រាជធានីភ្នំពេញ ៖ ពិតណាស់ ទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើន គឺតែងតែជួយគ្នាក្នុងពេលគ្រោះអាសន្នណាមួយដែលកំពុងកើតឡើង ។ ហើយពេលខ្លះ ក៏មិនបានគិតពីសុវត្ថិភាពរបស់ខ្លួននោះទេ គឺធ្វើយ៉ាងណា ត្រូវតែជួយមនុស្សដែលកំពុងមានគ្រោះថ្នាក់ឱ្យរួចផុតជីវិតឱ្យបាន ។
ជាក់ស្តែង ករណីឆេះផ្ទះមួយកន្លែងបានឃើញតារាសម្តែងប្រុសម្នាក់ គឺលោកជិន ស៊ីណារ៉ាក់ រួមទាំងបងៗ ជាសមត្ថកិច្ចជាច្រើននាក់ បានចូលទៅជួយគ្រាហ៍ជនរងគ្រោះ ចេញពីអណ្តាតភ្លើងឡើងក្រហមឆ្អៅ ។ ការពិត តារាសម្តែងរូបនេះ គឺជាអធិការរងខណ្ឌទួលគោក ដែលមានឋានៈជាវរសេនីយ៍ទោ ឈ្មោះជិន រតនៈ ។
ជាមួយសកម្មភាពគួរឱ្យចាប់អារម្មណ៍ រួមទាំងមហាជនបានស្គាល់រូបលោកផងនោះ គឺបានថតនូវសកម្មភាពរបស់លោកដែលកំពុងជួយជនរងគ្រោះ មកចែកចាយលើបណ្តាញសង្គម និងបានស្ងើចសរសើរពីទឹកចិត្តសង្គ្រោះរបស់លោកគ្រប់គ្នា ។
សូមរំលឹកថា ផ្ទះលក់អីវ៉ាន់ចាប់ហួយ និងសាំង ព្រមទាំងវេរលុយ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យលោកយាយម្នាក់បាត់បង់ជីវតនៅក្នុងផ្ទះ និងរងរបួសចំនួន៥នាក់ ក្នុងនោះមានក្មេងស្រីម្នាក់ ។ ក្នុងហេតុ ការណ៍អគ្គិភ័យនេះបានឆេះរាលដាលទៅដល់លំនៅឋាននៅក្បែរខាងឆេះរោលៗចំនួន៤ល្វែងផងដែរ។ អគ្គិភ័យខាងលើនេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៥និង១៥នាទីល្ងាចថ្ងៃទី២៥ មីនា ស្ថិតនៅចំណុចផ្ទះល្វែងលេខ៣៥A តាមបណ្តោយផ្លូវលលេខ២២១ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញកូនម្ចាស់ផ្ទះបានចាក់សាំងម៉ូតូឱ្យភ្ញៀវ ហើយដបសាំងបានធ្លាក់ ជាហេតុធ្វើអោយសាំងខ្ទាតទៅប៉ះម៉ាស៊ីនម៉ូតូ ដែលមិនពន្លត់បង្កអោយទៅជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ។ តាមប្រភពព័ត៌មានអោយដឹងទៀតថា ខណៈនោះភ្លើងបានឆាបឆេះពេញបន្ទុក និងមានផ្សែងហុយខ្មួលខ្មាញ់ ដោយតែផ្ទះកើតហេតុខាងលើលក់សាំង និងអីវ៉ាន់ចាយហួយ ព្រមទាំងម៉ូតូ៣គ្រឿង ហើយភ្លើងបានឆេះរាលដាលទៅលំនៅឋាន៤ល្វែងផ្សេងទៀត ដែលនៅជាប់សងខាងនោះ ។
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ