ពុំ​មាន​អ្នកជំងឺ​កូ​វី​ដ​ព្យាបា​ល​​នៅ​មន្ទីរ​ពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​ទេ ក្រោយ​ពេល​អ្នកជំងឺ​ជនជាតិ​អង់គ្លេស​ម្នាក់​ជា​សះ​ស្បើយ​​ហើយ​ត្រឡប់​ទៅ​ផ្ទះ


រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ ម្នាក់ ដែល​ជា​ស្ដ្រី​ជនជាតិ​អង់គ្លេស​ឱ្យ​ជា​សះស្បើយ និង​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​រួច​មក ក៏​មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​យល់​ឃើញ និង​លើក​ឡើង​ថា មន្ទីរពេទ្យ​បាន​ព្យាបាល​អ្នកជំងឺ​ហើយ និង​ខ្លាច​មានការ​ឆ្លង​ទៅ​គ្រូពេទ្យ ឬ​អ្នកជំងឺ​ដែល​មក​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ លោក​វេជ្ជ​បណ្ឌិត Thanarat Samutpet នាយករង​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​បាន​គូសបញ្ជាក់​ថា មិន​មានការ​ឆ្លង​ជំងឺ​ទៅ​អ្នក​ផ្សេង ឬ​គ្រូពេទ្យ​នោះ​ឡើយ ដោយ​មន្ទីរពេទ្យ​មាន​សម្ភារ ឧបករណ៍ និង​ប្រព័ន្ធ​ការពារ​ប្រកបដោយ​ស្ដង់ដា​ខ្ពស់​ក្នុង​ការ​ធា​ធា ការពារ​សុវត្ថិភាព​ជូន​ដល់​អ្នកជំងឺ​គ្រប់​ៗ​គ្នា​។

លោក​វេជ្ជបណ្ឌិត Thanarat Samutpet បាន​បញ្ជាក់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០​​នេះ​ថា មន្ទីរពេទ្យ​បាន​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​ត្រឹមត្រូវ​តាម​ស្ដង់ដារ​ដោយ​ការពារ​រោគ​ឆ្លង​ផ្សេង​ៗ ជា​ពិសេស​ការពារ​ជំងឺ​កូ​វី​ដ​-១៩​នេះ ដែល​មានការ​ត្រួតពិនិត្យ​ជាបឋម​នៅ​ខាង​មុខ​មន្ទីរពេទ្យ មុន​នឹង​ចូល​មក​ក្នុង​មន្ទីរពេទ្យ​របស់​អ្នកជំងឺ ក្នុង​ករណី​សង្ស័យ មន្ទីរពេទ្យ​បាន​ធ្វើការ​ជាមួយ​ក្រសួងសុខាភិបាល ហើយ​ប​ញ្ចូ​ន​អ្នកជំងឺ​ទៅ​កាន់​មន្ទីរ​រដ្ឋ​។

លោក​វេជ្ជបណ្ឌិត​បាន​បន្ដ​ថា មន្ទីរពេទ្យ​បាន​អនុវត្ដន៍​ទៅ​តាម​បទដ្ឋាន​អន្ដរជាតិ​ទាក់ទង​នឹង​ជំងឺឆ្លង និង​បាន​ធានា​សុវត្ថិភាព​ឱ្យ​បាន​១០០​ភាគរយ ទៅ​លើ​ការ​ឆ្លង​ពី​អ្នកជំងឺ មក​អ្នក​ផ្សេង​ទៀត​ដែល​មាន​សម្ភារ បរិក្ខារ​ពេទ្យ​គ្រប់គ្រាន់​ក្នុង​ការ​រៀបចំ​ព្យាបាល​អ្នកជំងឺ ដោយ​មាន​បន្ទប់​សម្ពាធ​ដក ដើម្បី​​ដាក់​អ្នកជំងឺ មិន​ឱ្យ​មានការ​ឆ្លង​អ្វី​នោះ​ទេ ហើយ​ក៏​មិន​ឱ្យ​ឆ្លង​មក​បន្ទប់​ផ្សេង​ទៀត​បាន​នោះ​ទេ​។

លោក​វេជ្ជបណ្ឌិត​បាន​បន្ថែម​ថា ក្នុង​បន្ទប់​ពិសេស​នេះ​គឺ​មាន​ប្រព័ន្ធ​ផ្ទេរ​ខ្យល់អាកាស និង​មាន​ជណ្ដើរ​ឡើង បាន​រៀបចំ​ដាច់​ដោយឡែក ហើយ​សូ​ម្បី​តែ​វេជ្ជបណ្ឌិត និង​គិ​លា​នុ​ដ្ឋា​ក​យិ​កា​ដែល​ធ្លាប់​មើលថែ​អ្នកជំងឺ​នា​ពេល​កន្លង​មក ក៏​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​រយៈពេល​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​។

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​បន្ថែម​ថា «​យើង​មិនមែន​ជា​មន្ទីរពេទ្យ​ដែល​ទទួល​ព្យាបាល​អ្នកជំងឺ​ហើយ និង​ធ្វើ​ឱ្យ​អ្នកជំងឺ​ឆ្លង​ដល់​អ្នក​ផ្សេង​ទៀត​នោះ​ទេ មិន​ថា​តែ​ជំងឺឆ្លង​ប្រភេទ​អ្វី​នោះ​ទេ មន្ទីរ​ពេទ្យ​ធានា​ថា មិន​ឆ្លង​ដល់​អ្នក​ព្យាបាល គ្រូពេទ្យ និង​អ្នកជំងឺ​ផ្សេង​ៗ​ទៀត​នោះ​ទេ ហើយ​យើង​នឹង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩​។ មន្ទីរពេទ្យ​ត្រៀម ប្រសិនបើ​មានការ​ស្នើ​សុំ​ពី​ក្រសួងសុខាភិបាល ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ឱ្យ​ពួក​យើង​ជួយ​នោះ​»​។

លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​អំពី​មូលហេតុ​មួយ​ចំនួន​ដែល​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​ព្រម​ទទួលយក​ស្ដ្រី​ជនជាតិ​អង់គ្លេស អាយុ​៦៥​ឆ្នាំ ដែល​មាន​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​កូ​វី​ដ​-១៩ មក​ព្យា​បាល​ក្នុង​មន្ទីរពេទ្យ គឺ​ដោយសារ​តែ​មានការ​ស្នើ​សុំ​ពី​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ស្ថិត​ក្រោម​មូលហេតុ​ថា អ្នកជំងឺ​ជា​ជន​ពិការ​មាន​វ័យ​ចំណាស់ ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​តែ​ម្នាក់ឯង មិន​អាច​ប្រើ​ភាសា​តាម​តំបន់​បាន ទើប​មន្ទីរពេទ្យ​ទទួលយក​ការ​ព្យាបាល​នេះ​។

លោក​វេជ្ជបណ្ឌិត​បាន​បន្ដ​ថា ការ​ទទួល​ព្យាបាល​នេះ ដោយ​មានការ​យល់​ស្រប និង​ជំនួយ​ពី​ក្រសួងសុខាភិបាល ព្រមទាំង​ក្រុម​គ្រូពេទ្យ​អង្គការ​សុខភាព​ពិភពលោក​(WHO) ផ្នែក​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក​(CDC) និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​រហូត​ដល់​អ្នកជំងឺ​បានជា​សះស្បើយ​ពី​ជំងឺ​កូ​វី​ដ​-១៩​នេះ និង​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ប្រកបដោយ​សុវត្ថិភាព កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។

លោក​វេជ្ជបណ្ឌិត​បាន​បង្ហាញ​អំពី​ការ​រៀបចំ​ប្រព័ន្ធ​ធានា​សុវត្ថិភាព និង​ការ​ការពារ​របស់​មន្ទីរ​សម្រាប់​ព្យាបាល​អ្នកជំងឺ​ដោយ​ដាក់​ដាច់​ដោយឡែក​ពី​អ្នកជំងឺ​ផ្សេង​ៗ​ទៀត រៀបចំ​បន្ទប់ និង​មាន​ផ្លូវ​ចុះឡើង​ដាច់​ដោយឡែក​ពី​ផ្លូវ​ចុះឡើង​របស់​មន្ទីរពេទ្យ​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​ប្រចាំ​ថ្ងៃ​។

លើស​ពី​នេះ​ទៀត អ្នកជំងឺ​ទទួល​ការ​ព្យាបាល និង​ការពារ​មេរោគ​នៅ​ក្នុង​បន្ទប់​ពិសេស​មួយ ហៅ​ថា សម្ពាធ​ដក ធ្វើ​ឱ្យ​មេរោគ​មិន​អាច​ឆ្លង​ទៅ​បន្ទប់​ផ្សេង​ទៀត​បាន និង​មាន​ប្រព័ន្ធ​ផ្ទេរ​ខ្យល់​អាកា​ស​ដាច់​ដោយឡែក ជា​ពិសេស​អ្នកជំងឺ​មិន​មានឱកាស​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកជំងឺ​ដទៃ​ផ្សេង​បាន​នោះ​ទេ​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ពាណិជ្ជកម្ម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ