ខេត្តបន្ទាយមានជ័យ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនចំនួន២នាក់ ធ្លាប់ជាប់ពន្ធនាគារម្នាក់ៗ៤ឆ្នាំ ពេលចេញមកវិញមិនរាងចាល បន្តប្រព្រឹត្តបទល្មើសដដែល ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំង គ្រឿងញៀន សហការជាមួយកម្លាំងនគរបាលក្រុងសិរីសោភ័ណ ស្រាវជ្រាវនិងបង្ក្រាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់រួមទាំងវត្ថុតាងថ្នាំញៀនមួយចំនួនធំ ។
លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា៖ដើម្បីអនុវត្តនូវគោលនោយបាយ ភូមិ ឃុំ មានសុវត្ថិភាព ប្រជាពលរដ្ឋរស់នៅសុខសាន្ត ។ លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះបទល្មើសគ្រឿងញៀនទាំងការជួញដូរ និងការប្រើប្រាស់ គឺត្រូវតែធ្វើការស្រាវជ្រាវឲ្យដូចជាភ្លៀងរលឹម ។
ជាលទ្ធផល នៅវេលាម៉ោង៤ និង៥០នាទីរសៀលថ្ងៃទី០៤ មេសា កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានធ្វើការស្រាវជ្រាវតាមវិធានការជំនាញនិងឈានដល់ការចាប់ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មម្នាក់នៅនឹងផ្ទះជនសង្ស័យឈ្មោះ នី សិឡា ភេទប្រុអាយុអាយុ២៩ឆ្នាំ នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នៅក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលយើងបានធ្វើការដកហូតវត្ថុតាង ថ្នាំញៀន ម្សៅក្រាមពណ៌ សថ្លា ចំនួន៣ថង់ ដបកែច្នៃសម្រាប់ជក់១ សំបកថង់មួយចំនួន បំពង់ប៊ឺតមួយចំនួននិងទូរស័ព្ទដៃចំនួន២គ្រឿង។
លោកស្នងការរង វរសេនីយ៍ទោង៉េង សុជា បានបន្តទៀតថា៖ក្រោយពីចាប់ឃាត់ខ្លួនឈ្មោះ នី សិឡា និងធ្វើការសាកសួរចម្លើយ នៅថ្ងៃដដែលកម្លាំងនគរបាលយើងបានបន្តទៅចាប់ឃាត់ខ្លួនឈ្មោះ លី ទីណា ភេទប្រុសអាយុ២៩ឆ្នាំ មានទីនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រង់ចំណុចភូមិប្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
នៅក្នុងការចុះបង្ក្រាបនេះ កម្លាំងនគរបាលឆែកឆេររកឃើញថ្នាំញៀនម្សៅក្រាមពណ៌សថ្លា ចំនួន៧ថង់ ទូរស័ព្ធចំនួន២គ្រឿងនិងរថយន្ត១គ្រឿង ។ នៅក្នុងកិច្ចប្រតិបត្តិការទាំង២ករណីនេះ សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ រឹបអូសវត្ថុតាងថ្នាំញៀន សរុបចំនួន១០ថង់ ដបកែច្នៃសម្រាប់ជក់១ គម្រដបកែច្នៃសម្រាប់ជក់១ បំពង់ទាម៉ូម៉ែត្រ១ សំបកទាម៉ូម៉ែត្រ២ ដែកកេះ១ សំបកសម្រាប់វិចខ្ចប់មួយចំនួន បំពង់ប៊ឺតមួយចំនួន ទូរស័ព្ទដៃ៤គ្រឿង និងរថយន្ត១គ្រឿង ។
លោកស្នងការរង បានបញ្ជាក់បន្ថែមថា៖ មុខសញ្ញាជួញដូរគ្រឿងញៀនទាំង២នាក់នេះ គឺជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារម្នាក់ៗចំនួន៤ឆ្នាំ ពីបទជួញដូរគ្រឿង ចេញមកវិញបានជិត១ឆ្នាំ តែមិនពួកគេមិនរាងចាល បន្តប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនដដែល ។បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ