ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស ៦ នាក់​ផ្សព្វផ្សាយ​លក់​ឧបករណ៍​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ ១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ផ្សព្វផ្សាយ​លក់​ផលិតផល​អន​ឡាញ​ចំនួន ៦​នាក់ ដែល​បង្ហោះ​លក់​ឧបករណ៍​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​១៩ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​សមត្ថកិច្ច​តាម​បណ្តា​ខណ្ឌ​បាន​ធ្វើការ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ អ្នក​ផ្សព្វផ្សាយ​លក់​ផលិតផល​អន​ឡាញ​ចំនួន ៦​នាក់ ដែល​បង្ហោះ​លក់​ឧបករណ៍​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​១៩ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​សមត្ថកិច្ច​តាម​បណ្តា​ខណ្ឌ​បាន​ធ្វើការ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២០ ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​ប្រ​ឆាំ​បទល្មើស​បច្ចេកវិទ្យា​នៃ​ផែន​ការងារ​សន្តិសុខ​យក​មក​ធ្វើការ​ណែនាំ អប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​បង្ហោះ​លក់​ផលិតផល​ទាំងឡាយ​ណា​ដែល​ច្បាប់​ហាមឃាត់ ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គស្នងការ​នគរបាល​ជាតិ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣១ ខែមីនា​នេះ ។

រូបភាពពី អគ្គស្នងការ​នគរបាល​ជាតិ

ដោយនៅ​ចំពោះ​មុខ​សមត្ថកិច្ច មនុស្ស​ទាំង ៦​នាក់ បាន​សារភាព​កំហុស​ដែល​ខ្លួន​បាន​ធ្វើ​ផ្ទុយ​ពី​ច្បាប់​ហាមឃាត់ និង​សន្យា​មិន​បង្ហោះ​លក់​ផលិតផល​អ្វី​ដែល​ច្បាប់​ហាមឃាត់​ទៀត​ឡើយ ។

រូបភាពពី អគ្គស្នងការ​នគរបាល​ជាតិ

សូម​បញ្ជាក់​ថា ករណី​នេះ​មនុស្ស​ទាំង ៦​នាក់ គ្រាន់តែ​យក​រូប​ក្នុង​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​មក​បង្ហោះ​ជាក់ស្តែង​មិន​ទាន់​មាន​ផលិតផល​លក់​នៅឡើយ​ទេ ។ បន្ទាប់​ពី​ទទួលកំហុស និង​ទទួល​បានការ​ណែនាំ​អប់រំ ព្រមទាំង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ទ​ង្វើ​រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​មនុស្ស​ទាំង ៦​នាក់ ខាងលើ​វិល​ត្រឡប់​ទៅ​គេហដ្ឋាន​រៀង​ៗ​ខ្លួន​វិញ ។
សូម​រម្លឹក​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ផ្ញើ​សារ​ជា​សំឡេង​កាលពី​ថ្ងៃ​ទី​២៩ មីនា ណែនាំ និង​បញ្ជា​អោយ​ក្រសួងសុខាភិបាល សហការ​ជាមួយ​ក្រសួងយុត្តិធម៌ និង​រដ្ឋបាល​រាជធានី​ខេត្ត ចាត់​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​រឹបអូស​ជា​បន្ទាន់​រាល់​ឧបករណ៍​ពិនិត្យ​រក​មេរោគ​កូ​វី​ដ​១៩ ដែល​កំពុង​ដាក់​លក់​នៅ​តាម​អន​ឡាញ​គ្រប់​រាជធានី​-​ខេត្ត ដើម្បី​ការពារ​សុខភាព​និង​ផលប្រយោជន៍​ប្រជាពលរដ្ឋ ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មក​ដល់​ពេល​នេះ​លែង​ជា​ដំណាក់កាល​អប់រំ​ទៀត​ហើយ គឺ​ចុះ​ចាប់​តែ​ម្តង កុំអោយ​អ្នក​រកស៊ី​មួយ​ចំនួន​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ បង្ក​ឲ្យ​មានការ​ភាន់ច្រឡំ​ដល់​ប្រជាពលរដ្ឋ ពិសេស​ទប់ស្កាត់​កុំអោយ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ជម្ងឺ​រាតត្បាត​កូ​វី​ដ​១៩​នេះ​ហើយ គឺ​រង​គ្រោះ​ដោយសារ​កត្តា​មនុស្ស​តទៅ​ទៀត ព្រោះ​ឧបករណ៍​វិភាគ​រក​មេរោគ​កូ​វី​ដ​១៩ ដែល​កំពុង​ដាក់​លក់​និង​ផ្សព្វផ្សាយ​លក់​តាម​អន​ឡាញ មិន​ទាន់​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ