ខេត្តបាត់ដំបង ៖ បក្សពួកក្រុមចោរហារយដែលសកម្មនឹងអំពើ«ឆក់-ប្លន់»ចំនួន៣នាក់ទៀត ត្រូវបានកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលពីរសៀលថ្ងៃទី ២៤ មេសា ខណ:ដែលក្រុមនេះកំពុងជួបជុំគ្នា នៅចំណុចផ្លូវកោងស្រែមួយពាន់ ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
លោក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឱ្យដឹកថា ក្រោយពីជនដៃដល់ប៉ុន្មាននាក់ ដែលត្រូវចាប់ខ្លួនដំបូង បានឆ្លើយសារភាពអំពីបក្សពួកមួយចំនួនទៀត កំពុងគេចខ្លួន លោកស្នងការខេត្តបានបញ្ជាឱ្យកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ក្នុងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ស្រាវជ្រាវរហូតតាមឃាត់ខ្លួនបានបក្សពួកជនដៃដល់ ឆក់និងប្លន់ នេះ បានចំនួន០៣នាក់ទៀត។
ជនទាំង៣នាក់នេះ ១-ឈ្មោះ វង្ស គឹមឡាង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ២-ឈ្មោះ វុធ សុខផាត់ ភេទប្រុស អាយុ១៧ឆ្នាំ នៅឃុំព្រែកខ្ពប ស្រុកឯកភ្នំ និង និង៣-ឈ្មោះ ក្រត សុផាក ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ។
លោក ឈឿង គឹមសុង បានបញ្ជាក់ថា កម្លាំងបានក្រសោបជាប់នៅពេលដែលក្រុមនេះកំពុងជួបជុំពិភាក្សាគ្នារៀបគម្រោងត្រៀមចេញប្រព្រឹត្តអំពើចោរកម្ម នៅលើផ្លូវស្ងាត់ជាយក្រុង ។ ជាមួយនឹងការឃាត់ខ្លួននេះ មន្ត្រីជំនាញដកហូតបានវត្ថុតាង ដែលមាន ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ពណ៌ខ្មៅ ចំនួន០២គ្រឿង (មធ្យោបាយជិះធ្វើសកម្មភាព) កាំបិតចំនួន ០២ដើម, ទូរសព្ទដៃម៉ាក iphone xs max មួយគ្រឿង ( ជារបស់ជនរងគ្រោះ )។
បើតាមចម្លើយបឋមដែលពួកគេបានសារភាពប្រាប់សមត្ថកិច្ចថា ពួកគេជាមួយនឹងជនដៃដល់ប៉ុន្មាននាក់ទៀតដែលសមត្ថកិច្ចបង្ក្រាបបានប៉ុន្មានថ្ងៃមុននេះ គឺជាបក្សពួកតែមួយ។ ក្រុមនេះបានចេញធ្វើសកម្មភាពខ្លាំង ចាប់តាំងពីដើមខែមករា រហូតមកដល់ពេលនេះ។ បទល្មើសដែលពួកគេប្រព្រឹត្តិ គឈ«ឆក់និងប្លន់»អ្នកដំណើរតាមដងផ្លូវ ហើយមិនថា យប់ឬថ្ងៃនោះទេ ឱ្យតែពួកគេជួបប្រទះកន្លែងណាក៏ពួកគេធ្វើសកម្មភាពឱ្យតែមានឱកាស។
លោកឈឿង គឹមសុង បានបញ្ជាក់ថា ក្រុមចោរដៃស្អិតមានបក្សពួកច្រើនណាស់ ហើយបច្ចុប្បន្ននៅមានបក្សពួកប៉ុន្មាននាក់ទៀតដែលមន្ត្រីជំនាញកំពុងក្របួសក តែពួកគេកំពុងលាក់ខ្លួន ។ ទោះយ៉ាងណា ពេលនេះមន្ត្រីជំនាញកំពុងសាកសួជនសង្ស័យទាំង០៣នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ចាត់ការតាមនីតិវិធីហើយ៕
ចែករំលែកព័តមាននេះ