គម្រោង​ធ្វើ​ម្ចាស់ផ្ទះ​ប្រកួត​តេ​ក្វា​ន់​ដូ ITF ​​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល


រាជធានី​ភ្នំពេញ ៖ គម្រោង​ធ្វើ​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​ស្ទីល I.T F មក​ដល់​ពេល​នេះ​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល​នៅឡើយ​ទេ ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​(Covid-19)​ ដែល​បាន​ធ្វើ​ឲ្យ​សកម្មភាព​សង្គម​នានា​របស់​ពិភពលោក​ត្រូវ​បាន​លុប​ចោល ឬ ពន្យារពេល ក្នុង​នោះ​មាន​ទាំង​សកម្មភាព​កីឡា​ទៀត​ផង ។ នៅ​ខែតុលា​ខាង​មុខ​នេះ កម្ពុជា​មាន​គម្រោងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​តេ​ក្វា​ន់​ដូ​ជើងឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​២​ដោយ​រំពឹង​ថា​នឹង​មានការ​ចូលរួម​លើស​ពី​៧​ប្រទេស ។

លោក​បួន​ហ៊ីង សុធី​យ៉ា ដែល​ជា​អគ្គ​លេខាធិ​ការ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ I.T F កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹង​ថា ខែតុលា​គឺ​នៅ​រយៈពេល​យូរ​គ្រាន់បើ​ដែរ ។ បើ​ពេល​នេះ​ពិភពលោក​ស្រាកស្រាន្ដ​ពី​មេរោគ​កូ​វី​ដ​-19​នោះ គម្រោង​នៃ​ការ​ប្រកួត​នេះ​នឹង​មិន​ត្រូវ​បាន​លុប​ចោល​នោះ​ទេ ។

ទោះជា​យ៉ាងណា លោក​អគ្គលេខាធិការ​បញ្ជាក់​ថា បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ខ្មែរ​ចប់​នោះ​សហព័ន្ធ​នឹង​ធ្វើ​លិខិត​ទៅ​សុំ​ក្រសួង​អប់រំ តែ​ការ​ធ្វើ​លិខិត​នេះ​ក៏​សហព័ន្ធ​នឹង​ពិនិត្យ​មើល​ពី​ស្ថានភាព​ជំងឺ​ផ្លូវដង្ហើម​នេះ​ដែរ​តើ​វា​នៅ​តែ​ធ្ងន់ធ្ងរ ឬ​ក៏​ធូរស្រាល​ហើយ​នោះ ។ ក្នុង​ករណី​អ្វី​ៗ​នៅ​តែ​ធ្ងន់ធ្ងរ​នោះ សហព័ន្ធ​នឹង​ពន្យារពេល​សិន​ដោយ​មិន​លុប​ចោល​នោះ​ទេ ។

សូម​បញ្ជាក់​ថា កម្ពុជា​ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​ជើងឯក​អា​សុី​អាគ្នេយ៍​បាន​ម្ដង​រួច​មក
ហើយ​​ដែល​កាលនោះ​មាន​ប្រទេស​ចំនួន​៧​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ចូលរួម ។ កាលនោះ​កម្ពុជា​ដណ្ដើម​បាន​មេដាយមាស​ចំនួន​៣១​គ្រឿង មេដាយ​ប្រាក់​ចំនួន​១០​គ្រឿង និង​មេដាយ​សំរឹទ្ធ​ចំនួន​១១​គ្រឿង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

កីឡាជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ