ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ ១៩ នៅ​កម្ពុជា​ ៖ បិទ​អាជីវកម្ម​កម្សាន្ត​មួយ​ចំនួនប៉ះពាល់​ដល់​មនុស្ស​ជិត​២​ម៉ឺន​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំងឺ​កូ​វី​ដ ១៩ មិន​ត្រឹមតែ​កំពុង​វាយប្រហារ​បណ្តា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក រួម​ទាំង​សហភាព​អឺរ៉ុប អា​មេ​រិ​ក​និង​ប្រទេស​សមាជិក​អាស៊ាន​នោះ​ទេ តែ​ពេល​នេះ​វីរុស​មួយ​នេះ​ក៏​មានការ​កើនឡើង ​និង​កាន់តែ​រីក​ដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​រក​ឃើញ​ករណី​អ្នក​ផ្ទុក​ជំងឺ​នេះ​ជិត​១០០​នាក់​ហើយ…

រាជធានី​ភ្នំពេញ ៖ ជំងឺ​កូ​វី​ដ ១៩ មិន​ត្រឹមតែ​កំពុង​វាយប្រហារ​បណ្តា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក រួម​ទាំង​សហភាព​អឺរ៉ុប អា​មេ​រិ​ក​និង​ប្រទេស​សមាជិក​អាស៊ាន​នោះ​ទេ តែ​ពេល​នេះ​វីរុស​មួយ​នេះ​ក៏​មានការ​កើនឡើង ​និង​កាន់តែ​រីក​ដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​រក​ឃើញ​ករណី​អ្នក​ផ្ទុក​ជំងឺ​នេះ​ជិត​១០០​នាក់​ហើយ គិត​មក​ត្រឹម​ថ្ងៃ​ទី​២៦ ខែមីនា ២០២០ នេះ ។

ដូច្នេះ​ហើយ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​បិទ ខារ៉ាអូខេ ក្លឹ​ប កម្សាន្ត និង​រោង​ភាពយន្ត​ទូ​ទាំង​ប្រទេស ហើយ​កាលពី​ថ្ងៃ​ទី​២៥​មីនា ២០២០​នេះ​ដែរ រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​បិទ​ហាង​បៀរ​ហ្កា​ឌិន​ទូ​ទាំង​ប្រទេស​ផង​ដែរ ដែល​ការ​បិទ​នេះ វា​នឹង​ធ្វើ​អោយ​ប៉ះពាល់​កាន់តែ​ធ្ងន់​ទៅ​លើ​ប្រាក់​ចំណូល​របស់​ពលរដ្ឋ ។ តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​មនុស្ស​ជិត​២​ម៉ឺន​នាក់​រង​ផល​ប៉ះពាល់​ក្នុង​ពេល​បិទ​អាជីវកម្ម​ទាំងនេះ ។

លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បានអោយ​ដឹង​ថា ផល​ប៉ះពាល់​ទៅ​លើ​អាជីវកម្ម​បែប​នេះ វា​កាន់តែ​ធំ​ឡើង​ក្នុង​ប្រទេស​កម្ពុជា ក៏​ប៉ុន្តែ លោក​គាំទ្រ​អោយ​មានការ​បិទ​អាជីវកម្ម​នេះ​មួយ​រយៈ​សិន ដោយសារ​តែ ជំងឺ​កូ​វី​ដ ១៩​កាន់តែ​រីក​រាល ដូច្នេះ​បើសិនជា​មានការ​បិទ​វា​មួយ​រយៈ​នេះ វា​នឹង​អាច​ទប់ស្កាត់​នូវ​ការ​ឆ្លង​រាលដាល​បន្ត​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ​លោក​បាន​បន្ត​ថា ក្នុង​ពេល​ដែល​មានការ​បិទ​បែប​នេះ រដ្ឋាភិបាល​គួរតែ គួរតែ​ផ្ដល់​នូវ​ប្រាក់​ឧបត្ថម្ភ​ធន កម្រិត​ណាមួយ​ដល់​អ្នក​បាត់បង់​ឱកាស​ការងារ ដើម្បី​អោយ​ពួក​គេ​អាច​យក​ប្រាក់​ទាំងនោះ ទៅ​ដោះស្រាយ​បញ្ហា​ជីវភាព​ក្នុង​ពេល​ដែល​ពួក​គាត់​បាត់បង់​ការងារ ដោយ សារ​តែ​វីរុស​កូ​រ៉ូ​ណា ។ យ៉ាងណាមិញ ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ក៏​គួរ​ទុក​ពេលវេលា​សម​ស្រប ឬ​ក៏​ពន្យារពេល​នៃ​ការ​បង់ប្រាក់​ត្រលប់​មក​វិញ ចំពោះ​ពួក​គាត់​ផង​ដែរ ។ លោក​វន់ ពៅ បាន​បន្ត​ថា «​ពី​មុន​រដ្ឋាភិបាល​បិទ​តែ​ខារ៉ាអូខេ ក្លឹ​ប និង​រោងកុន ហើយ​អ្នកធ្វើការ​ខារ៉ាអូខេ មួយ​ចំនួន អាច​រត់​មក​ធ្វើការ​នៅ​ក្នុង​បៀរ​ហ្កា​ឌិន តែ​នៅ​ពេល​បិទ​ទាំង​អស់បែប​នេះ ពួក​គាត់​នឹង​អត់​ការងារ​ទាំងស្រុង​ដែល​ពួក​គាត់​ធ្លាប់​ធ្វើ » ។

​ដោយឡែក​លោក​ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​យ៉ាងណា​ខ្លី​ថា ផល​ប៉ះពាល់​ពី​ការ​បាត់បង់​ការងារ វា​មិន​សំខាន់​អី​ជាង​អាយុជីវិត​នោះ​ទេ ។លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា « នៅ​ពេល​បាត់បង់​ឱកាស​ការងារ បាត់ប្រាក់​ចំណូល គឺជា​ផល​ប៉ះពាល់​មែន ហើយ​វា​ប៉ះពាល់​ទូ​ទាំង​ពិភពលោក​ទៅ​ហើយ ។ វា​ពិបាក​មែន តែ​វា​មិន​ដល់​ថ្នាក់​ស្លាប់​ដូច​ឆ្លង​វីរុស​កូ​វី​ដ ១៩​នេះ​ដែរ ហើយ​ការ​ចាត់វិធានការ​ការពារ​ជីវិត​របស់​រាជរដ្ឋាភិបាល គឺជា​រឿង​ចាំបាច់​បំផុត ដែល​ត្រូវធ្វើ​» ។

​លោក​តុ​ប សុ​ភ័ក រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ ក៏​បានអោយ​ដឹង​តាម​ប្រព័ន្ធ​តេ​លេ​ក្រាម​ផង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែមីនា ២០២០​នេះ​អាជីវកម្ម​ខារ៉ាអូខេ រង្គសាល ឌី​ស្កូ និង​បៀរ​ហ្កា​ឌិន ទូ​ទាំង​ប្រទេស​ដែល​បាន​បិទ​អាជីវកម្ម​ទាំងស្រុង មាន​ចំនួន​១.១៤៧ ក្នុង​នោះ ខារ៉ាអូខេ មាន​ចំនួន ៨៨០​អាជីវកម្ម រង្គសាល និង​ឌី​ស្កូ​ចំនួន ២០០​អាជីវកម្ម បៀរ​ហ្កា​ឌិន មាន​ចំនួន ៦៧​អាជីវកម្ម ។ លោក​បាន​បន្ត​ថា ផល​ប៉ះពាល់​ទៅ​លើ​អ្នកបម្រើ​អាជីវកម្ម​ក្នុង​វិស័យ​ទាំងនេះ មាន​ចំនួន​សរុប ១៨.២០៤​នាក់ ហើយ​ពួក​គាត់​នឹង​បាត់បង់​ការងារ​នេះ​ទាំងស្រុង​តែ​ម្ដង ក្នុង​ពេល​រដ្ឋាភិបាល​ប្រកាស​បិទ ។

កញ្ញា​ស្រី​និ​ច ( ឈ្មោះ​ក្រៅ ) បម្រើ​ការងារ​ក្នុង​ខារ៉ាអូខេ មួយ​កន្លែង​ក្នុង​ខេត្ត​រតនគីរី បាន​និយាយ​ថា ចាប់តាំងពី​កើត​មាន​ជំងឺ​ហ្នឹង​នៅ​ក្នុង​ប្រទេស​កម្ពុជា ភ្ញៀវ​ចូល​មក​ក្នុង​ខារ៉ាអូខេ បាន​ថយ​ចុះ​ច្រើន ធ្វើ​អោយប្រាក់​ចំណូល​របស់​នាង ដែល​ធ្លាប់​រកបាន​ពី​ភ្ញៀវ​ផ្ដល់​លុយ​ធីប ក៏​បាត់បង់​ច្រើន តែ​យ៉ាងណា​ក៏​នៅ​មាន​ប្រាក់ខែ​ខ្លះ​ៗ​ទុក​ទប់ទល់​ការ​ចំណាយ តែ​នៅ​ពេល​ដែល​រដ្ឋាភិបាល​បិទ ទាំងស្រុង​ធ្វើ​អោយ​នាង បាត់បង់​ចំណូល​ទាំងស្រុង ដូច្នេះ​នាង​នឹង​ត្រលប់​ទៅ​ស្រុក​វិញ​ផង​ដែរ ព្រោះ​កន្លែង​កម្សាន្ត​ទាំងអស់​ដូច​ជា​ខារ៉ាអូខេ ក្លឹ​ប បៀរ​ហ្កា​ឌិន បិទ​ទាំងអស់ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ