ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ខែ​ដំបូង​កម្ពុជា​នាំ​អង្ករ​ទៅ​ក្រៅប្រទេស​ជាង២៣​ម៉ឺន​តោន ​ខណៈ​ចិន​នៅ​តែ​ជាទីផ្សារ​នាំមុខ​គេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​កាលៈទេសៈ​ស្ថានភាព និង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កំពុង​ទទួល រង​ឥទ្ធិពល​ពី​ជំងឺ​កូ​វី​ដ ១៩ តែ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​រយៈពេល ៣​ខែ​ដំបូង ដើមឆ្នាំ ២០២០​នេះ​នៅ​រក្សា​បាន​សន្ទុះ និង​មាន​កំណើន​គួរ​ឱ្យ​ចាប់អារម្មណ៍…

រាជធានី​ភ្នំពេញ​៖ ស្ថិត​ក្នុង​កាលៈទេសៈ​ស្ថានភាព និង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កំពុង​ទទួល រង​ឥទ្ធិពល​ពី​ជំងឺ​កូ​វី​ដ ១៩ តែ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​រយៈពេល ៣​ខែ​ដំបូង ដើមឆ្នាំ ២០២០​នេះ​នៅ​រក្សា​បាន​សន្ទុះ និង​មាន​កំណើន​គួរ​ឱ្យ​ចាប់អារម្មណ៍ ជាក់ស្តែង​នៅ ៣​ខែ ដើមឆ្នាំ​នេះ​កម្ពុជា​នាំ​ចេញ​អង្ក​រស​រុ​បាន​ជាង ២៣​ម៉ឺន​តោន​កើនឡើង​ជាង ៣០% បើ​ប្រៀប ធៀប​កាលពី​ឆ្នាំ ២០១៩​កន្លង​ទៅ ។

យោង​តាម​របាយការណ៍​ប្រចាំត្រីមាស​ទី ១ របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ២៧​ខែមេសា​នេះ​ថា បរិមាណ​នាំ​ចេញ​អង្ករ​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២០​នេះ​បាន​ចំនួន ២៣០.៩៤៥ តោន​មានការ​កើនឡើង​ចំនួន ៦០.១២៧​តោន ស្មើ ប្រមាណ​ជាង ៣៥% ច្រើន​ជាង​បរិមាណ​នាំ​ចេញ​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ ។

របាយការណ៍​គូសបញ្ជាក់​ថា នៅ​ក្នុង ៣​ខែ​ដើមឆ្នាំ ២០២០​នេះ​អង្ករ​កម្ពុជា​នាំ​ចេញ​ទៅ​កាន់ ទិស​ដៅ​ចំនួន ៤៥​ប្រទេស ក្នុង​នោះ​ប្រទេស​ចិន​ជាប់​លំដាប់​ទី ១ (៩២.៣៤៩​តោន​), ប្រទេស​បារាំង​ទី ២ (២៣.៩១៦​តោន​), ប្រទេស​ហ្គា​បុ​ង​ទី ៣ (១២.៨៩៨​តោន​), ប្រទេស វៀតណាម​ទី ៤ (១២.៤៦៦​តោន​), ប្រទេស​ម៉ា​ឡេ​ស៊ី​ទី ៥ (១០.១៧៣​តោន​), ប្រទេស​អូ ស្ត្រា​លី​ទី ៦ (៩.៧៨១​តោន​), ប្រទេស​ណេ​ដឺ​ឡែ​នទី ៧ (៩.៤៧៧​តោន​), ហុងកុង​ទី ៨ (៨.៦៧៦​តោន​) , ប្រទេស​អង់គ្លេស​ទី ៩ (៥.៨៧០​តោន​) និង​ប្រទេស​ប៉ូ​ឡូញ​ទី ១០ (៥.៦៥៣​តោន​) ។

ការ​នាំ​ចេញ​អង្ករ​ក្នុង​ត្រីមាស​ទី ១ ដើមឆ្នាំ​២ ០២០​នេះ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បង្ហាញ​ពី ការ​យល់​ឃើញ​របស់​ខ្លួន​ថា សម្រាប់​ត្រីមាស​ទី ១ នៃ​ដើមឆ្នាំ ២០២០​នេះ កម្ពុជា​សម្រេច បានការ​នាំ​ចេញ​អង្ករ​ក្រអូប​ចំនួន ៧៤% អង្ក​រស ចំនួន ២៤% អង្ករ​ចំហុយ ចំនួន ១% និង អង្ករ​សរីរាង្គ​ចំនួន ១% ។ នៅ​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២០​នេះ​ដដែល អង្ករ​ក្រអូប​បាន​កើន ចំនួន ១៤% អង្ក​រស បាន​កើន​ចំនួន ២៤៩% មាន​បរិមាណ ៥៤ ៤៧៦ តោន បើ​ធៀប​ទៅ នឹង​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ បាន​ត្រឹមតែ ១៥ ៦០៥ តោន​តែ​ប៉ុណ្ណោះ ។

បើ​តាម​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា «​តាម​ការ​គណនា​លើ​តម្លៃ​នៃ​ការ​នាំ​ចេញ FOB កម្ពុជា បាន​ទទួល​ចំណូល​ពី​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ប្រមាណ​ជា ១៦១ លាន​ដុល្លារ អា​មេ​រិ​ក នៅ​ក្នុង​ត្រីមាស​ទី ១ ឆ្នាំ ២០២០​នេះ​» ។

ពាក់ព័ន្ធ​និង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​នៅ​ពេល​កន្លង​ទៅ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ហាម ឬ​ដាក់​បំរាម​មិន​ឱ្យ​មានការ​នាំ​ចេញ​អង្ក​រស​ទៅ​កាន់​ទីផ្សារ​ខាងក្រៅ​នោះ​ទេ ពោល​គឺ​ទុក សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ។

លោក លន់ យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៧​ខែ មេ​សា​ថា «​ការ​បិទ​មិន​ឱ្យ​មានការ​នាំ​ចេញ​អង្ក​រស ស្ថិត​នៅ​ក្នុង​បញ្ហា​នៃ​ជំងឺ​កូ​វី​ដ ១៩ នេះ វា​ប៉ះពាល់​ដល់​បរិមាណ​នៃ​ការ​នាំ​ចេញ​អង្ករ​ខ្លះ​ដែរ តែ​អង្ករ​ក្រអូប​ការ​នាំ​ចេញ​ក្នុង​ល្បឿន ធម្មតា​អត់​មានការ​រាំងស្ទះ​អ្វី​នោះ​ទេ ។ ការ​បិទ​មិន​ឱ្យ​នាំ​ចេញ​អង្ក​រស​នេះ​ក៏​មិនមែន​បិទ រហូត​នោះ​ទេ គឺ​បិទ​ក្នុង​រយៈពេល​ខ្លី​ណាមួយ ពេល​យើង​ពិនិត្យ​មើល​ស្ថានភាព​អាច​ឱ្យ​នាំ ចេញ​បាន គឺ​ឱ្យ​នាំ​ចេញ​ឡើង​វិញ​» ។

លោក​សង្កត់ធ្ងន់​ថា «​ការ​បិទ​មិន​ឱ្យ​នាំ​ចេញ​អង្ក​រស​នេះ បើ​យើង​និយាយ​ពី​ផល​សេដ្ឋកិច្ច គឺ​យើង​គ្រាន់តែ​ខាតបង់​បរិមាណ តែបើ​និយាយ​ទឹកប្រាក់​មិនជា​ខាត​ប៉ុន្មាន​នោះ​ទេ ព្រោះ អង្ករ​ក្រអូប​ស្ថិត​ក្នុង​បញ្ហា​កូ​វី​ដ​នេះ​ក៏​ឡើងថ្លៃ​ខ្លះ​ដែរ អ៊ីចឹង​បើ​យើង​ស៊ី​ង​សង​គ្នា​ទៅ​វា​មិន មាន​ផល​អវិជ្ជមាន​នោះ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ