ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចស្រុកពញាឮ ក្រោមការដឹកនាំពីលោកអធិការនៃអធិការដ្ឋាននគរបាលស្រុកពញាឮ បើកប្រតិបត្តិការចុះស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យដែលបានលួចស្ពាន់ក្នុងរោងចក្រ ចុងក្រោយបែកធ្លាយត្រឹមជនរងគ្រោះបើកកាមេរ៉ាសុវត្ថិភាពឃើញពីសកម្មភាពទាំងអស់។ ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅចំណុចសិប្បកម្មដំឡើងទូភ្លើង ស្ថិតក្នុងភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើឈ្មោះ ផល រិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករផ្សាដែក មានទីលំនៅភូមិជ្រៃលាស់ ឃុំជ្រៃលាស់ ស្រុកពញាឮ ដែលបានធ្វើសកម្មភាពលួចស្ពាន់ និងវត្ថុតាងមួយចំនួនទៀត។ ចំណែកជនរងគ្រោះឈ្មោះ សេង លីហៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររដ្ឋបាលនៃសិប្បកម្មតំឡើងទូភ្លើង និងគ្រឿងដែកមានទីលំនៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ។
នគរបាលស្រុកពញាឮបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានទៅធ្វើការនៅសិប្បកម្មដំឡើងទូភ្លើងរបស់ជនរងគ្រោះ ដែលស្ថិតនៅភូមិតាគោដូចសព្វដង លុះនៅពេលនោះកើតហេតុ ជនសង្ស័យបានលួចយកស្ពាន់ដែលបានកែច្នៃរួចជាបន្ទះខ្លីៗដែលទុកនៅក្នុងសិប្បកម្មដំឡើងទូភ្លើង បន្ទាប់មកក៏យកទៅដាក់ក្នុងធុងទឹកកកតូច ពណ៌ក្រហម ក្រោយមកជនសង្ស័យរូបនេះ ក៏យកស្ពាន់ដែលលួចបាននោះទៅទុកនៅផ្ទះរបស់ខ្លួន រួចហើយក៏ត្រឡប់មកកន្លែងធ្វើការវិញ ។
ប្រភពដដែលបន្តថា លុះរហូតដល់ម៉ោង៥ល្ងាច ជនសង្ស័យក៏បានចេញពីធ្វើការ រួចជិះម៉ូតូទៅផ្ទះ ហើយក៏យកស្ពាន់ដែលលួចនោះដាក់ក្នុងបេពណ៌ខៀវ រួចយកទៅលក់នៅកន្លែងទិញអេតចាយមួយកន្លែងនៅភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ។ ដោយថ្លឹងស្ពាន់នោះបានទំងន់១១គីឡូក្រាម លក់ក្នុងតម្លៃ១គីឡូក្រាមចំនួន១៧,០០០រៀល សរុបបានលុយទាំងអស់១៨៧,០០០រៀល។ បន្ទាប់ពីទទួលបានប្រាក់រួច ជនសង្ស័យក៏ជិះម៉ូតូត្រឡប់មកផ្ទះរបស់ខ្លួនវិញ។
ប្រភពដដែលបន្ថែមទៀតថា លុះព្រឹកថ្ងៃទី២៨ ខែមេសា ជនសង្ស័យបានទៅធ្វើការតាមធម្មតាដូចរាល់ដង រហូតដល់ម៉ោង២និង៣៥នាទី ជនរងគ្រោះដែលមានតួរនាទីជារដ្ឋបាលនៃសិប្បកម្មដំឡើងទូភ្លើង និងគ្រឿងដែក រួមទាំងអ្នកធ្វើការងារជាមួយបានបើកមើលកាមេរ៉ាសុវត្ថិភាពក៏ឃើញពីសកម្មភាពរបស់ជនសង្ស័យដែលលួចយកស្ពាន់បន្ទះខ្លីៗដែលកែច្នៃរួចនៅក្នុងសិប្បកម្មដាក់ក្នុងធុងទឹកកក ។
ប្រភពដដែលបន្តថា ដោយឃើញហេតុការណ៍ដូច្នេះ ជនរងគ្រោះក៏ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលជ្រៃលាស់ ភ្លាមៗនោះកម្លាំងប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុ រួចក៏ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮតែម្ដង។
តាមការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកស្ពាន់បន្ទះខ្លីៗកែច្នៃរួចនៅក្នុងសិប្បកម្មដំឡើងទូភ្លើង និងគ្រឿងដែកខាងលើបានចំនួន២លើក ដោយលើកទី១-នៅមុនចូលឆ្នាំខ្មែរ ពុំចាំថ្ងៃ អំឡុងខែមេសា ខ្លួនបានលួចយកស្ពាន់ខាងលើរួចហើយយកស្ពាន់នោះទៅថ្លឹងលក់បានទំងន់៦គីឡូក្រាម ដោយក្នុង១គីឡូក្រាមតម្លៃ ១៧,០០០រៀល សរុបបានលុយចំនួន ១០២,០០០ រៀល។ និងលើកទី២-ជនសង្ស័យបានសារភាពដូចរឿងហេតុខាងលើ។
បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ