ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! សញ្ញា​ព្រមាន​នៃ​បញ្ហា​តម្រងនោម

3 ឆ្នាំ មុន

តម្រងនោម​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​រក្សា​សុខភាព​រាង​កាយ​ល្អ​ប្រសើរ​។ វា​ជួយ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម គ្រប់គ្រង​កម្រិត​នៃ​សម្ពាធ​ឈាម បន្សាប​ជាតិពុល​សរីរាង្គ​ខាងក្នុង បញ្ចេញ​ជាតិ​ទឹក ឬ​សារធាតុ​រាវ​ដែល​លើស បញ្ចេញ​កាក​សំណល់​តាម​រយៈ​ទឹកនោម ច្រោះ​ឈាម ផលិត​អ័រម៉ូន​និង​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​រ៉ែ​ចាំបាច់​ទាំងអស់​ក្នុង​ឈាម​។ ទាំងនេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​។…

តម្រងនោម​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​រក្សា​សុខភាព​រាង​កាយ​ល្អ​ប្រសើរ​។ វា​ជួយ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម គ្រប់គ្រង​កម្រិត​នៃ​សម្ពាធ​ឈាម បន្សាប​ជាតិពុល​សរីរាង្គ​ខាងក្នុង បញ្ចេញ​ជាតិ​ទឹក ឬ​សារធាតុ​រាវ​ដែល​លើស បញ្ចេញ​កាក​សំណល់​តាម​រយៈ​ទឹកនោម ច្រោះ​ឈាម ផលិត​អ័រម៉ូន​និង​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​រ៉ែ​ចាំបាច់​ទាំងអស់​ក្នុង​ឈាម​។ ទាំងនេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​។ ខាងក្រោម​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​អាកា​រៈទូ​ទៅ​មួយ​ចំនួន​ដែល​កើតឡើង​ពេល​តម្រងនោម​មាន​បញ្ហា ៖

១. ស្បែក​ស្ងួត​និង​រមាស់

មួយ​ក្នុង​ចំណោម​តួនាទី​ជា​ច្រើន​របស់​តម្រងនោម គឺ​ការ​រក្សា​តុល្យភាព​នៃ​សារធាតុចិញ្ចឹម​និង​ជាត​រ៉ែ​ក្នុង​ឈាម​។ ដូច្នេះ​នៅ​ពេល​តម្រងនោម​មាន​បញ្ហា​ស្បែក​អាច​ជួប​ប្រទះ​អាកា​រៈ​អ​តុល្យភាព​នៃ​សារធាតុចិញ្ចឹម​និង​ជាតិ​រ៉ែ​។ ជា​លទ្ធផល​ស្បែក​ប្រែជា​ស្ងួត​និង​រមាស់​ខុសធម្មតា​! រោគ​សញ្ញា​ទាំងនេះ​អាច​នឹងលេចឡើង​ដោយសារ​តែ​បរិមាណ​ការ​កើនឡើង​នូវ​ជាតិ​ផូស្វ័រ​ច្រើន​ហួស​ក្នុង​រាង​កាយ ខណៈ​ដែល​តម្រងនោម​មិន​អាច​ដំណើរ​មុខងារ​ប្រក្រតី​។ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ប្រសិនបើ​អ្នក​សង្ស័យ​ថា​ភាព​ប្រែប្រួល​នៃ​ស្បែក​មិនមែន​មក​ពី​បញ្ហា​ស្បែក​ណាមួយ​។

២. អស់កម្លាំង​ល្ហិតល្ហៃ

ជាតិពុល​និង​កាក​សំណល់​អាច​ប្រមូលផ្ដុំ​ក្នុង​ប្រព័ន្ធ​រាង​កាយ​ប្រសិនបើ​តម្រងនោម​ដំណើរការ​មុខងារ​មិន​ប្រក្រតី​។ ជា​លទ្ធផល​អ្នក​នឹង​មាន​អារម្មណ៍​អស់កម្លាំង​ល្ហិតល្ហៃ​ខុសធម្មតា​សូ​ម្បី​តែ​មិន​ធ្វើ​សកម្មភាព​រាង​កាយ​ណាមួយ​ខ្លាំងក្លា​សោះ​។

៣. ខ្វះ​គ្រាប់​ឈាមក្រហម

នេះ​ក៏​ព្រោះតែ​តម្រងនោម​ក៏​មានមុខ​ងារ​ផលិត​អ័រម៉ូន​ដែល​ជម្រុញ​ខួរឆ្អឹង​ឱ្យ​ផលិត​គ្រាប់​ឈាមក្រហម​ផង​ដែរ​។ ដូច្នេះ​កង្វះ​គ្រាប់​ឈាមក្រហម​ក៏​អាច​ផ្សារ​ភ្ជាប់​នឹង​បញ្ហា​តម្រងនោម​គួរ​ឱ្យ​កត់សម្គាល់​។

៤. បញ្ហា​ពាក់ព័ន្ធ​សាច់ដុំ

ការ​ឈឺចាប់​រមួល​សាច់ដុំ​រ៉ាំរ៉ៃ​អាច​ចង្អុលបង្ហាញ​ពី​អ​តុល្យភាព​នៃ​អេ​ឡិច​ត្រូ​លី​ត្រ​ក្នុង​រាង​កាយ​។ ជាតិ​ម៉ា​ញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម សុទ្ធតែ​ជា​អេ​ឡិច​ត្រូ​លី​ត្រ​ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​មុខងារ​នៃ​សាច់ដុំ រួម​ទាំង​ការ​ប្រែប្រួល​ផ្សេង​ៗ​ដែល​អាច​បណ្ដាល​អោយ​កើត​មាន​បញ្ហា​រមួល​សាច់ដុំ​។ ទោះជា​យ៉ាងណា​ក៏​ដោយ មិនមែន​តែ​បញ្ហា​នៃ​កង្វះ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម​ប៉ុណ្ណោះ​ទេ​ដែល​បង្ក​បញ្ហា​រមួល​សាច់ដុំ ប៉ុន្តែ​ក៏​បណ្ដាល​មក​ពី​បញ្ហា​សារធាតុ​រាវ​ច្រើន​លើស​ផង​ដែរ​។ ហើយ​ការ​រលាក​នៃ​តម្រងនោម​ដែល​សង្កត់​លើ​ចុង​ស​សៃ​ប្រសាទ​នៃ​សាច់ដុំ​ជុំវិញ​នឹង​អាច​នាំ​អោយ​មាន​អារម្មណ៍​ឈឺចាប់​។

៥. នោម​ញឹក​ពេល​យប់

តម្រងនោម​មាន​បញ្ហា​មិន​អាច​ដំណើរការ​មុខងារ​បាន​ប្រក្រតី​ឡើយ​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​អ្នកមាន​ជំងឺ​តម្រងនោម​ច្រើន​តែ​នោម​ញឹក​ជាង​ធម្មតា​ពិសេស​នៅ​ពេល​យប់​។ អ្នក​អាច​សម្គាល់​ឃើញ​ថា​ទឹកនោម​ឡើង​ពពុះ​ខ្លាំង​ផង​ដែរ​។

៦. ហើម​ប្រអប់ជើង​និង​កជើង

ការ​ហើម គឺ​បណ្ដាល​មក​ពី​បរិមាណ​ជាតិ​ទឹក​ច្រើន​ហួស​ក្នុង​ចន្លោះ​រវាង​កោសិកា​ពី​មួយ​ទៅ​មួយ នៅ​ពេល​តម្រងនោម​ដំណើរការ​មុខងារ​ខុសធម្មតា​មិន​អាច​បញ្ចេញ​ជាតិ​ទឺ​ក ឬ​សារធាតុ​រាវ​ដែល​លើស​ចេញពី​រាង​កាយ​បាន​។ ដំបូង​រោគ​សញ្ញា​នេះ​លេចឡើង​ត្រង់​ប្រអប់ជើង មុខ និង​ត្របកភ្នែក ប៉ុន្តែ​ក្រោយមក​ក៏​រាលដាល​ពេញ​រាង​កាយ​តែ​ម្ដង​។

ការ​ហើម​អាច​វិវត្តន៍​លឿន​ណាស់ ហើយ​ជា​ញឹកញយ​អាច​អម​មក​ជាមួយ​នូវ​អាកា​រៈ មុខ​ស្លេកស្លាំង និង​ស្បែក​ស្ងួត​ទោះបី​សីតុណ្ហភាព​ស្បែក​មិន​ប្រែប្រួល​ក៏​ដោយ​។ ហើយ​ប្រសិនបើ​អ្នក​សង្កត់​ត្រង​កន្លែង​ហើម អ្នក​នឹង​ឃើញ​ស្នាម​មួយ​ដែល​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។

រោគ​សញ្ញា​ផ្សេង​ទៀត​អាច​ជា ការ​ងងុយគេង​មិន​ឈប់ ឈឺក្បាល​ប្រកាំង ការ​ឈឺចាប់​ក្នុង​ឆ្អឹង និង​សាច់ដុំ​៕ ប្រភព ៖ Health.com.kh