ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ត្រចៀកកាំ​! អ្នក​មើលថែ​ម្នាក់ ខោ​អាវ​​១​កំ​ប្លេ តែ​បើ​ហ៊ាន​ប្តូរ​​មនុស្ស​ វា​នឹង​ដឹង​​ភ្លាម​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ សត្វ​ត្រចៀកកាំ គឺជា​សត្វ​ស្លាប​មួយ​ប្រភេទ​ដែល​មាន​កម្លាំង​ខ្លាំងក្លា ហើយ​មនុស្ស​ទូទៅ​ពុំ​សូវ​បាន​ចាប់អារម្មណ៍​ពី​ថាមពល​របស់​សត្វ​ស្លាប​ប្រភេទ​មួយ​នេះនោះ​ទេ​។ ក៏​ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ សម្រាប់​ពលរដ្ឋ​ទាំង​៦​ស្រុក​នៅ​ក្នុង​ខេត្តកោះកុង​ទាំងមូល គេ​បាន​សង្កេត​ឃើញ​ថា សម្រាប់​អ្នក​ដែល​មាន​ធនធាន​ជា​មធ្យម បាន​ងាក​មក​ចាប់​អាជីព​ប្រកប​អាជីវកម្ម​ជា​អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំ​នេះ…

ខេត្តកោះកុង ៖ សត្វ​ត្រចៀកកាំ គឺជា​សត្វ​ស្លាប​មួយ​ប្រភេទ​ដែល​មាន​កម្លាំង​ខ្លាំងក្លា ហើយ​មនុស្ស​ទូទៅ​ពុំ​សូវ​បាន​ចាប់អារម្មណ៍​ពី​ថាមពល​របស់​សត្វ​ស្លាប​ប្រភេទ​មួយ​នេះនោះ​ទេ​។ ក៏​ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​នេះ សម្រាប់​ពលរដ្ឋ​ទាំង​៦​ស្រុក​នៅ​ក្នុង​ខេត្តកោះកុង​ទាំងមូល គេ​បាន​សង្កេត​ឃើញ​ថា សម្រាប់​អ្នក​ដែល​មាន​ធនធាន​ជា​មធ្យម បាន​ងាក​មក​ចាប់​អាជីព​ប្រកប​អាជីវកម្ម​ជា​អ្នក​ចិញ្ចឹមសត្វ​ត្រចៀកកាំ​នេះ សម្រាប់​ខេត្តកោះកុង​ទាំងមូល​។

ចំពោះ​អាជីវកម្ម​ចិញ្ចឹមសត្វ​ត្រចៀកកាំ​នេះ​ផង​ដែរ បើ​តាម​ការ​រៀបរាប់​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​និយម​ចូល​ចិត្ត​ប្រកប​មុខរបរ​ចិញ្ចឹម​ត្រចៀកកាំ លោក​និយាយ​ឱ្យ​ដឹង​ថា មុខរបរ​អាជីវកម្ម​ចិញ្ចឹមសត្វ​ត្រចៀកកាំ​នេះ គឺជា​មុខរបរ​បន្ទាប់បន្សំ​មួយ​បែប ដែល​ក្រោយ​ពី​កិច្ច​ការងារ​ធ្វើស្រែ​ចម្ការ និង​ការងារ​រកស៊ី ពួក​គាត់​ក៏​បាន​សាងសង់​លំនៅ​ដ្ឋា​ន​ជា​ផ្ទះ​សម្រាប់​ចិញ្ចឹមសត្វ​ត្រចៀកកាំ​នេះ​តែ​ម្ដង​ទៅ ។ ហើយ​ការ​ចំណាយ​ទុន​ទៀត សោត​នោះ​គាត់​ត្រូវការ​ថវិកា​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​នៅ​ក្នុង​ការ​សាងសង់ និង​រៀបចំ​រចនា​បទ​សម្រាប់​លំនៅ​ដ្ឋា​ន​របស់​សត្វ​ប្រចៀក​កាំ​នេះ ដើម្បី​ឲ្យ​មាន​របៀប និង​សណ្ដាប់ធ្នាប់​សម្រាប់​សត្វ​ប្រចៀក​កាំ​នេះ​ចូល​ជ្រក និង​ធ្វើ​ជា​សំបុក​ជាដើម​។

ចំពោះ​សំណង់​ដែល​បាន​សាងសង់ ដើម្បី​ធ្វើ​ជា​សំបុក និង​ជម្រក​របស់​សត្វ​ត្រចៀកកាំ​នេះ គឺ​យោង​ទៅ​តាម​ធនធាន​ដែល​ត្រូវ​មាន ដូច​ជា ប្រជាពលរដ្ឋ​មាន​ធនធាន​ច្រើន គឺ​ពួក​គាត់​អាច​សាងសង់​បាន​ធំ​ល្វឹងល្វើយ​ទៅ​តាម​ថវិកា តែបើ​ថវិកា​មាន​តិច គឺ​ត្រូវ​សាងសង់​ទៅ​តាម​ថវិកា​ដែល​មាន​តិច​នោះ​ដែរ​។ ហើយ​ម្យ៉ាងវិញទៀត ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​នេះ គឺ​មាន​រយៈពេល​យូរ​ឆ្នាំ ទើប​អាច​ទទួល​បាន​ផល​ត្រឡប់​មក​វិញ​។

ចំណែក​លោក​ចាន់ សុភា អាយុ​60​ឆ្នាំ មានកូន​5​នាក់​ក្នុង​បន្ទប់ រស់នៅ​ក្នុង​ក្រុង​ខេមរៈភូមិន្ទ ខេត្តកោះកុង បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចំពោះ​ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​នេះ លោក​ត្រូវ​ចំណាយ​ថវិកា​សាងសង់​លំនៅ​ដ្ឋា​ន​ជា​សំបុក​សត្វ​ត្រចៀកកាំ​នេះ​អស់​ទឹកប្រាក់​ជាង​20​ម៉ឺន​ដុល្លារ ដោយ​មាន​ទទឹង​10​ម៉ែត្រ បណ្ដោយ​25​ម៉ែត្រ និង​កម្ពស់​6​ជាន់ សម្រាប់​ទុក​ឲ្យ​សត្វ​ត្រចៀកកាំ​នេះ​ធ្វើ​សំបុក ហើយ​រស់នៅ​ក្នុង​មួយ​ជាន់​ៗ ។

លោក​បន្ត​ថា បើ​សត្វ​ត្រចៀកកាំ​មាន​ច្រើន​អាច​បាន​ចាប់ពី 450​សំបុក​ទៅ 500 សំបុក​ក្នុង​មួយ​ជាន់ ក៏​ប៉ុន្តែ​ជា​ទូទៅ​គឺ​មាន​មិន​ដែល​បាន​គ្រប់​ចំនួន​ទៅ​តាម​តម្រូវការ​នោះ​ទេ​។ ម្យ៉ាងវិញទៀត ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ ដើម្បី​យក​ទឹកមាត់ និង​សំបុក​ត្រចៀកកាំ​នេះ គឺ​ត្រូវ​ប្រើ​រយៈពេល​ពី​3​ទៅ​5​ឆ្នាំ ទើប​យើង​អាច​ប្រមូល​ផល​ម្ដង​។ ហើយ​ការ​ប្រមូល​ផល​នោះ​ទៀត បើ​ចំ​ពេល​ទឹកមាត់​ត្រចៀក​កាំ​ធ្លាក់​ចុះ​វិញ គឺ​ក្នុង​មួយ​គីឡូក្រាម​លក់​ចេញ​បាន​តែ 500 ទៅ 700 ដុល្លារ​តែ​ប៉ុណ្ណោះ​។ តែបើ​ពេល​ប្រមូល​ផល​ចំ​រដូវ​ដែល​ឡើងថ្លៃ​វិញ គឺ​អាច​លក់​ចេញ​បាន​មួយ​គីឡូក្រាម 1000 ទៅ 1200 ដុល្លារ​ផង​ដែរ​។

លោក​បញ្ជាក់​បន្ថែម​ថា ចំណែក​ការ​ថែរក្សា​សត្វ​ត្រចៀកកាំ ដើម្បី​ឲ្យ​វា​រស់នៅ​បាន​គង់វង្ស​សម្រាប់​ឲ្យ​វា​ធ្វើ​សំបុក​យូរអង្វែង​នោះ​ទៀត គឺ ៖

1- ត្រូវការ​បើកទឹក ដាក់​ភ្លើង​ជា​ប្រចាំ ដើម្បី​ឲ្យ​សត្វ​ត្រចៀកកាំ លេង​។

2- ចំពោះ​អ្នក​ថែរក្សា​សត្វ​ប្រចៀក​កាំ គឺ​ត្រូវ​ឲ្យ​មាន​បុគ្គល​តែ​១​រូប​ប៉ុណ្ណោះ និង​ខោអាវ​មួយ​កំ​ប្លេ​ប៉ុណ្ណោះ ដើម្បី​ចូល​ទៅ​មើល និង​ថែទាំ​សំបុក​សត្វ​ត្រចៀកកាំ ដើម្បី​កុំ​ឲ្យ​វា​ផ្អើល ព្រោះថា កាលណា​មាន​ក្លិន​មនុស្ស​ប្លែក ឬ​ក៏​សំលៀក​បំពាក់​ប្លែង​ៗ​នោះ គឺ​ធ្វើ​ឲ្យ​សត្វ​ត្រចៀកកាំ​ផ្អើល រួច​ហើរ​ចេញ​អស់​មិន​ខាន​។​ដូច្នេះ​ចំពោះ​មុខរបរ​ការ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​នេះ ត្រូវ​ចំណាយ​ទុន​ធំ ហើយ​ក៏​មាន​ផល​ពិបាក​ក្នុង​ការ​ថែទាំ​វា​ទៀត​ផង​។

រីឯ​លោក អ៊ី ម៉េ​ង​លាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង បាន​មាន​ប្រសាសន៍​ថា ចំពោះ​មុខរបរ​ចិញ្ចឹមសត្វ​ត្រចៀកកាំ​នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​មាន​ភាព​រីក​ដុះដាល​ស្ទើរតែ​គ្រប់​ទីកន្លែង​ទាំង​អស់​ក្នុង​ខេត្ត ក៏​ប៉ុន្តែ​តួលេខ​ជាក់លាក់​ណាមួយ​នោះ លោក​ពុំ​ទាន់​បាន​ទទួល​នៅឡើយ​ទេ​។ ដោយ​សារ​តែ​លោក ទើបតែ​ចូល​មក​កាន់​តំណែង​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត មាន​រយៈពេល​ខ្លី ហើយ​ការ​ប្រកប​អាជីវកម្ម​ចិញ្ចឹមសត្វ​ត្រចៀកកាំ​របស់​ប្រជាពលរដ្ឋ​កាន់តែ​រីក​ដុះដាល​ទៅ​ហើយ​។ ដូច្នេះ​លោក​នឹង​ផ្ដល់​របាយការណ៍​ជាក់លាក់​នៅ​ពេល​ក្រោយ​ទៀត​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ