អ្នកវិទ្យាសាស្ត្រអាមេរិកបានព្រមានថា បណ្តាស្ត្រីដែលនិយមកោរចោលរោម ស្ថិតនៅផ្តុំប្រដាប់ភេទ និងនៅលើថ្ងាសក្រោមផ្សិត គឺប្រឈមនឹងបញ្ហាស្មុគស្មាញមួយចំនួន ក្នុងនោះមានដូចជា បណ្តាលឱ្យឆ្លងរោគ ការរលាក រមាស់ឆ្កៀល ការរោលកន្តួល ឬដាច់រលាត់ស្បែកជាដើម ។
ចំពោះស្ត្រីធាត់ៗវិញ ហានិភ័យរបស់គេគឺឡើងដល់ទ្វេដង ធៀបនឹងស្ត្រីដែលមានទម្ងន់ខ្លួនធម្មតា ។ ជាងនេះទៅទៀត ហានិភ័យពីបញ្ហាស្មុគស្មាញដដែលនឹងបន្តកើនដល់៣ដង ប្រសិនជាពួកគេសម្អាតរោមគ្មានសល់សូម្បីមួយសរសៃ។ ការពិសោធលើស្ត្រីវ័យពី១៦-៤០ឆ្នាំ ចំនួន៣៣៣នាក់រកឃើញថា ៨៧ភាគរយក្នុងចំណោមពួកគេទាំងនោះធ្លាប់កោររោមប្រដាប់ភេទដោយប្រើឡាម ខណៈ១៣ភាគរយផ្សេងទៀតទទួលស្គាល់ថា ខ្លួនកម្ចាត់រោមដោយប្រើក្រមួនបក ។ ជិត២/៣ ឬ៦០ភាគរយក្នុងចំណោមពួកគេទាំងអស់ធ្លាប់កើតមានបញ្ហាស្មុគស្មាញទាក់ទងនឹងសុខភាពបណ្តាលមកពីការកម្ចាត់រោម យ៉ាងហោចណាស់១លើក ។ បញ្ហាស្មុគស្មាញទាំងនោះមានដូចជា ស្នាមដាច់រលាត់ដែលមើលមិនឃើញហៅថា Epidermal abrasiopns ការដុះរោមកាន់តែច្រើន មានស្នាមជាំ ឬអាលែកហ្ស៊ី ។
តាមរយៈការចុះផ្សាយក្នុងព្រឹត្តិបត្រ American Tournal of Obstetrics & Gynecology លោកស្រី Andrea De Maria អ្នកដឹកនាំការស្រាវជ្រាវមកពីសាកលវិទ្យាល័យសុខាភិបាលតិចសាច់ សហរដ្ឋអាមេរិក បានសន្និដ្ឋានជារួមថា ស្ត្រីគួរស្វែងរកការប្រឹក្សាប្រកបដោយវិជ្ជាជីវៈដើម្បីកម្ចាត់រោមប្រកបដោយសុវត្ថិភាព ។ លោកស្រីបន្ថែមថា ៖ «ភាពស្មុគស្មាញបន្ទាប់បន្សំកើតមានជាធម្មតាក្រោយការកម្ចាត់រោមលើប្រដាប់ភេទ ។ ការទៅជួបអ្នកជំនាញ គឺអាចផ្តល់នូវបរិស្ថានសុវត្ថិភាពមួយសម្រាប់បណ្តាស្ត្រីដែលស្វែងរកការប្រឹក្សាដើម្បីកម្ចាត់រោមស្ថិតនៅផ្តុំប្រដាប់ភេទ» ៕
ចែករំលែកព័តមាននេះ