ទីបំផុត តុលាការ​សាលាដំបូង​ខេត្ត បាន​ដោះ​​លែង​អ្នកកាសែត​២​នាក់​ឲ្យ​នៅ​​ក្រៅ​​​​ឃុំ


ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សម​កិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​ដែល​ជា​អ្នកកាសែត​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ច្បាប់ ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សំលៀក​បំពាក់​ជា​អាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ និង​បទ​ប្រើ​ប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​យានយន្ដ​ដែល​មាន​សញ្ញា​សម្គាល់​ប្រើប្រាស់​ដោយ​នគរបាល ឬ​យោធា និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ ក្នុង​ការ​បំពេញ​មុខងារសាធារណៈ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា យោង​តាម​ការ​អនុញ្ញាត​ធ្វើការ​បើក​ការ​ស៊ើបអង្កេត​បឋម​លេខ​០២​អ​.​យ ចុះហត្ថលេខា​ដោយ​លោក​ស៊ន មុនី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃ​ទី​២៦ ខែមីនា ។ អនុញ្ញាត​ឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ធ្វើការ​ស៊ើប​អង្កេត​បឋម​លើ​អ្នកកាសែត​២​នាក់​ដោយ​ចោទប្រកាន់​ពី​បទ​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សំលៀក​បំពាក់​ជា​អាទិ៍​សម្រាប់​អាជ្ញាធរ​សាធារណៈ និង​បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​យាន​យន្ដ​ដែល​មាន​សញ្ញា​សម្គាល់​ប្រើប្រាស់ ដោយ​នគរបាល ឬ​យោធា និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការ​បំពេញ​មុខងារសាធារណៈ​។

ប្រភព​ដដែល​បាន​បន្ត​ថា ការ​ចាប់ខ្លួន​នេះ ធ្វើ​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ​ហាស់ ស្រី​មុំ ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​អាជីវករ (​ឡ​សត្វឃាត្ត​ជ្រូក​) មាន​ទីលំនៅ​ភូមិ​ថ្ម​ស ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​។

ក្រោយ​ពី​បានការ​អនុញ្ញាតិ​ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត មន្ត្រី​នគរបាល​យុត្តិធម៌​កង​រាជ​អាវុធ​ហត្ថ​ខេត្តស្វាយរៀង បាន​កោះហៅ​ជនសង្ស័យ​ចំនួន​២​នាក់ ១-​ឈ្មោះ អុ​ន សំ​អឿ​ន (​ឈ្មោះ​ធ្លាប់​ប្រើ ហង្ស បណ្ឌិត​) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​ចាងហ្វាង​វេ​ប​សាយ​អាណាចក្រ​នគរ​ភ្នំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ស្ពឺ​ខាងកើត ឃុំ​ស្ពឺ​ករ ស្រុក​បាភ្នំ​ខេត្តព្រៃវែង​។ ២-​ឈ្មោះ ណ​យ ចំណាន (​ឈ្មោះ​ធ្លាប់​ប្រើ ណា​ន​) ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​សហការី មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​ស​ម្ភ័​រ ឃុំ​សំបួរ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ឱ្យ​ចូលខ្លួន​មក​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​​ធ្វើការ​សាកសួរ​។

ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​មន្ត្រី​នគរបាល​យុត្តិធម៌​បាន​រាយការណ៍​ជូន​លោក​ខាំ សុ​ផា​រី ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​។ ដោយ​បានការ​អនុញ្ញាត​ពី​លោក​ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បានឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​ធ្វើការ​ឃាត់ខ្លួន​អ្នកកាសែត​ទាំង​ពី​នាក់ វាយ​ខ្នោះ​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង រួម​មាន​សម្ភារៈ​យក​ព័ត៌មាន និង​រថយន្ត​១​គ្រឿង​ដែល​មាន​ពណ៌​ទ្រេ​អ៊ី ពាក់​សា្ល​ក​លេខ ខម ទៅ​សាលាដំបូង​ខេត្ត​ស្វាយ​រៀង ចាត់ការ​តាម​នីតិវិធី ។

ក្រោយ​ពី​សាកសួរ​អស់​រយៈពេល​មួយ​ព្រឹក​មក អ្នកកាសែត​ទាំង​ពី​នាក់ ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៧ មីនា ២០២០ ជន​ត្រូវ​ចោទ​ទាំង​ពី​នាក់​ខាងលើ បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ចំណុច​ភូមិ​សាលារៀន ឃុំ​បា​សាក់ ស្រុក​ស្វាយ​ជ្រំ ហើយ​បាន​ឡាយ​ករណី​ឈ្មួញ​​នាំ​ជ្រូក​រស់​ទៅ​ប្រទេស​វៀតណាម ដោយ​សង្ស័យ​ខុសច្បាប់ ក៏​ត្រូវ​ក្រុម​អាជីវករ​ឈ្មោះ​ហាស់ ស្រី​មុំ ភេទ​ស្រី នៅ​ភូមិ​ថ្ម​សរ បាន​ដាក់​ពាក្យបណ្តឹង​មក​សាលាដំបូង​ខេត្តស្វាយរៀង រហូត​ដល់​ថ្ងៃ​ទី​២៥ មីនា វេលា​ម៉ោង​១២​និង​១០​នាទី​រសៀល សមត្ថកិច្ច​បានឃើញ​អ្នក​ទាំង​ពីរ​ក៏​ឃាត់​ខ្លួន​ទៅ​ធ្វើការ​សាកសួរ​រួច​បញ្ជូន​ទៅ​សាល​ដំបូង​ចាត់ការ​បន្ត​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ