អ្នក​បាត់​បង់​ជីវិត​​​ឡើង​ដល់​១៣.១៥៥​នាក់​ នៅ​អី​ុ​តា​លី


បណ្ដា​ប្រទេស​អឺរ៉ុប ៖ ផ្នែក​ការពារ​ស៊ី​វិល​ទទួល​បន្ទុក គ្រប់គ្រង​ការ​ឆ្លើយ​តប​ចំពោះ​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​COVID-19 របស់​អ៊ីតា​លី រាយការណ៍​នា​ថ្ងៃ​ទី​១​មេ​សា​ថា នៅ​អ៊ី​តា​លី​មក​ដល់​ថ្ងៃ​ទី​១​មេ​សា ចំនួន​អ្នក​ឆ្លង​វីរុស​សរុប បាន​ឡើង​ដល់​១១០.៥៧៤​នាក់ ចំណែក​ចំនួន​សរុប​នៃ​អ្នក​​បាត់​បង់​ជីវិត​​បាន​កើន​ដល់​១៣.១៥៥​នាក់​ក្នុង​ប្រទេស​។

ប្រធាន​ផ្នែក​ការពារ​ស៊ី​​វិល​លោក​ANGELO BORRELLI ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​តាម​ទូរទស្សន៍ អះអាង​នា​រសៀល​ថ្ងៃ​ទី​១​មេ​សា​ថា ជា​រួម​ចំនួន​មនុស្ស​ដែល​ចូល​មន្ទីរពេទ្យ​និង​ចំនួន​អ្នក​ស្លាប់​មានការ​ចុះ​ថយ​។ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ មាន​អ្នក​បាត់​បង់​ជីវិត​ថ្មី​ប្រមាណ​ជា​៧២៧​នាក់ ហើយ​ចំនួន​អ្នក​ព្យាបាល​ជា​បាន​ឡើង​ដល់​សរុប​១៦.៨៤៧​នាក់ តាំងពី​មានការ​ឆ្លង​ក្នុង​ប្រទេស​ពី​ថ្ងៃ​ទី​២១​កុម្ភៈ​មក​។

បារាំង​អ្នកបាត់​បង់​ជីវិត​ឡើង​ដល់​៤.០៣២​នាក់
អគ្គនាយក​សុខាភិបាល​នៃ​ក្រសួងសុខាភិបាល​បារាំង លោក​JEROME SALOMON ប្រកាស​នា​ថ្ងៃ​ទី​១​មេ​សា​ថា សរុប​មាន​អ្នកបាត់​បង់​ជីវិត​​ឡើង​ដល់​៤.០៣២​នាក់​ហើយ​នៅ​បារាំង​ដោយ​សារ​វីរុស កត់សម្គាល់​ឃើញ​ក្នុង​បណ្ដា​មន្ទីរពេទ្យ តាំងពី​ចាប់ផ្ដើម​មានការ​ឆ្លង​មក​។

រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ អ្នក​ស្លាប់​ថ្មី​៥០៩​នាក់​ត្រូវ​បាន​កត់សម្គាល់​ឃើញ ក្នុង​បណ្ដា​មន្ទីរពេទ្យ​បារាំង​។ រហូត​មក​ទល់​ពេល​នេះ​នៅ​បារាំង​មាន​អ្នក​ឆ្លង​វីរុស​សរុប​ឡើង​ដល់​៥៦.៩៨៩​នាក់​។

អេ​ស្ប៉ា​ញ​អ្នក​បាត់​បង់​ជីវិត​ឡើង​លើស​៩.០០០​នាក់
ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ថ្ងៃ​ទី​១​មេ​សា​កត់សម្គាល់​ឃើញ​ចំនួន​អ្នក​បាត់​បង់​ជីវិត​​ដោយសារ​វីរុស​ដល់​ទៅ​៨៦៤​នាក់ រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​បាត់​បង់​ជីវិត​សរុប​ក្នុង​ប្រទេស​នេះ ឡើង​ដល់​លើស​ពី​៩.០០០​នាក់ តែ​អាជ្ញាធរ​យល់​ថា ការ​ឆ្លង​រាលដាល​នៃ​វីរុស​បាន​ចុះ​យឺត​វិញ ក្នុង​ប្រទេស​ទី​២​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ​បំផុត​ដោយសារ​វីរុស​នោះ បន្ទាប់​ពី​អ៊ី​តា​លី។

អាជ្ញាធរ​អេ​ស្ប៉ា​ញ​គូសបញ្ជាក់​ថា ប្រទេស​នេះ​គិត​មក​ដល់​ថ្ងៃ​ទី​១​មេ​សា មាន​អ្នក​ឆ្លង​វីរុស សរុប​១០២.១៣៦​នាក់ តែ​សង្វា​ក់​នៃ​ការ​ស្លាប់ មានការ​កើនឡើង​។ ទីក្រុង​ម៉ា​ឌ្រី​ដ​នៅ​តែ​ជា​តំបន់ ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ជាមួយ​អ្នក​ឆ្លង​ក្នុង​អត្រា​ដល់​៤២,៧% ហើយ​អ្នកបាត់​បង់​ជីវិត មាន​អត្រា​២៩,២%​។ វីរុស​នោះ​ក៏​រាតត្បាត​ខ្លាំង​នៅ​តំបន់​កា​តា​ឡូញ​ផង​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ