ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​តូចតាច​ពឹងផ្អែក​លើ​ការ​ដឹក​ជញ្ជូន​កំពុង​ប្រឈម​មុខ​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ក្នុង​គ្រួសារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​វីរុស​កូ​រ៉ូ​ណា ឬ​កូ​វី​ដ​១៩ រាតត្បាត​នៅ​ក្នុងស្រុក​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ក្រុម​អ្នក​ប្រកប​មុខរបរ​តូចតាច​ពឹងផ្អែក​តែ​ទៅ​លើ​ការ​ដឹក​ជញ្ជូន​ភ្ញៀវ ឬ​សម្ភារ​ក៏​ដូច​ជា ឧបករណ៍​ប្រើប្រាស់​ប្រចាំ ដើម្បី​ទទួល​បាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​វីរុស​កូ​រ៉ូ​ណា ឬ​កូ​វី​ដ​១៩ រាតត្បាត​នៅ​ក្នុងស្រុក​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា ក្រុម​អ្នក​ប្រកប​មុខរបរ​តូចតាច​ពឹងផ្អែក​តែ​ទៅ​លើ​ការ​ដឹក​ជញ្ជូន​ភ្ញៀវ ឬ​សម្ភារ​ក៏​ដូច​ជា ឧបករណ៍​ប្រើប្រាស់​ប្រចាំ ដើម្បី​ទទួល​បាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ឬ​ជា​ដង្ហើម​គ្រួ​សារបាន​បាត់​ចំណូល​ឈាន​ដល់​កម្រិត​ប្រឈម​មុខ​នឹង​ការ​ចំណាយ​ប្រចាំ​គ្រួសារ ។

លោក​ញឹ​ម សុធី អ្នក​រត់​ម៉ូតូ​កង់​បី បានឱ្យ​ដឹង​ថា បន្ទាប់​ពី​ជំងឺ​កូ​វី​ដ​១៩ កើត​មាននៅ​កម្ពុជា​ធ្វើ​ឱ្យ​ការ​រក​ចំណូល​ប្រចាំ​ថ្ងៃ​មានការ​ធ្លាក់​ចុះ​ច្រើន ។ ពី​មុន​ធ្លាប់​ដឹក​ភ្ញៀវ​នៅ​មុខ​ព្រ​លាន​យន្តហោះ​ភ្នំពេញ​បាន​២០ ឬ​៣០​ដុល្លារ​អា​មេ​រិ​ក តែ​មក​ដល់​ឥឡូវ​បាន​តែ​២ ឬ​៣​ម៉ឺន​រៀល ហើយ​នៅ​ថ្ងៃ​ខ្លះ​រក​អត់​បាន​ចំណូល​ថែម​ទៀត​ក៏​មាន ។ លោក​បញ្ជាក់​ថា «​បន្ទាប់​ពី​ការ​រក​ចំណូល​ធ្លាក់​ចុះ​ធ្វើ​ឱ្យ​ខ្វះ​ថវិកា​ផ្គត់ផ្គង់​នៅ​ក្នុង​គ្រួសារ​ច្រើន ព្រោះ​អ្នក​ប្រកប​របរ​រត់​កង់​បី គ្មាន​លុយ​តម្កល់​ទុក​មកពីណា​ច្រើន​នោះ​ទេ រកបាន​ត្រឹមតែ​ទុក​ចំណាយ​ប្រចាំ​ថ្ងៃ​» ។

លោក​លើក​ឡើង​ថា «​ក្នុង​មួយ​ថ្ងៃ​យើង​ដឹក​គិត​ជា​ជើង​បាន​៣​ទៅ​៤​ជើង ហើយ​នៅ​ក្នុង​មួយ​ជើង​ៗ​អាច​បាន​ប្រាក់​ពី​៥​ទៅ​៦​ឬ​ដល់​១០​ដុល្លារ​អា​មេ​រិ​ក​អាច​ឱ្យ​យើង​អាច​រក​ចំណូល​បាន​ប្រមាណ​៣០​ដុល្លារ​អា​មេ​រិ​ក ។​ប៉ុន្តែ​មក​ដល់​ឥឡូវ​រក​ចំណូល​បាន​តែ​២​ម៉ឺន​រៀល ឬ​៤​ម៉ឺន​រៀល ។ នៅ​ក្រុងភ្នំពេញ​ឥឡូវ​វា​ស្ងាត់ អត់​មាន​អ្នក​ណា​ដើរទៅ​មក​ណា អីចឹង​ខ្ញុំ​ជា​អ្នក​រត់​កង់​បី បើ​អត់​បាន​ដឹក​ភ្ញៀវ​ទេ បាន​ចំណូល​មកពីណា​សម្រាប់​ផ្គត់ផ្គង់​ក្រុម​គ្រួសារ ហើយ​សព្វ​ថ្ងៃនេះ​មានការ​ខ្វះខាត​ច្រើន​» ។

លោក យឹ​ន សុផល អ្នក​រត់​ម៉ូតូឌុប​មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​កូ​វី​ដ​១៩​រាតត្បាត​នៅ​កម្ពុជា​ការ​រក​ចំណូល​ប្រចាំ​ថ្ងៃ​ត្រូវ​បាន​កាត់​បន្ថយ ធ្វើ​ឱ្យ​គ្រួសារ​ជួប​និង​ការ​លំបាក​ខ្លះ​ៗ ។ លោក​បន្ត​ថា​« ការងារ​រត់​ម៉ូតូឌុប​ជួប​ការ​លំបាក​តាំងពី​ដើម តែបើ​យើង​មិន​រកបាន​ចំណូល​មកពីណា​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។​សព្វ​ថ្ងៃនេះ ទោះបី​មានការ​ខ្លាច​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​១៩ តែ​មុខរបរ​យើង​ត្រូវ​ដឹក​អីចឹង ទោះបី​ខ្លាច​ក៏​ហ៊ាន​ប្រ​ឈរ​មុខ ហើយ​ក៏​មិន​ទាន់​ចង់​ផ្លាស់​ប្តូរ​មុខរបរ​នេះ ព្រោះ​វា​នៅ​អាច​រកបាន​ចំណូល​ខ្លះ​»​។

លោក ហ៊ា​ង វិទ្យា ប្រធាន​សមាគម អាជីវករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​សន្តិភាព​បានឱ្យ​ដឹង​ថា សមាគម​នេះ មាន​សមាជិក​ជា​អ្នក​រត់​ម៉ូត​ឌុ​ប​,​ម៉ូតូ​កង់​បី​, រ៉ឺ​ម៉ក​ទេសចរណ៍​,​រថយន្ត​តាក់ស៊ី រថយន្ត​ដឹក​ទំនិញ អាជីវករ​លក់ដូរ​តាមរ​ទះ​និង​កម្មករ​ក្រៅ​ប្រព័ន្ធ ហើយ​មក​ដល់​ពេល​នេះ​សមាជិក​របស់​សមាគម​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កំពុង​ជួប​បញ្ហា​ខ្លាំង​ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ ។
លោក​បន្ត​ថា​« មក​ដល់​ពេល​នេះ​មាន​សមាជិក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មួយ ហើយរ​កមួយ​ថ្ងៃ​សម្រាប់​តែ​មួយ​ថ្ងៃ ហើយ​ចង់​នៅផ្ទះ​ណាស់ ខ្លាច​ជំងឺ​នេះ​ខ្លាំង​ណាស់ ប៉ុន្តែ​កាលៈទេសៈ​តម្រូវ​ឱ្យ​អាជីវករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចេញ​ប្រកប​របរ​ទទួលទាន ហើយ​ក្នុង​នោះ​សមាជិក​សកម្ម​មាន​ជាង​១,២​ពាន់​នាក់ នៃ​ចំនួន​សរុប​សមាជិក​ជាង​១,២​ម៉ឺន​នាក់​ចេញ​រកស៊ី​រាល់ថ្ងៃ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ