រាជធានីភ្នំពេញ ៖ ក្មេងប្រុសតូចដែលធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយស្ទឹងមានជ័យកាលពីយប់ថ្ងៃទី១៩ តុលា រហូតមកដល់វេលាម៉ោង៣ និង៥៩នាទីរសៀល ថ្ងៃទី២១ តុលា នេះនៅមិនទាន់រកសពឃើញនៅឡើយ។ «ធ្លាក់កូនប្រុសតូចក្នុងប្រឡាយទឹកស្អុយស្ទឹងមានជ័យ »
គួររំលឹកថា កូនៗនៅតូចដែលប្រឡែងគ្នាលេងលើផ្ទះ បានជ្រុលទម្លុះជញ្ជាំងសង្ក័សីរខេករខាកធ្លាក់ចូលប្រឡាយទឹកស្អុយហូរតាមទឹកទៅបាត់រកសពមិនទាន់ឃើញនៅឡើយ និងមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៩ តុលា នៅផ្ទះសង់លើប្រឡាយទឹកស្អុយ ក្បែរសមាគមព្រះច័ន្ទក្រហម ស្ថិតក្នុងក្រុម៧ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ស្ត្រីជាម្តាយឈ្មោះ ស៊ុន កូសានស៊ី អាយុ៣៤ឆ្នាំ មុខរបរកាត់ដេរ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ មានស្រុកកំណើតនៅកម្ពុជាក្រោម មានប្តីឈ្មោះ សួស សុធា អាយុ៣៣ឆ្នាំ មុខរបរប៉ះកង់ម៉ូតូនៅពេលយប់ មានកូន៦នាក់ ក្នុងបន្ទុកគឺប្រុស៤នាក់ ស្រី២នាក់ បានឱ្យដឹងថា ផ្ទះខាងលើនេះគាត់ទើបតែមកជួលស្នាក់នៅបាន២ខែប៉ុណ្ណោះ ដែលជាផ្ទះឈើបាំងជញ្ជាំងសង្ក័សីសង់នៅលើប្រឡាយទឹកស្អុយ ដែលផ្ទះនោះចាស់ទ្រុឌទ្រោមទៅហើយ ។ ស្ត្រីជាម្តាយនិយាយថា មុនពេលកើតហេតុ កូនៗរបស់គាត់បានរត់ប្រឡែងគ្នាលេងនៅក្នុងផ្ទះតាមសភាវក្មេង ស្រាប់តែរត់បុកធ្វើឱ្យធ្លុះជញ្ជាំងសង្ក័សីមួយប្រឡោះ បណ្តាលឱ្យកូនប្រុសពៅអាយុទើបតែមួយខួបកន្លះដែលចេះរត់តេះតះធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយបាត់ ។ ចំណែកកូនស្រីពីរនាក់ក៏រមៀលធ្លាក់ដែរ តែគាត់ថាម្តាយបានស្ទុះទៅចាប់ដៃជាប់ទាញអូសឡើងមកវិញ ។
ចែករំលែកព័តមាននេះ