ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុស​ស្រី​ក្នុងភូមិ​បាត់​បង់ជីវិត​បន្តបន្ទាប់​គ្នា អ្នក​ភូមិ​ភ័យ​ខ្លាច​ធ្វើ​ទីង​មោង​ដាក់​មុខ​​​ផ្ទះ​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រៅពី​ការ​ជឿជាក់​លើ​វិទ្យាសាស្ត្រ គេ​សង្កេត​ឃើញ​អបិយ​ជំនឿ តែងតែ​មានការ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន តាំងពី​ដូនតា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ដាច់​ស្រយាល ឬ​ក្បែរ​ព្រៃ​ភ្នំ​ជាដើម ។…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្រៅពី​ការ​ជឿជាក់​លើ​វិទ្យាសាស្ត្រ គេ​សង្កេត​ឃើញ​អបិយ​ជំនឿ តែងតែ​មានការ​ដក់​ជាប់​នៅ​ក្នុង​ចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន តាំងពី​ដូនតា​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ដាច់​ស្រយាល ឬ​ក្បែរ​ព្រៃ​ភ្នំ​ជាដើម ។

អ្នកខ្លះ នៅ​មាន​ជំនឿ​ទៅ​លើ​អារក្ស អ្នកតា​ព្រៃ​ភ្នំ ព្រលឹង​ខ្មោច ព្រាយ​បិសាច ជាដើម ។ លុះ​ពេល​ឃើញ​មានរឿង​រ៉ាវ​អ្វី​កើតឡើង​ធ្វើ​ឱ្យ​មនុស្ស​បាត់បង់​ជីវិត​ផ្ទួន​ៗ ឬ​មាន​ជំងឺ​ប្លែក​ៗ ទើប​គេ​នាំ​គ្នា​រក​មើលគ្រូ​ទាយ ឬ​ហោ​ទាយ​ពី​ជតារាសី និង​ធ្វើ​ទីងមោង​ពី​ចំបើង​ដាក់​ឱ្យ​ឈរ​នៅ​ចាំ​យាម​មុខ​ផ្ទះ ក្នុង​គោលបំណង ដើម្បី​ថែរក្សា​ផ្ទះ​គេ​តែ​ម្តង ។

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ បាន​ដាក់​តាំង​រូប​ទីងមោង​នៅ​ខាង​មុខ​ផ្ទះ ស្ថិត​នៅ​ក្នុងភូមិ​ថ្មី និង​ក្បែរ​ចំណុច​ផ្សារ​ថ្មី ក្នុងភូមិ​អូរ​ច្រា​ត្បូង សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​យក​សម្លៀក​បំពាក់​​ចាស់​ៗ ច្រក​ស្មៅ ឬ​ចំបើង​ធ្វើ​ទីងមោង ដើម្បី​ការពារ​ឱ្យ​មាន​សេចក្តីសុខ និង​បណ្តេញ​វិញ្ញាណ​​ឧបទ្រពចង្រៃ​ចេញពី​ក្នុងភូមិ​ផង​ដែរ ។

បើ​តាម​ប្រភព​ពី​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ សៀ​ប អាយុ​៦៦​ឆ្នាំ និង​មាន​ប្តី​ឈ្មោះ ជៀស អាយុ​៦៧​​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​ទួល​ល្វា បាន​រៀបរាប់​ឱ្យ​ដឹង​កាលពី​ម៉ោង​៣​និង​៣០​នាទី រសៀល ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២០​នេះ​ថា កាលពី​ប៉ុន្មាន​ខែ​មុន ដោយសារ​តែ​នៅ​ក្នុងភូមិ​របស់​គាត់​មាន​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់ មាន​ជំងឺ​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់​គ្នា ចាប់ពី​អាយុ​៤០​ឆ្នាំ​ឡើង​ទៅ រហូត​​ដល់​ទៅ​៧​នាក់ ទើប​ធ្វើ​ឱ្យ​គាត់ ព្រមទាំង​អ្នក​ភូមិ​មានការ​ភ័យ​ខ្លាច​គ្រប់​ៗ​គ្នា ក៏​នាំ​គ្នា​ធ្វើ​ជា​រូប​ទីងមោង​ដាក់​តាំងនៅ​ខាង​មុខ​ផ្ទះ ដោយ​គាត់​ចាប់ផ្តើម​ធ្វើ​មុនគេ ។

ស្ត្រី​វ័យ​ចំណាស់​ខាងលើ​បន្ត​ទៀត​ថា ជំនឿ​អបិយ​ជំនឿ​នេះ គឺ​មាន​តាំងពី​ដូនតា​មក​ម្ល៉េះ ដោយ​អ្នក​ណា​មិន​ជឿ​ក៏​អត់​ទៅ តែ​គាត់​ជឿជាក់​ក្នុង​ខ្លួនឯង ព្រោះ​អី​បន្ទាប់​ពី​ឃើញ​មាន​មនុ ស្សបាត់​បង់ជីវិត​ស្ទើរ​រាល់ថ្ងៃ លុះ​គាត់​ដាក់​តាំង​រូប​ទីងមោង​នេះ​ឡើង ស្រាប់តែ​មាន​សភាព​ស្ងប់ស្ងាត់​ទៅ​វិញ ។ ហើយ​ការ​ដាក់​តាំង​រូប​បែប​នេះ គឺ​គាត់​គិត​ថា មិន​ប៉ះពាល់​ដល់​នរណា​ម្នាក់​នោះ​ទេ ព្រោះ​វា​ជា​ជំនឿ​រៀងខ្លួន និង​ប្រជាពលរដ្ឋ​ម្នាក់​ៗ ។

ប្រភព​ដដែល​បន្ត​ថា គាត់​ជឿ​ថា​ការ​ដាក់​តាំង​រូប​នេះ គឺ​ដើម្បី​ឱ្យ​រូប​ទីងមោង​នេះ ជួយ​បណ្តេញ​នូវ​ឧ​ប​ទ្រ​ប​ចង្រៃ ខ្មោច ព្រាយ អា​សុរ​កាយ ចេញ​ផុត​ពី​ផ្ទះ និង​ពី​ក្នុងភូមិ​របស់​គាត់ ។ ក្រោយមក​អ្នក​ភូមិ​ថ្មី ស្ទើរតែ​ទាំងអស់​បាន​នាំ​គ្នា ធ្វើ​រូប​ទីងមោង​នេះ​ឡើង ហើយ​ដល់​ពេល​យប់​ពួក​គេ​តែងតែ​នាំ​គ្នា​ដុត​ភ្លើង​គប់ រត់​ដេញ​ត​ៗ​គ្នា ដើម្បី​ឧបកិច្ច​បណ្តេញ​នូវ​វិញ្ញាណ​ព្រាយ បិសាច ដែល​មក​ចង់​ឆក់​យក​ជីវិត​មនុស្ស​ឱ្យ​រត់​ចេញ​ឆ្ងាយ​ពី​ភូមិ កុំមក​លង​បន្លាច​បន្ត​ទៀត ។

លោកយាយ​បញ្ជាក់​ទៀត​ថា គាត់​ក៏​បាន​យក​កំបោរ​.​ស​ទៅ​គូស​ជា​សញ្ញា​ឈើឆ្កាង ឬ​សញ្ញា​ជើង​ក្អែក នៅ​តាម​ជញ្ជាំង​មុខ​ផ្ទះ ក្នុងផ្ទះ ដើម្បី​ធ្វើ​សីមា​ហ៊ុម​ព័ទ្ធ​កុំឱ្យ​វិញ្ញាណ​ព្រាយ បិសាច ទាំងនោះ​ចូល​ទៅ​ក្នុងផ្ទះ លង​បន្លាច​ក្មេង​ៗ និង​ដើម្បី​ការពារ​ឱ្យ​ការ​រស់នៅ​ទទួល​បាន​សេចក្តីសុខ​សាន្ត​ផង​ដែរ ។

លើស​ពី​នេះ​ថ្មី​ៗ ក្រោយមក​ទៀត គេ​ឮ​ល្បី​រឿង​មេរោគ​កូ​រ៉ូ​ណា ហៅ​កូ​វី​ដ​១៩ ទើប​ពួក​គាត់ ក៏​ទុក​ទីងមោង​នៅ​ដដែល ដើម្បី​ការពារ ដោយ​មិន​រុះរើ​ចេញពី​មុខ​ផ្ទះ​នោះ​ឡើយ ។ ប៉ុន្តែ​ក៏​មានការ​ពាក់​ម៉ាស​ការពារ​មេរោគ​ទាំងនោះ​ផង​ដែរ តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។

ចំណែក​អ្នកខ្លះ​ទៀត បាន​លើក​ឡើង​ថា អបិយ​ជំនឿ មិន​អាច​ការពារ​យើង​បាន​ទេ ពេល​កូនចៅ​ឈឺ ឬ​គ្រុន​រងា គេ​ត្រូវ​តែរ​ត់រក​គ្រូពេទ្យ ឬ​លេបថ្នាំ ទើប​អាច​ជា​សះស្បើយ បើសិនជា​កូន​ក្តៅខ្លួន នាំ​គ្នារ​ត់ទៅ​សែនព្រេន ដោយ​មិន​ឱ្យ​គ្រូពេទ្យ​ពិនិត្យ អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដល់​កូនចៅ​របស់​ខ្លួន​ជាក់​ជា​មិន​ខាន ។ ដូច្នេះ​បើ​ប្រជាពលរដ្ឋ​មាន​ជំនឿ​ទៅ​លើ​អបិយ​ជំនឿ ក៏​ជឿ​ទៅ​ចុះ តែ​កុំ​ភ្លេច​នាំ​គ្នារ​ត់ទៅ​រក​វិទ្យា​ស្ត្រ ដូច​ជា​គ្រូពេទ្យ និង​លេបថ្នាំ​ព្យាបាល​ជំំ​ងឺ​ជាដើម ។

អ្នកខ្លះ​ទៀត​ជឿ​ថា អបិយ​ជំនឿ ក៏​អាច​មាន​មែន ហើយ​ផ្នែក​វិទ្យាសាស្ត្រ​ក៏​កាន់តែ​ពិតប្រាកដ ។ ដូចនេះ បើ​យើង​ជឿ​ទៅ​លើ​អ្វីមួយ ត្រូវ​ឱ្យ​សម​ហេតុផល កុំឱ្យ​ជំនឿ​ជ្រុលនិយម ព្រោះ​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង និង​អ្នក​ដទៃ បើសិនជា​ជំនឿ​នោះ​មិនកើត​ឡើង​ពិតប្រាកដ អាច​នឹង​ខាតបង់​អ្វី​ៗ​ជាក់​ជា​មិន​ខាន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ