ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​សរសើរ ! ស្រី​ស្អាត Kylie Jenner នៅ​តែ​ជា​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​លើ​លោក

4 ឆ្នាំ មុន

ទស្សនាវដ្តី Forbes ទើបតែ​ចេញ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ប្រចាំឆ្នាំ ហើយ​កញ្ញា ខៃ​លី ជេន​នើ (Kylie Jenner) ដ៏​ស្រស់​ស្អាត​នៅ​តែ​ជា​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​លើ​លោក​ដដែល​ក្នុង​អាយុ ២២​ឆ្នាំ​ដោយ​មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ…

ទស្សនាវដ្តី Forbes ទើបតែ​ចេញ​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ប្រចាំឆ្នាំ ហើយ​កញ្ញា ខៃ​លី ជេន​នើ (Kylie Jenner) ដ៏​ស្រស់​ស្អាត​នៅ​តែ​ជា​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​លើ​លោក​ដដែល​ក្នុង​អាយុ ២២​ឆ្នាំ​ដោយ​មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ ១​ប៊ី​លាន​ដុល្លារ ។

កញ្ញា​បាន​ជាប់​ក្នុង​បញ្ជី​នេះ​តាំងពី​ខែមីនា ឆ្នាំ ២០១៩​កន្លង​មក និង​បន្ត​ជាប់​ឈ្មោះ​រហូត​ដល់​ខែវិច្ឆិកា​ពេល​ដែល​កញ្ញា​យល់ព្រម​លក់​ភាគហ៊ុន ៥១% របស់​ក្រុមហ៊ុន Kylie Cosmetics ឲ្យ​ទៅ​ក្រុមហ៊ុន Coty Inc. ក្នុង​តម្លៃ ៦០០​លាន​ដុល្លារ ។

កញ្ញា​បាន​ចាប់ផ្តើម​ក្រុមហ៊ុន​គ្រឿងសម្អាង​របស់​ខ្លួន​តាំងពី​ឆ្នាំ ២០១៤ មក និង​បាន​ងាក​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​ទៅ​ឲ្យ​អ្នកគាំទ្រ​រាប់​លាន​នាក់​របស់​កញ្ញា​បន្ទាប់​ពី​យក​ប្រាក់​ចំណូល​ប្រមាណ ២៥​ម៉ឺន​ដុល្លារ​ដែល​បាន​ពី​ការ​បង្ហាញ​ម៉ូ​ដ​ទៅ​ចាប់ផ្តើម ។ ផលិតផល​ដំបូង​របស់​កញ្ញា​គឺ​កញ្ចប់​ក្រែ​ម​តម្លៃ ២៩​ដុល្លារ​ដែល​ត្រូវ​បាន​លក់​អស់ពី​ស្តុក​ក្នុង​កំឡុង​ពេល​មួយ​នាទី​ដំបូង ។

អាជីវកម្ម​របស់​កញ្ញា​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​ព្រោះតែ​ការ​ផ្សព្វផ្សាយ​ដោយ​ខ្លួនឯង ខណៈ​ដែល​ការ​ផលិត ការ​វេច​ខ្ចប់ និង​ការ​លក់​ត្រូវ​បាន​ចាត់ចែង​ដោយ​ក្រុមហ៊ុន​ដទៃ ។ ម្តាយ​របស់​កញ្ញា​ជា​អ្នកគ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ ខណៈ​ដែល ខៃ​លី ភាគច្រើន​ព្យាយាម​លក់​ផលិតផល​លើ​ប្រព័ន្ធ​សង្គម ។

នៅ​ចុងឆ្នាំ ២០១៨ កញ្ញា​បាន​ចុះ​កុងត្រា​ចែកចាយ​ជាមួយនឹង Ulta Beauty ដើម្បី​ចែកចាយ​ផលិតផល​របស់​កញ្ញា​ដើម្បី​ដាក់​លក់​តាម​ហាង ហើយ​កំឡុង​ពេល​នោះ Forbes បាន​កោតសរសើរ​កញ្ញា​ថា​ជា​បុគ្គល​ដែល​នឹង​ក្លាយជា​មហាសេដ្ឋី​វ័យក្មេង​ជាងគេ​ក្នុង​ពេល​ឆាប់​ៗ​នេះ ។

ប៉ុន្មាន​ខែ​ក្រោយមក កញ្ញា​បាន​សម្រេច​គោលដៅ​នេះ​មែន ដោយ​ដណ្តើម​តំណែង​របស់​លោក ម៉ាក ហ្សា​ក់​កា​បឺ​ក (Mark Zuckerberg) របស់ Facebook ដែល​បាន​ក្លាយជា​មហាសេដ្ឋី​នៅ​អាយុ ២៣​ឆ្នាំ ។

គួរ​បញ្ជាក់​ដែរ​ថា​កញ្ញា ខៃ​លី ស្ថិត​ក្នុង​ចំណោម​មហាសេដ្ឋី ១០​រូប​ដែល​មាន​អាយុ​ក្រោម ៣០​ឆ្នាំ ។ ក្នុង​ចំណោម​នោះ​មាន ៧​នាក់​ស្នង​ទ្រព្យសម្បត្តិ​ពី​គ្រួសារ​ខណៈ​ដែល​មាន​តែ​បី​នាក់​ដែល​រួម​ទាំង​កញ្ញា​ប៉ុណ្ណោះ​ដែល​បង្កើត​ទ្រព្យសម្បត្តិ​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ