ខេត្តកោះកុង ៖ យោងតាមការរៀបរាប់ពីអ្នកភូមិព្រៃស្វាយ និងភាពជាក់ស្ដែង ត្រូវបានគេដឹងថា ដីព្រៃកោងកាងនៅមាត់សមុទ្រ ដែលស្ថិតនៅចំណុចភូមិព្រៃស្វាយសង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទខេត្តកោះកុង នាពេលបច្ចុប្បន្ននេះ មួយចំនួនកំពុងត្រូវបានគេលួចបំពានដឹកដីយកទៅចាក់លុប ក្នុងគោលបំណងពុះឡូលក់ជាស្នាដៃមន្ត្រីខេត្តម្នាក់ និងបក្សពួកយ៉ាងសង្ហារ ។
ចំពោះការលួចបំពានចាក់លុបដីមាត់សមុទ្រ នាពេលថ្មីៗកន្លងមកនេះ ត្រូវបានគេដឹងថា មានបុគ្គល3
ទៅ 4នាក់ ដែលបានរួមគ្នារំលោភបំពានទៅលើដីព្រៃកោងកាង ដែលជាសម្បត្តិរបស់រដ្ឋបើទោះបីជា ដីព្រៃ កោងកាងនៅមាត់សមុទ្រនោះ ត្រូវបានមន្ទីរបរិស្ថានខេត្តកោះកុងបានយកស្លាកសញ្ញា ហាមឃាត់ ការរំលោភបំពានដីព្រៃកោងកាងយកទៅបិទមិនអោយកាប់បំផ្លាញ និងរំលោភបំពានយ៉ាងណាក៏ដោយ ក៏គេនៅតែសង្កេតឃើញថាមានបុគ្គលមួយចំនួននៅតែបំពានទៅលើច្បាប់របស់រដ្ឋ ដដែលជាដដែលទៀត។
មេខ្លោងនៅក្នុងការដឹកនាំលួចចាក់ ដីលុបព្រៃកោងកាងនៅមាត់សមុទ្រ ក្នុងភូមិព្រៃស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទខេត្តកោះកុងនោះ ត្រូវបានគេស្គាល់ថា គឺឈ្មោះអៀវវណ្ណារ៉ា ជាអនុប្រធានមន្ទីរធនធាន ទឹក និងឧតុនិយមខេត្តកោះកុង ដែលជាមេខ្លោងដ៏អង់អាចម្នាក់ នៅក្នុងការដឹកនាំចាក់លុបដីព្រៃកោងកាង ដែលជាសម្បត្តិ ធនធានធម្មជាតិរបស់រដ្ឋ ។
ទាក់ទងទៅនឹងការចាក់ដី លុបព្រៃកោងកាង ចំណុចភូមិឃុំខាងលើ លោក អៀវ វណ្ណារ៉ា បានបញ្ជាក់ឲ្យអ្នកយកព័ត៌មានកោះសន្តិភាពអោយដឹងថា ចំពោះដីព្រៃកោងកាងដែលលោកបានចាក់ដីលុបនោះ គឺជាដីកម្ម សិទ្ធិរបស់លោក ដែលត្រូវទទួលស្គាល់ដោយអាជ្ញាធរភូមិ-ឃុំ ។
នេះជាព័ត៌មានបឋម ដែលកោះសន្តិភាពព្យាយាមសួរព័ត៌មានពីរដ្ឋអំណាចភូមិ-ឃុំបន្តទៀត នៅពេលក្រោយ មុននិងចេញផ្សាយពីសារព័ត៌មាន «កោះសន្តិភាព» ។
ចែករំលែកព័តមាននេះ