ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​​ផ្ទះ​ឈ្នះ​កូ​វី​ដ​១៩ ៖ ប្រជាជន​ត្រូវ​អនុវត្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រហូត​មក​ទល​ល់​ពេល​នេះ មនុស្ស​ប្រមាណ​៣០០០ លាន​នាក់ ឬ​ក៏​ប្រមាណ​ជិត​៤០​ភាគរយ នៃ​មនុស្ស​ក្នុង​ពិភពលោក​ដែល​មាន​ចំនួន​សរុប​ជាង​៧៨០០​លាន​នាក់ បាន​ដាក់​នៅ​ក្នុងផ្ទះ ដើម្បី​ជា​យុទ្ធសាស្ត្រ​មួយ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​កូ​វី​ដ​១៩ នៅ​ក្នុង​ពិភពលោក​។ យុទ្ធសាស្ត្រ​បិទ​ប្រទេស​ដែល​ប្រទេស​ជា​ច្រើន​បាន​ធ្វើ​នៅ​ក្នុង​ពិភពលោក គឺ​មាន​គោលបំណង​ធំ​មួយ​បញ្ឈប់​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស…

រហូត​មក​ទល​ល់​ពេល​នេះ មនុស្ស​ប្រមាណ​៣០០០ លាន​នាក់ ឬ​ក៏​ប្រមាណ​ជិត​៤០​ភាគរយ នៃ​មនុស្ស​ក្នុង​ពិភពលោក​ដែល​មាន​ចំនួន​សរុប​ជាង​៧៨០០​លាន​នាក់ បាន​ដាក់​នៅ​ក្នុងផ្ទះ ដើម្បី​ជា​យុទ្ធសាស្ត្រ​មួយ​ទប់ស្កាត់​ការ​រាតត្បាត​នៃ​កូ​វី​ដ​១៩ នៅ​ក្នុង​ពិភពលោក​។

យុទ្ធសាស្ត្រ​បិទ​ប្រទេស​ដែល​ប្រទេស​ជា​ច្រើន​បាន​ធ្វើ​នៅ​ក្នុង​ពិភពលោក គឺ​មាន​គោលបំណង​ធំ​មួយ​បញ្ឈប់​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស ហើយ​ឱ្យ​ពួក​គេ​ស្ថិត​នៅ​ក្នុងផ្ទះ ដើម្បី​កុំឱ្យ​មានការ​ឆ្លង​មេ​រោគ​ពី​មនុស្ស​ដែល​មាន​មេរោគ​ទៅ​កាន់​មនុស្ស​គ្មាន​មេរោគ​។ នេះ​ដោយសារ​តែ​គេ​មិន​អាច​មើល​ឃើញ​ថា តើ​នរណា​ម្នាក់ មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ដែរ​ឬ​អត់​ដោយ​ភ្នែក​ទទេ​បាន​ឡើយ ប៉ុន្តែ​មេរោគ​នេះ ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ មនុស្ស​ម្នាក់​យ៉ាង​សាហាវ​។

មនុស្ស​ធ្វើ​ដំណើរ​ពេញ​ផ្ទៃ​ប្រទេស មាន​ន័យ​ថា មេរោគ​ដែល​កំពុង​សម្ងំ​ខ្លួន​នៅ​ក្នុង​មនុស្ស​នោះ​ក៏​អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ទាំងមូល​ផង​ដែរ​។ ដូច​យើង​បានឃើញ​ស្រាប់​ដោយសារ​តែ​មនុស្ស​ធ្វើ​ដំណើរ​យ៉ាង​គគ្រឹក​គ្រេង​ពេញ​ពិភពលោក​នោះ មេរោគ​ក៏​បាន​រាលដាល​ដល់​សឹងតែ​គ្រប់​ប្រទេស​ទាំងអស់​នៅ​ក្នុង​ពិភពលោក​ដែរ​។

ហេតុ​ដូច្នេះ​ហេតុ ការ​ណែនាំ និង​ការ​បង្ខំ​ឱ្យ​មនុស្ស​ចៀសវាង​ការ​ជួបជុំ ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​មាន​ឆ្លង​មេរោគ និង​ចុង​ក្រោយ គឺ​មិន​ឱ្យ​ចេញពីផ្ទះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​យុទ្ធសាស្ត្រ​សំខាន់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។

នៅ​ជិតខាង​កម្ពុជា គឺ​ប្រទេស​ថៃ​បាន​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ហើយនឹង​មាន​សុពលភាព​ដល់​ថ្ងៃ​ទី​៣១ ខែមេសា​។ ប្រទេស​ឥណ្ឌូ​នេ​ស៊ី ហ្វី​លី​ពី​ន និង​ម៉ា​ឡេ​ស៊ី ក៏​បាន​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​ផង​ដែរ​។

តាម​ពិត​ទៅ​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់​អឺរ៉ុប អាស៊ី​បាន​ដាក់​ប្រទេស​នៅ​ក្នុង​ស្ថានភាព​អាសន្ន បិទ​ប្រទេស ហើយ សូ​ម្បី​តែ​អា​មេ​រិ​ក​ក៏​បាន​ដាក់​រដ្ឋ​ចំនួន​១៨​ក្នុង​ចំណោម​រដ្ឋ ទាំង​៥០​នៅ​ក្នុង​ស្ថានភាព​អាសន្ន​នេះ​។

ឥណ្ឌា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​បំផុត​ទី​ពីរ​នៅ​ក្នុង​ពិភពលោក បន្ទាប់​ពី​ប្រទេស​ចិន បាន​ប្រកាស​បិទ​ប្រទេស និង​ហាម​មនុស្ស​ជាង​១៣០០​លាន​នាក់​មិន​ឱ្យ​ចេញពីផ្ទះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។ ការ​ប្រកាស​របស់​ឥណ្ឌា និង​បន្ត​មក​ទៀត ប្រទេស​ថៃ បាន​នាំ​ឱ្យ​មនុស្ស​ជិត​៣០០០​លាន​នាក់ ស្ថិត​នៅ​ក្នុងផ្ទះ​។

ប្រទេស​កម្ពុជា បាន​ចាត់​វិធា​នា​ការ​មួយ​ចំនួន ដើម្បី​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩ ដោយ​ប្រយ័ត្ន​ប្រ​យ៉ែ​ង ម្យ៉ាង​គឺ​ដើម្បី​ចៀសវាង​វិបត្តិ​សុខភាព និង​ម្យ៉ាងទៀត​ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ជា​អវិជ្ជមាន បណ្តាល​មក​ពី​វិធានការ​តឹងតែង​ទៅ​លើ​សេដ្ឋកិច្ច​និង​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។

នៅ​ក្នុង​ស្ថានភាព​ដែល​មាន​វិបត្តិ ការ​សម្រេចចិត្ត​ត្រូវធ្វើ​ឡើង​យ៉ាង​ប្រយ័ត្ន​ប្រ​យ៉ែ​ង ដោយ​ពិចារណា​​ទៅ​លើ​ផលប្រយោជន៍ និង​ប្រសិទ្ធភាព​នៃ​ការ​សម្រេចចិត្ត​នោះ​ទល់​នឹង​ផល​ប៉ះពាល់​របស់​វា​មក​លើ​សេដ្ឋកិច្ច និង​សង្គម​។

ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៥ ថា ការ​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​អាច​ជា​ជម្រើស​មួយ​កំពុង​ពិចារណា​។

ដូច្នេះ​កម្ពុជា អាច​ឈាន​ដល់​ការ​ដាក់​ប្រទេស​ឱ្យ ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាសន្ន ឬ​អត់​នោះ វា​នឹង​អាស្រ័យ​ទៅ​លើ​ស្ថានភាព​នៃ​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​។

នៅ​យប់​ថ្ងៃ​ដដែល​នោះ ក្រសួងសុខាភិបាល​បាន​ប្រកាស​រក​ឃើញ​មនុស្ស​ប្រាំ​នាក់ ទៀត​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩ ដោយ​ធ្វើ​ឱ្យ​ចំនួន​សរុប​៩៦​នាក់​។ ដូច​គ្នា​នោះ ឯកសារ​របស់​ក្រសួងសុខា​ភិបាល​បង្ហាញ​ពី​ភាព​រាយ​ប៉ាយ​នៃ​មេរោគ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា ផង​ដែរ​។ ខេត្ត និង​ក្រុង​ចំនួន​១១ ក្នុង​ចំណោម​ខេត្ត​-​ក្រុង​ចំនួន​២៥ បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នេះ ខណៈ​ដែល​ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួន​ច្រើន​ជាងគេ រហូត​ដល់​៣៦​នាក់ ក្នុង​ចំណោម​៩៦​នាក់​នៅ​ទូ​ទាំង​ប្រទេស​។ ភាព​រាយ​ប៉ាយ​ខ្លាំង​នេះ ជា​ការ​ដាក់បន្ទុក​បន្ថែម​ទៀត​នាំ​ឱ្យ​មានការ​ពិបាក​នៅ​ក្នុង​ការ​គ្រប់គ្រង​ការ​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩​នេះ​។

វា​ក៏​បង្ហាញ​ផង​ដែរ ពី​ភាព​ចាំបាច់​ដែល​ត្រូវធ្វើ​យ៉ាងណា​រក​ឱ្យ​ឃើញ​អ្នកមាន​មេរោគ​ហើយ​ធ្វើការ​ព្យាបាល និង​ដាក់​អ្នក​សង្ស័យ​ឱ្យ​នៅ​ឆ្ងាយ​ពី​ប្រជាជន​ដែល​មិន​ទាន់​មាន​ឆ្លង​មេរោគ​នេះ​។

ដូច្នេះ​ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវ​បាន​ណែនាំ​មិន​ឱ្យធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស មិន​ឱ្យ ធ្វើ​ដំណើរ​​ទៅ​កាន់​កន្លែង​មនុស្ស​ច្រើន ត្រូវ​នៅ​ឃ្លាត​ពី​គ្នា​យ៉ាងតិច​មួយ​ម៉ែត្រ បើ​បាន​ពីរ​ម៉ែត្រ​រឹតតែ​ល្អ មិន​ឱ្យធ្វើ​ការ​ជួបជុំ​គ្នា​ជាដើម​។ ពោល​គឺ​គេ​ត្រូវ​តែ​ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ឱ្យ​បាន​ច្រើន តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ បើសិនជា​វិធានការ​រហូត​មក​ដល់​ពេល​នះ មិន​អាច​មាន​ប្រសិទ្ធ​ភាព គ្រប់គ្រាន់​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩​ទេ​នោះ វិធានការ​កាន់តែ​តឹងតែង​អាច​នឹង​ប្រកាស​ចេញ​មក​ដូច​ជា​ការ​បិទ​ផ្សារ ការ​ហាង​ទំនិញ​ធំ​ៗ ឬ​ក៏​ការ​បិទ​ភូមិ ឃុំ ស្រុក ខេត្ត ឬ​ក៏​ឈាន​ដល់​ការ​ដាក់​ប្រទេស​អោយ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​អាសន្ន​។

ខណៈ​ដែល​សម្តេច ស ខេ​ង បា​និយាយ​ពី​លទ្ធភាព​ឈាន​ដល់​ការ​បិទ​ភូមិ​-​ឃុំ បើសិនជា​រក​ឃើញ មានការ​រាលដាល​មេរោគ​កូ​វី​ដ​១៩​ច្រើន សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រលយ​ពាក្យ​ថា ការ​ដាក់​ប្រទេស ក្នុង​ស្ថានភាព​អាសន្ន​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ពិចារណា បើ​ទោះបីជា​ពេល​នេះ វា​មិន​ទាន់​ដល់​ពេល​នឹង​ធ្វើ​ដូច្នេះ​ក្តី​។

ខណៈ​ដែល​ប្រជាជន​កម្ពុជា​ទាំងអស់​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ និង​ការ​ជួបជុំ​ហើយ​នាំ​គ្នា​នៅផ្ទះ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​នោះ យុទ្ធនាការ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​១៩ នឹង​ងាយ​នឹង​ទទួល​យ​ជោគជ័យ​។

រឿង​ដែល​សំខាន់ គឺ​រក​ឱ្យ​ឃើញ​អ្នកមាន​មេរោគ​ទាំងអស់​នៅ​កម្ពុ​យ​ជា​ហើយ​ព្យាបាល ទន្ទឹម​នឹង​ការ​កាត់​ផ្តាច់​ការ​ជួប​គ្នា​រវាង​អ្នកមាន​មេរោគ និង​អ្នក​គ្មាន​មេរោគ​តាម​រយៈ​ការ​ឱ្យ​មនុស្ស​នៅផ្ទះ​។ ដូច្នេះ​ការ​ដេក​ផ្ទះ​នឹង​នាំ​ឱ្យ​ឈ្នះ​កូ​វី​ដ​១៩៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ