ ក្នុង​គោលបំណង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​ត្រឹម​កំរិត​ទាប​បំផុត និង​សូម​ឲ្យ​បងប្អូន​ចូលរួម​ពាក់មួក​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា នេះ​គឺជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​យល់​ដឹង​ដ៏​ត្រឹមត្រូវ​របស់​បងប្អូន​ទាំងអស់​គ្នា​។

បងប្អូន​ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត​យ៉ាង​ខ្លាំង និង​សូម​សន្យា​ថា​ គ្រប់ពេល​ធ្វើ​ដំណើរ​ត្រូវ​ពាក់មួក​សុវត្ថិភាព និង​ចូលរួម​ផ្សព្វផ្សាយ​ដល់​បងប្អូន​ដែល​នៅ​ជិតខាង​ឲ្យ​ពួក​គាត់​ឱ្យចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ទាំងអស់​គ្នា ដើម្បី​សុវត្ថិភាព​ដល់​ក្រុម​គ្រួសារ​ពួក​យើង និង​អ្នក​ដទៃ​ផង​ដែរ​៕​ (កែសម្រួលដោយ ៖​ ធីតា​)

ចរាចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ