រាជធានីភ្នំពេញ ៖ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានប្រកាស កាលពីថ្ងៃទី០៧ ខែមេសា សម្រេចថា អំឡុងថ្ងៃចូលឆ្នាំ ប្រពៃណីខ្មែរចំនួន៤ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៦ ខែមេសានេះ មិនអោយមានការឈប់សម្រាកការងារឡើយ គឺនៅតែបន្តធ្វើការងារធម្មតាដដែល និងអោយឈប់សងវិញចំនួន៥ថ្ងៃ នៅពេលវេលាសមស្របណាមួយបន្ទាប់ពីជំងឺកូវីដ១៩នេះបានស្ងប់ស្ងាត់ ។

ក៏ប៉ុន្តែបើតាមលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានមានប្រសាសន៍ថា លោកគាំទ្រនូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេស ដោយមិនអោយមានការជួបជុំច្រើនៗ ក៏ប៉ុន្តែវិធានការក្នុងការមិនអោយឈប់សម្រាកនៅថ្ងៃចូលឆ្នាំខ្មែររបស់រាជរដ្ឋាភិបាល ហាក់ធ្វើឡើងយឺតពេលបន្តិច ពីព្រោះថ្ងៃឈប់សម្រាកកាន់តែជិតមកដល់ ។
ជាក់ស្ដែង បណ្ដាក្រុមហ៊ុនរោងចក្រមួយចំនួនបានអនុញ្ញាតអោយកម្មកររបស់ខ្លួនឈប់សម្រាកបាត់ទៅហើយ និងរោងចក្រខ្លះទៀតនឹងអោយកម្មករឈប់សម្រាកម្សិលមិញ ថ្ងៃនេះ និងស្អែកបន្តបន្ទាប់ ដើម្បីអោយពួកគេអាចមានពេលវេលាទៅស្រុក ។ លោកបានបន្តថា ដូចបានដឹងស្រាប់ហើយ កម្មករភាគច្រើនពួកគាត់ទន្ទឹងរង់ចាំថ្ងៃឈប់សម្រាកមកដល់នឹងអាលបានត្រលប់ទៅស្រុកកំណើតជួបក្រុមគ្រួសារ បងប្អូននៅស្រុក ។ តែនៅពេលដែលលឺអត់អោយឈប់វិញ យើងពិតជាយល់អារម្មណ៍របស់ពួកគាត់ថា វាពិបាកមែន ក៏ប៉ុន្តែរដ្ឋាភិបាលចាំបាច់ត្រូវធ្វើបែបនេះ ដើម្បីទប់ស្កាត់នឹងជំងឺកូវីដ១៩ ។

ប្រធានសហជីពរូបនេះបានបន្តថា «កម្មករភាគច្រើនបានរៀបចំអីវ៉ាន់រួចហើយ ក្នុងការឈប់សម្រាក ហើយបណ្ដារោងចក្រមួយចំនួន ក៏បានខិតខំជំរុញបង្ហើយការងារមុនចូលឆ្នាំនឹងអាលបានឈប់សម្រាក និងមានរោងចក្រខ្លះក៏គ្រោងនឹងដាក់ពាក្យស្នើសុំព្យួរការងារមួយរយៈផងដែរ ខណៈអ្នកបញ្ជាទិញក៏ស្នើអោយផ្អាក និងខ្វះវត្ថុធាតុដើមមួយចំនួនផងដែរ » ។
លោកបន្តថា តាមតំណាងសហជីពនៅតាមក្រុមហ៊ុនរោងចក្រជាង១០០បានអោយដឹង ពួកគេមួយចំនួនធំ បានបង្ហាញអារម្មណ៍ចង់ឈប់សម្រាក តែពិបាកក្នុងការសម្រេចចិត្ត ហើយបើសិនជាពួកគាត់តវ៉ានោះវាបង្ហាញពីការមិនចូលរួមជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងកូវីដ១៩ ។ ក្នុងកាលៈទេសៈនេះ វាពិតជាពិបាកថា តើត្រូវសម្រាក ឬបន្តតែយ៉ាងណាលោកជឿថា មួយចំនួននឹងឈប់សម្រាក ហើយមួយចំនួនទៀតអាចនឹងនៅបន្តធ្វើការងារដដែល ។

បើតាមលោកហេង សួរ អ្នកនាំពាក្យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានបង្ហាញសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ដីពីការលើកពេលថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំ២០២០ ដោយបានភ្ជាប់ជាមួយសំណេរថា តាមរយៈសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំនឹងរបស់ក្រសួងនោះ ថ្ងៃទី ១៣ ដល់១៦ ខែមេសា ឆ្នាំ២០២០នេះ ត្រូវបានច្បាប់ចាត់ទុកជាថ្ងៃធ្វើការធម្មតា មានប្រាក់ឈ្នួល១០០ភាគរយ ដូចថ្ងៃធម្មតា ។
នៅក្នុងសំណេររបស់លោកក៏បានបញ្ជាក់ថា បើបងប្អូនកម្មករ នៅតែចង់ឈប់ ហើយមានច្បាប់ត្រឹមត្រូវ រោងចក្រអាចឱ្យគាត់ឈប់ដោយកាត់ចេញពីថ្ងៃឈប់សម្រាកប្រចាំឆ្នាំ ចំនួន១៨ថ្ងៃ របស់គាត់ ក៏ប៉ុន្តែលោកក៏បានអំពាវនាវនិងសំណូមពរដល់បងប្អូនទាំងអស់ បន្តធ្វើការងារធម្មតា បើសិនជាស្រលាញ់បងប្អូន ចង់ជួយបងប្អូនជួយគ្រួសារ និងខ្លួនឯង ។ រដ្ឋនឹងសងថ្ងៃឈប់សម្រាកចូលឆ្នាំនេះវិញចំនួន៥ថ្ងៃនៅពែលកូវីដ១៩ចប់ ៕
ចែករំលែកព័តមាននេះ