ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកយាយពិការភ្នែកឯកោ​ម្នាក់​ សុំហូប​ឆ្ងាញ់មួយពេល មុនលាចាកលោក

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់ស្ពឺ​ ៖ ពិតជា​គួរ​ឱ្យអាណិត​​អាសូរខ្លាំង​ណាស់​ចំពោះ​លោក​យាយម្នាក់​ដែល​ពិការ​ភ្នែក​ទាំង​សងខាង​អស់រយៈពេល​​៤៥ឆ្នាំមកហើយ និង​គ្មាន​សាច់ញាតិ​បងប្អូនកូនចៅនឹងគេទេ ដោយ​សព្វថ្ងៃ​លោក​យាយរស់​អាស្រ័យអ្នកជិត​ខាងហុ​ចបាយព្រឹកល្ងាចអោយហូប ។ សម្រាប់ជីវិត​ចុង​ក្រោយ​នេះ​ លោកយាយមិនចង់បានអ្វីឡើយ គ្រាន់តែចង់បាន​​ហូប​ឆ្ងាញ់មួយពេលប៉ុណ្ណោះ មុនពេល​ដែល​លោក​យាយ​លាចាកលោកនេះទៅ…

ខេត្ត​កំពង់ស្ពឺ​ ៖ ពិតជា​គួរ​ឱ្យអាណិត​​អាសូរខ្លាំង​ណាស់​ចំពោះ​លោក​យាយម្នាក់​ដែល​ពិការ​ភ្នែក​ទាំង​សងខាង​អស់រយៈពេល​​៤៥ឆ្នាំមកហើយ និង​គ្មាន​សាច់ញាតិ​បងប្អូនកូនចៅនឹងគេទេ ដោយ​សព្វថ្ងៃ​លោក​យាយរស់​អាស្រ័យអ្នកជិត​ខាងហុ​ចបាយព្រឹកល្ងាចអោយហូប ។ សម្រាប់ជីវិត​ចុង​ក្រោយ​នេះ​ លោកយាយមិនចង់បានអ្វីឡើយ គ្រាន់តែចង់បាន​​ហូប​ឆ្ងាញ់មួយពេលប៉ុណ្ណោះ មុនពេល​ដែល​លោក​យាយ​លាចាកលោកនេះទៅ ។ ​នេះ​គឺជា​សម្ដី​របស់​លោកយាយ​ពិ​ការ​​ម្នាក់​ខាងលើ​​ដែល​បាន​រៀបរាប់​ប្រាប់​អ្នក​យក​ព័ត៌មាន​​កោះសន្តិភាព​​នា​ថ្ងៃ​ទី១៣ ខែឧសភា​ ឆ្នាំ​២០២០ ។

លោកយាយ​​ពិការ​ខាងលើ​ឈ្មោះ​អេ​ង ​អាយុ៧២ឆ្នាំ រស់​នៅ​​ក្នុង​ភូមិ​រលាំងចក​ ឃុំ​រលាំងគ្រើល​ ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​ ។

លោក​យាយបានរៀបរាប់​ឱ្យ​ដឹង​ថា ​គាត់​​បាន​ធ្លាក់ខ្លួន​ពិការភ្នែក​​តាំងពី​អំឡុង​ឆ្នាំ១៩៧៥​ គឺ​ក្នុង​សម័យ​ប៉ុ​ល​ពត​ ។ ​លោក​យាយ​កើត​នៅ​ក្នុង​គ្រួសារ​ត្រកូល​កសិករ​ក្រីក្រ​មួយ​​ក្នុង​​ភូមិ​រលាំងចក ​ឃុំ​រលាំងគ្រើល​ ហើយ​អំឡុង​សម័យ​ប៉ុ​ល​ពត​ ​គ្រួសារ​របស់​លោកយាយ​ត្រូវ​​ប៉ុល ពត ​យក​ទៅ​សម្លាប់​ចោល​គ្មាន​សល់​មួយ​ទេ គឺ​សល់​តែ​លោកយាយ​ម្នាក់​ប៉ុណ្ណោះ​ ។ ​ក្នុង​សម័យប៉ុល ពត ​គឺ​លោកយាយ​មាន​អាយុ​២៧​ឆ្នាំ​ ដោយ​សារ​រង​ការ​ធ្វើបាប​ពី​សំណាក់​ក្រុម​អាវ​ខ្មៅ​ (ប៉ុល ពត) ដែល​បង្ខំ​ឱ្យ​លោកយាយ​ធ្វើការ​ទាំង​ហូប​មិន​គ្រប់គ្រាន់ ​ថ្ងៃមួយ​លោកយាយ​ក៏​បាន​ធ្លាក់ខ្លួន​ឈឺ​ ហើយ​ក៏​ងងឹតភ្នែក​មើល​មិនឃើញ​ចាប់តាំងពី​ពេល​នោះ​មក​។

លោក​យាយបានរៀបរាប់​​ឱ្យដឹង​បន្ត​ថា ​បើ​ទោះបី​ជា​លោកយាយ​ធ្លាក់ខ្លួន​ពិការភ្នែក​ទៅ​ហើយ​ក្តី​ ​ក៏​ប៉ុល ពត ​មិន​បន្ធូរបន្ថយ​ការងារ​ចំពោះ​លោកយាយ​ឡើយ​ គឺ​បាន​បង្ខំ​ឱ្យ​លោកយាយ​ធ្វើការ​ដូច​អ្នក​មិន​​ពិការ​ដែរ​ ។ ​ចាប់តាំងពី​ពេល​ដែល​លោកយាយ​ធ្លាក់ខ្លួន​ពិការ​ភ្នែកមក ​លោកយាយ​រស់នៅ​ក្នុង​ភព​អន្ធការ​ងងឹត​មើល​អ្វី​មិនឃើញ​ទាល់តែ​សោះ ។ ​រាល់ថ្ងៃ​​​សូ​ម្បី​តែ​អ្នក​ជិតខាង ​គឺ​ស្ដាប់​ឮ​ស្គាល់​តាម​រយៈ​សំឡេង​តែ​ប៉ុណ្ណោះ​​។​់

លោក​យាយបានរៀបរាប់​​ឱ្យដឹង​បន្ត​ថា ចាប់តាំងពី​ប្រទេស​ត្រូវ​បាន​រំដោះ​ចេញពី​កណ្ដាបដៃ​​ប៉ុលពតមក​លោកយាយ​រស់នៅ​ក្នុងភូមិ​ឃុំ​ដែល​ជា​ស្រុក​កំណើត​នេះ​ ដោយ​បានការ​ជួយ​​ពី​សំណាក់​​អ្នក​​ជិតខាង​ហុច​បាយ​ឱ្យ​ហូប​ព្រឹកល្ងាច​ ។ ​បើ​គ្មាន​អ្នក​ជិតខាង​ជួយ​ហុច​បាយ​ទឹក​ព្រឹកល្ងាច​ទេ​ ​ម៉្លេះសម​​លោក​យាយ​គ្មាន​ជីវិត​រស់នៅ​ដល់​សព្វ​ថ្ងៃនេះ​ឡើយ​។ ​ទោះជា​ភ្នែក​ពិការ​មើល​អ្វី​មិនឃើញ​ក៏​ដោយ​ ក៏​លោកយាយ​​ខិតខំ​តស៊ូ​រស់នៅ​ប្រកប​របរ​ស៊ីឈ្នួល​គ្រប់​សព្វបែបយ៉ាង​ ឱ្យ​​តែ​គេ​ត្រូវការ​គឺ​លោកយាយ​អាច​ធ្វើ​បាន​​ ប៉ុន្តែ​ប្រាក់​កម្រៃ​ហាក់​មិន​គ្រប់គ្រាន់​សម្រាប់​ចិញ្ចឹមជីវិត​ឡើយ​។

លោក​យាយបានរៀបរាប់​​ឱ្យដឹង​បន្ត​ទៀត​ថា អស់​រយៈកាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ លោកយាយ​មិន​ដែល​ស្គាល់​អ្វី​ដែល​ហៅ​ថា​នំចំណី​ឆ្ងាញ់​ដូច​គេ​នោះ​ទេ​ ​គឺ​ហូបអាស្រ័យ​លើ​អ្នក​ជិត​ខាង គេ​មានអី​ឱ្យ​​ហ្នឹង​ ​ក៏​ចេះ​តែ​ហូប​ទៅ ​ដើម្បី​កំដរ​ជីវិត​ចុង​ក្រោយ​នេះ​។

សម្រាប់​ជីវិត​ចុង​ក្រោយ​មួយ​នេះ លោក​យាយមិនចង់បានអ្វីឡើយ ​គ្រាន់តែ​ចង់​ហូប​ឆ្ងាញ់​មួយ​ពេល​ប៉ុណ្ណោះ គឺ​​លោកយាយ​អស់ចិត្ត​ហើយ​ ទម្រាំ​ដល់​ថ្ងៃ​ដែល​លោកយាយលាចាកលោកនេះទៅ ។

បើ​តាម​ប្រជា​ពលរដ្ឋ​​ម្នាក់​​ឈ្មោះ​ចិន​ ជា​អ្នក​រសនៅ​ជិតខាង​បាន​រៀបរាប់​​ឱ្យ​ដឹងថា ​រាល់​ថ្ងៃ ​គឺ​អ្នក​ជិតខាងធ្វើបុណ្យ​ជាមួយ​លោកយាយ​ជាប់​ជា​ប្រចាំ​ ថ្ងៃ​​ខ្លះ​ផ្ទះ​នេះ​ ថ្ងៃ​បន្ទាប់​ផ្ទះ​នោះ ​គឺវិល​ជុំ​គ្នា​ដើម្បីជូន​បាយទឹកដល់​លោក​យាយ ដូច​ដាក់​បាត្រ​​លោក​អ​ញ្ចឹ​ង​ដែរ ដើម្បី​ចិញ្ចឹម​លោកយាយ​ ។​ ជា​ការ​ពិត​គឺ​លោកយាយ​ពិតជា​ពិបាក​ណាស់​ ព្រោះ​គាត់​​ពិការ​ភ្នែក​ទាំង​ពីរ ​ធ្វើ​អ្វី​មិនកើត​ទេ​ បើ​អ្នក​ជិតខាង​មិន​យកចិត្តទុកដាក់​ចំពោះ​លោកយាយទេ ​ម៉្លេះ​សម​​លោក​យាយ​ដាច់​ពោះ​​បាត់បង់ជីវិត​បាត់​ទៅ​ហើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ