ក្រោយ​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍​ស្លាក​លេខ​ពិសេស​លក់ដាច់​ពី​១០​ដល់​ជាង​២០​ក្នុង​មួយ​ថ្ងៃ


រាជធានី​ភ្នំពេញ ៖ ទោះបីជា​មិន​បាន​បង្ហាញ​ប្រាប់​ពី​ចំនួន​សរុប​នៃ​ការ​ទទួល​បាន​លក់ដាច់​ស្លាក​លេខ​ពិសេស​រយៈពេល​៤​ខែ​មកនេះ​ក្តី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា មួយ​ថ្ងៃ​លក់​ស្លាក​លេខ​ពិសេស​បាន​ប្រមាណ​ពី​១០​ទៅ​ជាង​២០​ស្លាក​លេខ​ក្នុង​មួយ​ថ្ងៃ ។ នេះ​បើ​តាម អ្នកនាំពាក្យ​ក្រសួង​ដឹក​ជញ្ជូន ។

ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​ដឹក​ជញ្ជូន បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​ចាប់ផ្តើម​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក កាលពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២០​មក ។

លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២០​យ៉ាង​ដូច្នេះ​ថា​៖« ចំពោះ​ស្លាក​លេខ​ពិសេស​នៅ​តែ​មាន​អតិថិជន​នៅ​តែ​ដាក់​ពាក្យ​ទិញ​ជា​ធម្មតា ប៉ុន្តែ​គ្រាន់តែ​មាន​ចំនួន​តិច​ជាង​កាលពី​ពេល​មិន​ទាន់​មាន​ជំងឺ​កូ​វី​ដ​១៩​ចូល​មក​កម្ពុជា ។ លោក​បញ្ជាក់​ថា ៖«​ជា​ទូទៅ​កាលណា​គាត់​ទិញ​ស្លាក​លេខ​ពិសេស ហើយ​គាត់​បាន​កិប​ជាមួយ​រថយន្ត​ដោយ​មិន​ទុក​នោះ​ទេ ។

ចំណែក​តួលេខ​វិញ ក្រសួង​មិន​ទាន់​បូក​សរុប​នោះ​ទេ ហើយ​ថ្នាក់ដឹកនាំ​ក្រសួង គឺ​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សារ​ធា​រណការ នឹង​ដឹក​ជញ្ជូន​គ្រោង​នឹង​បង្ហាញ​ជា​សាធារណៈ​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន ប៉ុន្តែ​មិនមែន​ពេល​ឥឡូវ​នោះ​ទេ ។ តែ​គាត់​គ្រោង​បង្ហាញ​ដែរ ប៉ុន្តែ​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​អ្វី​ៗ​ប្រែប្រួល​អី​ញ្ចឹ​ង​» ។

យ៉ាងណា​ក្តី​អ្នកនាំពាក្យ​បាន​អះអាង​ទោះបីជា​ជំងឺ​កូ​វី​ដ​១៩ បាន​ឆ្លង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្តី ក៏​ការ​លក់​ស្លាក់​លេខ​រថយន្ត​ពិសេស​នៅ​តែ​បន្ត​លក់​ជា​ធម្មតា ព្រោះថា ការ​លក់​ស្លាក​លេខ​នេះ ធ្វើ​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ប្រជាពលរដ្ឋ​អាច​ចូល​មើល​កុម្ម៉ង់​បាន ។

អ្នកនាំពាក្យ​ដដែល​ក៏​បាន​លើក​ឡើង​ថា តាម​សេវា​ជាក់ស្តែង​ប្រចាំ​ថ្ងៃ​ស្លាក​លេខ​ពិសេស​លក់​បាន​ប្រមាណ​ពី​១០ ទៅ​២០​ស្លាក់​លេខ ឬ​លើស​ពី​នេះ​ក្នុង​រយៈពេល​មួយ​ថ្ងៃ ។ ក្នុង​មួយ​រយៈ ពេល​មុន​បាន​ច្រើន ប៉ុន្តែ​ក្នុង​រយៈពេល​ជំងឺ​កូ​វី​ដ​១៩​ផ្ទុះ​មាន​ភាព​ស្ងប់ស្ងាត់ ។ ប៉ុន្តែ​បន្ទាប់​ពី​មានការ​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍​មក​ការ​ធ្វើ​ប័ណ្ណបើកបរ​ការ​ធ្វើ​ឆៀក និង​ការ​បញ្ចុះ​បញ្ជី​រថយន្ត​ក៏​ឡើង ។

លោក​បញ្ជាក់​ថា​៖«​ពិសេស​នោះ​ការ​ធ្វើ​ស្លាក​លេខ​ពិសេស​ក៏​មាន​ចំនួន​កើនឡើង​ផង​ដែរ ដោយ​ក្រុមការងារ​មានការ​មមាញឹក​រហូត​ដល់​ថែម​ម៉ោង​ធ្វើការ​ផង​ដែរ ។ យើង​ទទួល​បាន​មួយ​ថ្ងៃ​ពី​១០​ទៅ​លើស​ពី​២០​ស្លាក​លេខ ។ ចំនួន​នេះ​មាន​កើនឡើង​គ្រប់​សេវា​ពាក់ព័ន្ធ​នឹង​វិស័យ​ដឹក​ជញ្ជូន​» ។

សូម​ជម្រាប​ថា ស្លាក​លេខ​ពិសេស​ត្រូវ​បាន​ក្រសួង​សារ​ធា​រណការ និង​ដឹក​ជញ្ជូន​ដាក់​ដំណើរ​លក់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២០ នៅ​ផ្សារ​ទំនើប​អី​អន​ម៉​ល ។ ស្លាក​លេខ​ពិសេស​ត្រូវ​បាន​ដាក់​លក់​ដោយ​តម្លៃ​ផ្សេង​ៗ​គ្នា ទៅ​តាម​ម្ចាស់​រថយន្ត​ចង់បាន ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ