ខេត្តប៉ៃលិន ៖ នរណាៗក៏ល្បីពីរសជាតិផ្លែទុរេននៅក្នុងទឹកដីខេត្តត្បូងពេជ្រដែរថា មានរសជាតិផ្អែម និងឈ្ងុយឆ្ងាញ់ ដូច្នេះនៅពេលភ្ញៀវទេសចរណ៍ ធ្វើដំណើរចេញពីទីរួមខេត្តប៉ៃលិន ឆ្ពោះទៅទិសខាងត្បូងប្រមាណ៧ទៅ៨គីឡូម៉ែត្រ នឹងឃើញមានដើមទុរេន ដែលកំពុងតែផ្លែជិតទុំអស់ហើយ ក៏ត្រូវបានម្ចាស់បេះលក់ឱ្យម៉ូយ និងភ្ញៀវទេសចរណ៍ ជាបណ្តើរៗ ដោយគេទិញយកទៅទទួលជួបជុំគ្រួសារគ្រប់ៗគ្នាផងដែរ ។

ជួបជាមួយនឹងភ្នាក់ងារសារព័ត៌មានយើង កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ បុរសម្នាក់ឈ្មោះ ផាន់ រក្សា អាយុ២៨ឆ្នាំ រស់នៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា រូបគេបានដាំដំណាំទុរេនប្រភេទ «ម៉ាន់ថង» ជាង១០០០ដើម អស់រយ:ពេ លជាច្រើនឆ្នាំមកហើយ ក៏ទទួលបានផល ជារៀងរាល់ឆ្នាំដែរ ដោយបានដាំក្នុងចម្ការនៅស្រុកសំឡូត ខេត្តបាត់ដំបង ជាង៦០០ដើម និងដាំនៅក្នុងចម្ការផ្លូវឆ្ពោះទៅទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ ក្រុងប៉ៃលិន ជាង៥០០ដើមដែរ ។

ប្រភពបន្តទៀតថា រហូតមកដល់ពេលនេះ រូបគេទើបតែប្រមូលផលផ្លែទុរេន បានជាង១២០០គីឡូក្រាមប៉ុណ្ណោះ ហើយនឹងប្រមូលជាបន្តបន្ទាប់ ដោយលក់ក្នុង១គីឡូក្រាម តម្លៃ២៣០០០រៀល (បោះដុំ) និង១គីឡូក្រាមតម្លៃ២៨០០០រៀល (លក់រាយ) ។

លោកបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន មានម៉ូយកម្មង់យកទៅលក់បន្តនៅតាមបណ្តាខេត្តនានាដូចជា បាត់ដំបង សៀមរាប ពោធិ៍សាត់ និងរាជធានីភ្នំពេញ ។ តែក៏មានការបញ្ចុះតម្លៃបន្តិចបន្តួច បើសិនជាផ្លែទុរេន កាន់តែសម្បូរនៅតាមចម្ការនីមួយៗ ខណ:កសិករកំពុងនាំគ្នាប្រមូលផលគ្រប់ៗគ្នាផងដែរ ។ ចំពោះការថែទាំក៏មិនខុសពីដាំំហូបផ្លែមួយចំនួនដែរ គឺត្រូវការយកចិត្តទុកដាក់ និងព្យាយាមរហូត ជាពិសេសបូមទឹកស្រោចគល់ ខណ:ពេលទុរេនកំពុងចេញផ្កាក្តិប ។

ចំណែកការបណ្តុះកូនធុរេនលក់ ដោយក្នុង១ឆ្នាំបណ្តុះកូនបានជាង៨០០០០ដើម ហើយរហូតមកដល់បច្ចុប្បន្ននៅសល់ត្រឹម តែ៦០០ទៅ៧០០ដើមប៉ុណ្ណោះ ដោយគេកម្មង់ទិញអស់ហើយ ក្នុង១ដើមលក់ចាប់ពី៤៥០០រៀល ទៅ១២០០០រៀល ។ លោកក៏នាំកូនទុរេនល្អ ឈ្មោះ (សាំងឃីង) ពីប្រទេសថៃ ចូលមកដាំនៅក្នុងចម្ការរបស់ខ្លួន ដោយ១ដើមទិញតម្លៃ១០ដុល្លារ រីឯផ្លែវាក៏លក់បានថ្លៃផងដែរ ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរណ៍ ពិតជាចូលចិត្តញ៉ាំផ្លែទុរេន ទោះបីជាកសិករដាំបានច្រើនប៉ុណ្ណា ក៏គេទិញយកទៅអស់ពីចម្ការ គ្មានសល់នោះឡើយ ហើយក៏មានកសិកររស់នៅខេត្តប៉ៃលិន ជាច្រើនកំពុងនាំគ្នាដាំទុរេននៅលើដីចម្ការរបស់ខ្លួន រាប់រយរាប់ពាន់ដើមឯណោះ ៕ (កែសម្រួលដោយ ៖ បុប្ផា)








ចែករំលែកព័តមាននេះ