ខេត្តសៀមរាប ៖ មន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្ត បានព្រមានប្តឹងលោកយា ឡេង ហាក់ នាយកក្រុមហ៊ុនកុមារទេព ទៅតុលាការ ក្នុងករណីធ្វើអាជីវកម្មជីកដីឥតច្បាប់ និងរឹងទទឹងមិនព្រមបង់ប្រាក់ផាកពិន័យ ។
ប្រធាន មន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្ត លោកធ្លក ស៊ីណា បានថ្លែងប្រាប់កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ថាខាងមន្ទីរ បានរៀបចំសំណុំឯកសាររួចរាល់អស់ហើយ សំរាប់ប្តឹងនាយកក្រុមហ៊ុនកុមារទេព ទៅតុលាការ ក្នុងករណីមិនព្រមចូលខ្លួនមកបង់ប្រាក់ផាកពិន័យតាមការកំណត់របស់ក្រសួង ចំពោះការធ្វើអាជីវកម្មជីកដីឥតច្បាប់កន្លងមកនូវទឹកប្រាក់ចំនួន ១៤៩.៣២៥ដុល្លារអាមេរិកនោះ ។ លោកបន្តថា ក្រុមហ៊ុនកុមារទេព បានធ្វើសកម្មភាពជីកអាចម៍ដីលក់អនាធិបតេយ្យនៅ តំបន់ភូមិជ្រៃ ឃុំសំបួរ ក្រុងសៀមរាប តាំងពីឆ្នាំ២០០៤រហូតមកដោយពុំមានលិខិតអនុញ្ញាតសំរាប់ការធ្វើអាជីវកម្មទេ ។
កំណត់ហេតុរបស់ក្រុមការងារចំរុះចុះវាស់វែងរណ្តៅដីដែលក្រុមហ៊ុនកុមារទេព បានជីកសំរាប់យកអាចម៍ដីលក់កន្លងមកបង្ហាញថា គេបានរកឃើញរណ្តៅដីធំៗ ចំនួន៧ ដែលរណ្តៅនីមួយៗ មានបណ្តោយប្រវែង ចាប់ពី១០០ទៅ១៥០ម៉ែត្រ និងទទឹងប្រវែងចាប់ពី៧០ទៅ១០០ម៉ែត្រឯណោះ ។ លោកធ្លក ស៊ីណា បានបន្ថែមថា ទាក់ទិនជាមួយក្រុមហ៊ុនកុមារទេពនោះ ក្រសួងបានចេញលិខិតឱ្យនាយកក្រុមហ៊ុនចូលខ្លួនមកដោះស្រាយ និងបង់ប្រាក់ពិន័យចំនួនពីរលើករួចមកហើយ ។ ទន្ទឹមគ្នានោះដែរ ខាងមន្ទីរក៏បានចេញលិខិតអញ្ជើញចំនួន៥លើករួចហើយដែរ ប៉ុន្តែគេមិនមកតាមការអញ្ជើញគឺមើលងាយមើលស្រាលច្បាប់ទាំងស្រុង ដូច្នេះមានតែប្តឹងទៅតុលាការដើម្បីឱ្យច្បាប់ជាអ្នកកំណត់ទៅចុះ ។
យោងតាមលិខិតលេខ១២៩៤ឧរថចរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៩ របស់លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពលបានជំរាបមកលោកយា ឡេងហាក់ នាយកក្រុមហ៊ុនកុមារទេពថា កន្លងមកក្រសួងបានណែនាំឱ្យក្រុមហ៊ុនលោកបំពេញបែបបទមកក្រសួងតាមរយៈមន្ទីរឧស្សាហកម្មរ៉ែ និងថាមពលខេត្តសៀមរាបដើម្បីសុំច្បាប់អនុញ្ញាតធ្វើអាជីវកម្ម និងតំរូវឱ្យធ្វើការបង់ថ្លៃពិន័យចំពោះការធ្វើអាជីវកម្មដែលគ្មានច្បាប់ តែក្រុមហ៊ុនលោកពុំបានយកចិត្តទុកដាក់សហការ និងអនុវត្តតាមការណែនាំនោះទេ ។ លិខិតដដែលបានសរសេរទៀតថា ពាក់ព័ន្ធនឹងការងារនេះក្រសួងឧស្សាហកម្មរ៉ែ និងថាមពល សូមជំរាបលោកនាយកក្រុមហ៊ុនជាលើកទី២ ថា ក្រុមហ៊ុនលោកត្រូវធ្វើការបង់ថ្លៃពិន័យចំពោះការធ្វើអាជីវកម្មឥតច្បាប់កន្លងមកនូវទឹកប្រាក់ចំនួន១៤៩.៣២៥ដុល្លារអាមេរិកទៅរតនាគារខេត្តសៀមរាបក្នុងរយៈពេល៣០ថ្ងៃក្រោយពីចុះហត្ថលេខានេះតទៅ ចៀសវាងក្រសួងរៀបចំសំណុំបែបបទចាត់ការតាមផ្លូវច្បាប់ ។ ប៉ុន្តែការកំណត់រយៈពេល៣០ថ្ងៃសំរាប់ឱ្យក្រុមហ៊ុនចូលខ្លួនបង់ប្រាក់ពិន័យនេះ វាបានកន្លងផុតទៅអស់រយៈពេលជាងមួយឆ្នាំទៅហើយ។ ពេញមួយរសៀលថ្ងៃទី២៧ កញ្ញា មានការព្យាយាមទូរស័ព្ទជាច្រើនដងនៅលោកយា ឡេងហាក់ នាយកក្រុមហ៊ុនកុមារទេពដើម្បីសុំការពន្យល់ជុំវិញបញ្ហាដែលទាក់ទិននឹងក្រុមហ៊ុនរបស់លោក ប៉ុន្តែទូរស័ព្ទទាក់ទងមិនចូល ៕
ចែករំលែកព័តមាននេះ