រាជធានីភ្នំពេញ ៖ ម៉ូតូធំម៉ាកDUKE ដែលជិះដោយកញ្ញាលីន ដា ជាតារាសម្ដែងល្បីឈ្មោះម្នាក់និងជាតួឯកក្នុងរឿងទេវតាធ្លាក់ពីលើមេឃ ត្រូវរថយន្តRAV4 បុកពីក្រោយនិងកិនពីលើ រងការខូចខាតយ៉ាងដំណំដោយសារតែអូសក្រោមពោះរថយន្តប្រមាណជិត២០ម៉ែត្រ ខណៈកញ្ញាបើកម៉ូតូស្របទិសគ្នាជាមួយរថយន្ត ។ ប៉ុន្តែសំណាងល្អ កញ្ញាលីន ដា មិនមានរងគ្រោះថ្នាក់អ្វីធំដុំទេ ដោយសារតែនាងលោតចេញទាន់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីទៀបភ្លឺថ្ងៃទី១៥ តុលា នៅចំណុចក្បែរវិទ្យាល័យសន្ធរមុ៉ុក តាមវិថីកម្ពុជាក្រោម ទល់មុខតែគុជCHATIME ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូធំម៉ាកDUKE មួយគ្រឿង ពណ៌ទឹកប្រាក់លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CQ-9998 ជិះដោយកញ្ញាតារាសម្ដែងលីន ដា រួមដំណើរដោយនារីម្នាក់ទៀតធ្វើដំណើរតាមវិថីកម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចខាងលើក៏ត្រូវរថយន្តម៉ាកRAV4 មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Q-9321 បើកក្នុងទិសដៅស្របគ្នាបុកនិងកិនពីលើបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អអ្នកជិះម៉ូតូលោតចេញទាន់មិនមានរងរបួសអ្វីនោះទេ ។
កញ្ញាលីន ដា បាននិយាយថា ដោយសារតែម្ចាស់ម៉ូតូស្រវឹង ទើបនាងបើកម៉ូតូធំមួយគ្រឿងនេះជំនួស ក៏ត្រូវរថយន្តមួយគ្រឿងបម្រុងបើកឆាបដែលធ្វើឱ្យនាងភ័យ ក៏ផ្ដួលម៉ូតូចោលទើបត្រូវរថយន្តបុកហើយកិន ។ ប្រភពព័ត៌មានពីកញ្ញាលីន ដា បានឱ្យដឹងថា មុនពេលកើតហេតុនាងនិងមិត្តភក្ដិ ស្រី២នាក់ បុរសម្នាក់ ជិះម៉ូតូ២គ្រឿងម៉ាកស្គូពីពណ៌ខ្មៅ មិនចាំស្លាកលេខនិងម៉ូតូធំម៉ាកDUKE ទៅដើរលេងផឹកសីុស្រាប់តែបុរសដែលជាម្ចាស់ម៉ូតូធំស្រវឹងខ្លាំងពេកជិះម៉ូតូមិនកើត ទើបនាងដែលចេះបើកម៉ូតូ ក៏បើកម៉ូតូជំនួស ។ ចំណែកបុរសជាម្ចាស់ម៉ូតូត្រូវមិត្តភក្ដិស្រីម្នាក់ទៀតជិះម៉ូតូស្គូពីឌុបដោយធ្វើដំណើរតាមមហាវិថីកម្ពុជាក្រោមពីលិចទៅកើត លុះមកដល់ចំណុចខាងលើក៏មានរថយន្តRAV4 មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា ។ នាងថាប្រហែលដោយឃើញនាងជាស្រីបើកម៉ូតូធំតែម្នាក់ឯងក៏ព្យាយាមបើករថយន្តយ៉ាងលឿនតាមពីក្រោយបណ្ដាលឱ្យជ្រុលមកបុកម៉ូតូ ប៉ុន្តែជាសំណាងល្អដោយនាងបានផ្ដួលម៉ូតូចោលនៅកណ្ដាលផ្លូវទើបគេចផុតពីគ្រោះថ្នាក់រថយន្តបានបុកអូសម៉ូតូជាប់ពីក្រោមដោយអូសតាំងពីមុខតែគុជCHATIME រហូតដល់មុខផ្ទះលេខ៧៥៨B ទើបឈប់ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តនិងម៉ូតូបើកស្របទិសគ្នា លុះមកដល់ចំណុចខាងលើរថយន្តហាក់ជាចង់បើកទន្ទឹមម៉ូតូដោយសារតែឃើញស្រីស្អាតជាអ្នកបើកម៉ូតូធំគួរឱ្យទាក់ទាញ ។ ក្រោយពេលកើតហេតុ ដោយសារតែឃើញម៉ូតូបែរក្បាលពីមុខរថយន្តមើលទៅដូចជិះបុករថយន្តនោះត្រូវបានអ្នកបើកបរចោទថាកញ្ញារូបស្រស់បុករថយន្តរបស់គេ ។ បន្ទាប់មកអ្នកបើកបររថយន្តRAV4 បានទូរស័ព្ទហៅមិត្តភក្ដិបើករថយន្តមួយគ្រឿងទៀតមកដល់បម្រុងឡើងជិះរថយន្តទៅ ក៏ត្រូវបុរសជាម្ចាស់ម៉ូតូហៅម្ចាស់រថយន្តឱ្យចុះមកដោះស្រាយគ្នា ប៉ុន្តែម្ចាស់រថយន្តចុះមកបានបន្តិចក៏ឡើងជិះរថយន្តចេញទៅបាត់ដូចគេចមិនដោះស្រាយ។ ចំណែកម៉ូតូនិងរថយន្តRAV4 ត្រូវសមត្ថកិច្ចធ្វើការវាស់វែងនិងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោក ៕
ចែករំលែកព័តមាននេះ