ការផ្ទុះវីរុសកូវីដ ១៩ ទូទាំងពិភពលោកបានបង្ខំឲ្យមានការផ្អាកដំណើរការទាំងក្នុងសេដ្ឋកិច្ច និងក្នុងសង្គមក្នុងប្រទេសជាច្រើន ខណៈពេលនេះផងដែរ ការកាត់បន្ថយចំនួនមនុស្សនៅទីសារធារណៈបានបង្កើនគុណភាពបរិស្ថានជុំវិញពិភពលោក ។
យោងតាមលោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft បានឲ្យដឹងថា នៅរយៈពេលវែងទៅអនាគត ការខិតខំព្យាយាមទប់ទល់នឹងកូវីដ ១៩ នឹងជួយសម្របសម្រួលដល់ការឆ្លើយតបនឹងបម្រែបម្រួលបរិស្ថាន ។លោកបានបកស្រាយក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី ២៤ខែមីនាកន្លងមកថា កិច្ចសហប្រតិបត្តិការជុំវិញពិភពលោកក្នុងសហគមន៍វិទ្យាសាស្ត្រ គឺពិតជាគួរឲ្យមានក្តីសង្ឃឹមណាស់ ដោយលោកចង្អុលបង្ហាញទៅលើការចែករំលែកទិន្នន័យដែលមានការសហការយ៉ាងល្អ ។
គួរបញ្ជាក់ផងដែរថា លោកបានប្រកាសកាលពីខែកុម្ភៈមកថា មូលនិធិសប្បុរសធម៌របស់លោក គឺ Bill and Melinda Foundation នឹងបរិច្ចាគប្រមាណ ១០០លានដុល្លារដើម្បីឆ្លើយតបនឹងកូវីដ ១៩ ដែលមិនយូរប៉ុន្មាន លោកក៏សម្រេចចិត្តចាកចេញពីក្រុមគណៈគ្រប់គ្រងក្រុមហ៊ុន Microsoft និង Berkshire Hathaway ដើម្បីផ្តោតស្មារតីលើអំពើសប្បុរសធម៌ ។លោកបានបកស្រាយទៀតថា លោកពិតជាសុទិដ្ឋិនិយមណាស់ទៅលើអ្វីដែលអ្នកវិទ្យាសាស្ត្រអាចសម្រេចបានពេលដែលពួកគេសហការគ្នាព្យាយាមដោះស្រាយបញ្ហាជុំវិញពិភពលោកប្រៀបដូចជាកូវីដ ១៩ ដែរ ។ ប៉ុន្តែមនុស្សមួយក្រុមទៀតប្រៀបដូចជាមិនយល់ស្របទៅនឹងទស្សនៈរបស់លោក ហ្គេសស៍ ទេ ។
យោងទៅតាមលោក ជេសាន់ បូដូហ្វ (Jason Bordoff) ដែលជាអតីតនាយកថ្នាក់ខ្ពស់ប្រចាំក្រុមប្រឹក្សាជាតិសន្តិសុខសហរដ្ឋអាមេរិក និងជាជំនួយការពិសេសរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama) បានសរសេរក្នុងអត្ថបទមួយថា កូវីដ ១៩ អាចផ្តល់ជាអត្ថប្រយោជន៍ផ្នែកបរិស្ថានរយៈពេលខ្លីដោយកាត់បន្ថយការប្រើប្រាស់ថាមពល ឬពេលដែលគោលនយោបាយជំរុញដល់សេដ្ឋកិច្ចមានតភ្ជាប់ទៅនឹងគោលដៅដែលទាក់ទិននឹងការការពារបរិស្ថាន ឬពេលដែលមនុស្សទម្លាប់ជាមួយនឹងការទាក់ទងគ្នាតាមអ៊ីនធើណេត ហើយប្រើប្រេងតិចជាងមុននៅថ្ងៃអនាគត ។ ប៉ុន្តែអត្ថប្រយោជន៍ទាំងនេះ គឺមិនអាចមានច្រើនទេ ។
ផ្ទុយមកវិញ លោកបានអះអាងថា ការផ្ទុះនៃវីរុសជុំវិញពិភពលោកដូចនេះប្រៀបបានជាការរំលឭកប្រាប់មនុស្សពីបញ្ហាបម្រែបម្រួលបរិយាកាស ព្រោះវាទាមទារសកម្មភាពរួម ការយល់ដឹងពីសំណាក់ប្រជាជន និងការកាត់បន្ថយផ្សែងបំពុលពីការផលិតថាមពល ខណៈដែលបន្តជំរុញដល់ការលូតលាស់សេដ្ឋកិច្ច និងការប្រើប្រាស់ថាមពលជុំវិញពិភពលោក ៕
ចែករំលែកព័តមាននេះ