ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​​ធ្វើ​ពិធី​ពុទ្ធា​​ភិ​សេក​ពុទ្ធប​ដិមា​នៅ​​ប្រាសាទ​បាយ័ន បន្ទាប់​​ពី​ត្រូវ​ស្ត្រី​​ទេសចរ​ជន​ជាតិ​ហូ​ឡង់​​វាយ​​បំផ្លាញ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៩ តុលា លោក ប៊ុ​ន ណា​រិ​ទ្ធ អគ្គនាយក​អាជ្ញាធរ​អប្សរា បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ធ្វើ​ពិធី​ពុទ្ធា​ភិ​សេក​ព្រះពុទ្ធ​បដិមា​ដែល​រង​ការ​បែកបាក់ និង​បាន​ជួសជុល​រួច​នៅ​ប្រាង្គ​កណ្តាល​ប្រាសាទបាយ័ន ដែល​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃនេះ (២៣ តុលា​) ។ លិខិត​ដដែល​បានឱ្យ​ដឹង​ថា ការ​បែកបាក់​ព្រះពុទ្ធ​បដិមា​នេះ​ដោយសារ​ការ​បំផ្លាញ​ពី​សំណាក់​ស្ត្រី​ទេសចរ​ជនជាតិ​ហូ​ឡង់​ម្នាក់ កាលពី​យប់​ថ្ងៃ​ទី​៩ ឈាន​ចូល​ថ្ងៃ​ទី​១០ តុលា ។

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៩ តុលា លោក ប៊ុ​ន ណា​រិ​ទ្ធ អគ្គនាយក​អាជ្ញាធរ​អប្សរា បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ការ​ធ្វើ​ពិធី​ពុទ្ធា​ភិ​សេក​ព្រះពុទ្ធ​បដិមា​ដែល​រង​ការ​បែកបាក់ និង​បាន​ជួសជុល​រួច​នៅ​ប្រាង្គ​កណ្តាល​ប្រាសាទបាយ័ន ដែល​ត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃនេះ (២៣ តុលា​) ។ លិខិត​ដដែល​បានឱ្យ​ដឹង​ថា ការ​បែកបាក់​ព្រះពុទ្ធ​បដិមា​នេះ​ដោយសារ​ការ​បំផ្លាញ​ពី​សំណាក់​ស្ត្រី​ទេសចរ​ជនជាតិ​ហូ​ឡង់​ម្នាក់ កាលពី​យប់​ថ្ងៃ​ទី​៩ ឈាន​ចូល​ថ្ងៃ​ទី​១០ តុលា ។

ទោះបីជា​បែប​ណា  ក្រុម​អ្នកជំនាញ​អភិរក្ស​របស់​អាជ្ញាធរ​អប្សរា​បាន​ជួសជុល​ផ្គុំ​ឡើង​វិញ ដូច​ដើម​រួចរាល់ ។ ពិធី​ពុទ្ធា​ភិ​សេក​នេះ ប្រារព្ធ​ធ្វើ​នៅ​ប្រាសាទបាយ័ន​តែ​ម្តង​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក ។ ទាក់ទិន​នឹង​ការ​វាយ​បំផ្លាញ​របស់​ស្ត្រី​ជា​អ្នកទេសចរ​ជនជាតិ​ហូ​ឡង់​នេះ តាម​ប្រភព​ពី​សារព័ត៌មាន​ដេ​លី​ម៉េ​ល​របស់​អង់គ្លេស បាន​ចុះ​ផ្សាយ​ថា ស្ត្រី​ហូ​ឡង់​រូប​នោះ​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​បំផ្លាញ​ព្រះពុទ្ធ​បដិមា​នៅ​ក្នុង​ប្រាសាទបាយ័ន​មែន និង​អះអាង​ថា នាង​ឮ​សំឡេង​ប្រាប់​ថា ប្រាសាទបាយ័ន​នេះ មិនមែន​ជា​កម្មសិទ្ធិ​របស់​ព្រះពុទ្ធ​ទេ បុ​៉​ន្តែ​ជា​របស់​ទេពអប្សរ​ឈ្មោះ អុ​ិ​ន​អាន​ណា (Inanna) ។

ស្ត្រី​រូប​នេះ​ឈ្មោះ Willemijn Vermaat អាយុ​៤០​ឆ្នាំ បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​ហូ​ឡង់​ថា នាង​មិន​មាន​ចេតនា​វាយ​បំផ្លាញ​ព្រះពុទ្ធ​បដិមា នៅ​ក្នុង​ប្រាសាទបាយ័ន​ទេ បុ​៉​ន្តែ​ពេល​នៅ​ក្នុង​ប្រាសាទ ស្រាប់តែ​មានរឿង​ចម្លែក​កើតឡើង​ចំពោះ​នាង គឺ​មាន​សំឡេង​អ្វី​ម្យ៉ាង​កំពុងនិយាយ​ជាមួយ​នាង ។ នាង​បន្ត​ទៀត​ថា «​ខ្ញុំ​ត្រូវ​បាន​សំឡេង​នោះ​ប្រាប់​ថា ខ្ញុំ​ត្រូវ​តែ​សម្អាត​ប្រាសាទបាយ័ន​នេះ ព្រោះតែ​វា​ពោរពេញ​ទៅ​ដោយ​សំរាម​បង្ក​ឡើង​ដោយ​ព្រះសង្ឃ និង​មនុស្ស​ដទៃ​ទៀត ។ មិន​តែ​បុ​៉​ណ្ណោះ សំឡេង​នោះ​ប្រាប់​ខ្ញុំ​ទៀត​ថា ខ្ញុំ​ត្រូវ​តែ​យក​ព្រះពុទ្ធ​បដិមា​នោះ​ចេញ បុ​៉​ន្តែ​ខ្ញុំ​ពិតជា​មិន​ចង់​ធ្វើ​ដូច្នេះ​ឡើយ ព្រោះថា​វា​មិនមែន​ជា​រឿង​លេងសើច​ទេ ហើយ​ទាក់ទង​នឹង​សាសនា​ថែម​ទៀត​ផង​» ។

យោង​តាម​ប្រភព​ពី​គេហទំព័រ​ខ្មែរ​ឡូត​បាន​សរសេរ​ដោយ​ដកស្រង់​មក​ផ្សាយ​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ហូ​ឡង់​រូប​នេះ​ត្រូវ​បាន​ព្រះសង្ឃ​៣​អង្គ​ប្រទះ​ឃើញ ខណៈ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បំពេញការងារ​នៅ​ទីនោះ ក៏​កំពុង​ដើរ​រក​នាង​ដែរ តែ​នាងរ​ត់ទៅ​ពួន​សម្ងំ​នៅ​ក្នុង​ព្រៃ ក្រោយមក​នាង​បាន​ត្រឡប់​មក​វិញ ។ នាង​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​ក្រោយមក ខ្ញុំ​ក៏​បាន​ត្រឡប់​ទៅ​អង្គុយ​លើ​ភ្លៅ​របស់​ព្រះពុទ្ធ​បដិមា​ដើម្បី​ធ្វើ​សមាធិ បុ​៉​ន្តែ​សំឡេង​ដដែល​នៅ​តែ​បន្ត​និយាយ​ជាមួយ​ខ្ញុំ​ទៀត រួច​ខ្ញុំ​ក៏​ច្រាន​ព្រះពុទ្ធ​បដិមា​នោះ​ចេញ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ធ្វើ​ឱ្យ​ព្រះពុទ្ធ​បដិមា​បែក​តែ​ម្តង បុ​៉​ន្តែ​ខ្ញុំ​ក៏​បាន​សុំ​ខមាទោស​ពី​ព្រះពុទ្ធ​បដិមា​រួច​ហើយ​ដែរ ។ បន្ទាប់​មក នៅ​ពេល​ដែល​ខ្ញុំ​ឈប់​ធ្វើ​សមាធិ សំឡេង​នោះ​ក៏​បាត់​ភ្លាម​តែ​ម្តង​» ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​អប្សរា​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​៦​ព្រឹក​ថ្ងៃ​ទី​១០ តុលា កម្លាំង​នគរបាល​ការពារ​បេតិកភណ្ឌ​បានដឹង​ថា មានការ​បាក់បែក​ព្រះ​ពុទ្ធរូប​នៅ​ប្រាង្គ​កណ្ដាល​នៃ​ប្រាសាទបាយ័ន ហើយ​បាន​ទូរស័ព្ទ​មក​ប្រាប់​ភ្នាក់ងារ​អាជ្ញាធរ​អប្សរា​ឱ្យទៅ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​កើតហេតុ​ជាមួយ​គ្នា ។ នៅ​ពេល​ធ្វើ​កំណត់ហេតុ​នោះ ភ្នាក់ងារ​អាជ្ញាធរ​អប្សរា​មិន​បានឃើញ​ភ្ញៀវ​ស្រី​រូប​នោះ​ទេ តែ​បាន​ទទួល​ព័ត៌មាន​ពី​នគរបាល​នៅ​ទីនោះ​ថា ត្រូវ​បាន​ម្ចាស់ផ្ទះ​សំណាក់​មក​ទទួលយក​ត្រឡប់​ទៅ​វិញ​ហើយ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្ត ដោយ​បញ្ជាក់​ថា ជា​គោលការណ៍ ការ​បើក​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ ត្រូវ​បាន​កំណត់​ចាប់ពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​រហូត​ដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ដោយឡែក​នៅ​ប្រាសាទបាយ័ន ការ​ទស្សនា​របស់​ភ្ញៀវ​មាន​ចាប់ពី​ម៉ោង​៧​ព្រឹក ។ ផុត​ពី​ម៉ោង​ដែល​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា​នេះ ក្នុង​បរិវេណ​ប្រាសាទ​មាន​តែ​កម្លាំង​នគរបាល​ការពារ​បេតិកភណ្ឌ​ប៉ុណ្ណោះ ដែល​មាន​ភារកិច្ច​យាម​ប្រចាំការ​នៅ​តាម​គោលដៅ​ទាំងនោះ ។ រីឯ​កម្លាំង​របស់​នគរបាល​ទេសចរណ៍ និង​ភ្នាក់ងារ​របស់​អាជ្ញាធរ​អប្សរា ពុំ​មាន​ភារកិច្ច​នៅ​ប្រចាំការ​តាម​ប្រាសាទ​នៅ​ពេល​យប់​ទេ លើកលែងតែ​នៅ​ពេល​មានកម្ម​វិធី​សម្តែង​សិល្បៈ​ម្តងម្កាល ទើប​មាន​កម្លាំង​ចម្រុះ​រវាង​អាជ្ញាធរ​អប្សរា នគរបាល​ការពារ​បេតិកភណ្ឌ និង​នគរបាល​ទេសចរណ៍ ចូលរួម​ប្រចាំការ​ទាំងអស់​គ្នា រហូត​ដល់​បញ្ចប់​កម្មវិធី​វេលា​យ៉ាង​យូរ​ប្រហែល​ត្រឹម​ម៉ោង​១១​យប់ ។ ដូច្នេះ ហេតុការណ៍​កើតឡើង​នៅ​ពេល​យប់​ដូច​ករណី​ខាងលើ គឺ​មាន​តែ​វត្តមាន​កម្លាំង​នគរបាល​ការពារ​បេតិកភណ្ឌ​ប៉ុណ្ណោះ ៕