ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារពិភពលោក​អនុម័ត​ឥណទាន​២០​លាន​ដុល្លារ​អា​មេ​រិ​ក​ជួយ​កម្ពុជា​ឆ្លើយ​តប​នឹង​ការ​រាលដាល​ជំងឺ​កូ​វី​ដ​-១៩

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​ធនាគារពិភពលោក បាន​ទម្លាក់​ថវិកា​២០​លាន​ដុល្លារ​សម្រាប់​ជួយ​កម្ពុជា ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ធនាគារពិភពលោក​ចេញផ្សាយ នៅ​ថ្ងៃ​ទី​០២…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​ធនាគារពិភពលោក បាន​ទម្លាក់​ថវិកា​២០​លាន​ដុល្លារ​សម្រាប់​ជួយ​កម្ពុជា ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​ធនាគារពិភពលោក​ចេញផ្សាយ នៅ​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២០ ។

នាយក​ប្រតិបត្តិ​នៃ​ធនាគារពិភពលោក បាន​អនុម័ត​លើ​ឥណទាន​ទឹកប្រាក់​២០​លាន​ដុល្លារ​អា​មេ​រិ​ក របស់​សមាគម​អភិវឌ្ឍន៍​អន្តរជាតិ (IDA) សម្រាប់​គម្រោង​ឆ្លើយ​តប​ជា​បន្ទាន់​ទៅ​នឹង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ប្រទេស​កម្ពុជា ដែល​ឥណទាន​នេះ ជា​លើក​ដំបូង​ហើយ​នៅ​ក្នុង​កញ្ចប់​ថវិកា​ប្រតិបត្តិការ​សម្រាប់​ជួយ​ក្នុង​សភាព​ការ​បន្ទាន់ តាម​រយៈ​យន្តការ​សេវា​រហ័ស​ក្នុង​ពេល​មានការ​រាលដាល​កូ​វី​ដ​-១៩ ។

លោកស្រី អ៊ី​ង​ហ្គូ​ណា ដូ​ប្រា​ចា នាយិកា​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា ៖ «​ហិរញ្ញប្បទាន តាម​រយៈ​យន្តការ​សេវា​រហ័ស​នេះ​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ស្ថានការណ៍​បន្ទាន់​ផ្នែក​សុខាភិបាល​ទូ​ទាំង​សាកលលោក ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​ហិរញ្ញប្បទាន​នេះ គឺ​សម្រាប់​កម្ពុជា​យក​ទៅ​ប្រើ ដើម្បី​ជាវ​ការ​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ និង​ឧបករណ៍​សម្ភារៈ​ពេទ្យ​ចាំបាច់​នានា ដើម្បី​យក​មក​ធ្វើតេស្ត​រក​រោគ​សញ្ញា និង​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩, កាត់​បន្ថយ​ការ​រាលដាល​ឆ្លង​របស់​មេរោគ​, ពង្រឹងសមត្ថភាព​ឆ្លើយ​តប​ទៅ​នឹង​ការ​រាលដាល​មេរោគ ,​និង​ជួយ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នកជំងឺ​ឆាប់​ជា​សះស្បើយ និង​សេដ្ឋកិច្ច​ឆាប់​បាន​ងើបឡើង​វិញ​។​»

ប្រភព​បាន​បន្ត​ថា គម្រោង​នេះ​នឹង​ជួយ​កម្ពុជា​ឱ្យ​សម្រេច​បាន​តាម​គោលដៅ​ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​ផែនការមេ​កូ​វី​ឌ​-១៩ របស់​ខ្លួន ក្នុង​នោះ​រួម​មាន ការ​ពង្រឹង​សកម្មភាព​ទប់ស្កាត់​ជំងឺ​, ការ​រក​ឃើញ​ជំងឺ​ឱ្យ​បាន​រហ័ស​, ការ​ត្រៀមលក្ខណៈ និង​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​។ គម្រោង​នេះ​នឹង​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ការ​សាងសង់​មណ្ឌល​ដាក់​អ្នកជំងឺ​ឱ្យ​នៅ​ដាច់​ដោយឡែក និង​ព្យាបាល​អ្នកជំងឺ ហើយ​វា​នឹង​ជួយ​បង្កើន​សមត្ថភាព​វិភាគ​រោគ​សញ្ញា​នៅ​តាម​មន្ទីរពិសោធន៍​របស់​មន្ទីរពេទ្យ​បង្អែក នៅ​ទូ​ទាំង​២៥​ខេត្ត​-​ក្រុង ។ លើស​ពី​នេះ គម្រោង​ក៏​នឹង​ជួយ​ទៅ​លើ​ការ​ចំណាយ​ក្នុង​ការ​ជាវ​ការ​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​ពេទ្យ ដែល​ចាំបាច់​សម្រាប់​យក​មក​ព្យាបាល​អ្នកជំងឺ និង​ទប់ស្កាត់​ការ​រាលដាល​នៃ​ការ​ឆ្លង​មេរោគ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ