ពេលចាប់បានជាង១៦គីឡូ ទើបសារភាពថាទទួលបន្តពីជនជាតិលាវម្នាក់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង…
រាជធានីភ្នំពេញ ៖ អនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង…
រាជធានីភ្នំពេញ ៖ អនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ បានប្រើប្រាស់កម្លាំងជំនាញការិយាល័យទី៧ ចុះបើកកិច្ចប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនដោយខុសច្បាប់ចំនួន២ករណី ស្ថិតនៅលើដងផ្លូវសាធារណៈនៅក្នុងរាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តការខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងនោះម្នាក់ឈ្មោះ សឿង ធាវ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ និងម្នាក់ឈ្មោះ អឿង ឌីចាន់ណា ភេទប្រុស អាយុ៣៧ឆ្នាំ ហើយក្នុងនោះសមត្ថកិច្ចបានចាប់យកវត្ថុតាងថ្នាំញៀនជាង១៦គីឡូក្រាម ។
បើតាមលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនបានថ្លែងឲ្ងដឹងថា ករណីខាងលើនេះ ដំបូងកម្លាំងជំនាញ(ក៧)ដឹកនាំដោយឧត្តមសេនីយ៍ទោ សឿង ណុល នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងមានការសហការ និងចូលរួមពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងខណ្ឌទួលគោក ក្រោមការសម្របសម្រួលពីលោក សឿន មុនីរត្ន័ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវ ឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សឿង ធាវ៉ា និងដកហូតថ្នាំញៀនប្រភេទម្សៅក្រាមសថ្លាសង្ស័យមេតំហ្វេតាមីន(ICE)ទម្ងន់ប្រហែលកន្លះគីឡូក្រាម នៅលើផ្លូវលេខ១៦៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យម្នាក់នេះរួចមក សមត្ថកិច្ចបានសួរយកចម្លើយ និងបន្តទៅឆែកឆេរគោលដៅទី២ទៀតនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខ៣៣c ផ្ទះលេខ២៥z ផ្លូវលេខ២៥១ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ អឿង ឌីចាន់ណា និងចាប់យកថ្នាំញៀនប្រភេទម្សៅសថ្លា សង្ស័យមេតំហ្វេតាមីន(ICE)ចំនួន១៦ដុំ ទម្ងន់ប្រហែល១៦គីឡូក្រាម ។
លោក ឡឹក វណ្ណៈ បានបន្តថា លទ្ធផលនៃការបង្ក្រាបនេះ សរុបជារួមក្រោយពីធ្វើតេស្ត និងថ្លឹងរួច គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) មានទម្ងន់ជាង១៦គីឡូក្រាម ។ ហើយបើតាមចម្លើយជនសង្ស័យថា ថ្នាំញៀននេះពួកគេបានទទួលបន្តពីជនជាតិលាវម្នាក់ ដែលយកមកប្រគល់(ទិញ-លក់)ឲ្យនៅរាជធានីភ្នំពេញ រួចជននោះក៏បានគេចខ្លួនបាត់ ។
ជនសង្ស័យ និងវត្ថុតាងថ្នាំញៀនជាង១៦គីឡូក្រាមនេះ សមត្ចកិចច្ចបាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ